(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមព័ត៌មានទាន់ហេតុការណ៍ (HOTLINE) ជាមួយជនបរទេសប្រចាំនៅកម្ពុជា តំណាងនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០១៨ ជាមួយនាយកដ្ឋានអង្គភាព ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត រួមជាមួយបណ្ដាស្ថានទូតនានាប្រចាំនៅកម្ពុជា។
យោងតាមរបាយការណ៍ត្រីមាសទី១ របស់ក្រុមព័ត៌មានទាន់ហេតុការណ៍ (HOTLINE) ជាមួយជនបរទេសប្រចាំនៅកម្ពុជា បានឲ្យដឹងថា ជនបរទេសរងគ្រោះ មាន១៤១ករណី កើតមានលើ១៨រាជធានីខេត្ត រងគ្រោះ១៨៤នាក់ មាន៣៥សញ្ជាតិ ចំណែកជនបរទេសប្រព្រឹត្តបទល្មើស មាន៥៥ករណី កើតមានលើ ១៣រាជធានីខេត្ត ដោយបានឃាត់ខ្លួនសរុប ១៨៨នាក់មាន២៦សញ្ជាតិ។
ក្នុងកិច្ចប្រជុំនេះ តំណាងពីបណ្ដាស្ថានទូតនានាប្រចាំនៅកម្ពុជា បានចូលរួមប្រជុំស្ដាប់ពីលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០១៨ រួមទាំងពិភាក្សាការងារ និងសំណូមពររបស់បណ្ដាស្ថានទូតនៅកម្ពុជា។ បណ្ដាស្ថានទូតនានាបានសំណូមពរឲ្យក្រុមការងារ ជួយដោះស្រាយបញ្ហានានា ដែលកើតមានឡើង ចំពោះជនជាតិរបស់ខ្លួនឲ្យមានប្រសិទ្ធិភាព និងបន្តដោះស្រាយបញ្ហាដែលនៅសេសសល់ឲ្យបានចប់។
ក្រុមការងារបានសន្យាថា នឹងព្យាយាមដោះស្រាយបញ្ហា ទៅតាមដែនសមត្ថកិច្ចរបស់ខ្លួន ស្របតាមផែនការការរបស់ក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្របទៅតាមនីតិវិធីច្បាប់របស់ប្រទេសកម្ពុជា។
ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាការងារ តំណាងស្ដានទូតប្រចាំនៅកម្ពុជា បានថ្លែងអំណរគុណ ដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ជាពិសេស ក្រុមព័ត៌មានទាន់ហេតុការណ៍ (HOTLINE) ជាមួយជនបរទេសប្រចាំនៅកម្ពុជា ដែលបានយកចិត្តទុកដាក់ការពារ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋខ្លួន និងការការពារសន្តិសុខ សុវត្ថិភាព ជូនវិនិយោគិន ភ្ញៀវទេសចរបរទេស មន្ត្រីការទូត ទីតាំងស្ថានទូត និងនិវេសនដ្ឋានឯកអគ្គរាជទូត-រដ្ឋទូត ដែលមានវត្តមាននៅកម្ពុជា។
នាយឧត្ដមសេនីយ៍ ថោង លីម បានណែនាំដល់នាយកដ្ឋាន អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ជាសមាជិក ត្រូវអនុវត្តតាមផែនការ របស់ក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យមានប្រសិទ្ធិភាពខ្ពស់ ក្នុងការការពារសន្តិសុខជូនវិនិយោគិន និងអ្នកទេសចរណ៍បរទេស ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញ និងលើកទឹកចិត្តវិស័យវិនិយោគ និងទេសចរណ៍នៅកម្ពុជា៕