(ភ្នំពេញ)៖ ខុទ្ទកាល័យសម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះ បានចេញសេចក្តីប្រកាសមួយ ដោយស្នើឲ្យសម្ថកិច្ចចាត់ការតាមផ្លូវច្បាប់លើ លោក អាំ ផល្លីន និងលោកស្រី ហ៊ាង គន្ធី ដែលបានយកឈ្មោះថ្នាក់ដឹកនាំ ទៅប្រើប្រាស់។
សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា «ខុទ្ទកាល័យសូមប្រកាសថ្កោលទោស និងបដិសេធ ចំពោះសកម្មភាពរបស់ឈ្មោះ អាំ ផល្លីន និងឈ្មោះ ហ៊ាង គន្ធី ដែលបានយកឈ្មោះថ្នាក់ដឹកនាំទៅប្រើប្រាស់ ក្នុងគ្រប់ទង្វើទុច្ចរិតទាំងឡាយ ដែលនាំឲ្យប៉ះពាល់កិត្តិយសថ្នាក់ដឹកនាំ និងសូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច មេត្តាចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ឲ្យបានតឹងរ៉ឹងបំផុត»។
បើតាមសេចក្តីប្រកាសព័ត៌មាន, អ្នកទាំងពីរ មិនមែនជាទីប្រឹក្សា សម្តេចពញ្ញាចក្រី ហេង សំរិនឡើយ៕