(ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះ នគបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួនស្ត្រីជនជាតិវៀតណាម២នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់ពាក់ព័ន្ធ ករណីបើកហាងម៉ាស្សាផ្តល់សេវា រួមភេទដោយខុសច្បាប់។
តាមការបញ្ជាក់ពីសមត្ថកិច្ចថា ជនសង្ស័យដែលត្រូវបញ្ជូនមកតុលាការ ទី១ឈ្មោះ ង្វ្រៀង ធីអ៊ុក អាយុ៥៨ឆ្នាំ និងទី២ ឈ្មោះ ង្វៀង ធីមាំង អាយុ២៨ឆ្នាំ។
សមត្ដកិច្ចនគបាលបានឲ្យដឹងទៀតថា សំណុំរឿងនេះស្ថិតក្រោមចំណាត់ការរបស់លោកព្រះរាជអាជ្ញារង ស៊ិន វិរៈ ជាតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
គួររំលឹកថា ជនសង្ស័យទាំង ២នាក់ខាងលើត្រូវបាន កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨កន្លងទៅ នៅចំណុចហាងម៉ាស្សាមួយកន្លែង នៅផ្ទះលេខ៧២ E0 ផ្លូវលេខ១២៦ ភូមិ២ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ។
នៅពេលចុះបង្ក្រាបសមត្ថកិច្ចបាន ជួយសង្គ្រោះជនរងគ្រោះ ជាក្មេងស្រីៗ ជនជាតិវៀតណាម ចំនួន ០២នាក់ និងដកបានស្រោមអនាម័យជាច្រើន មានទាំងប្រើរួច និងមិនទាន់ប្រើមួយចំនួនធំ៕