(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកកិច្ចប្រជុំជាមួយនឹងមន្ដ្រីនគរបាលចំណុះឲ្យនាយកដ្ឋាន ដើម្បីត្រៀមរៀបចំគោលការណ៍ណែនាំ អំពីការងារសណ្តាប់ធ្នាប់ និងការពារការកកស្ទះចរាចរណ៍ នៅក្នុងឱកាសព្រះរាជពិធីបុណ្យ ច្រត់ព្រះនង្គ័ល នៅខេត្ដស្វាយរៀង។
ក្នុងកិច្ចប្រជុំជាមួយនឹងមន្ដ្រីនគរបាល ចំណុះឲ្យនាយកដ្ឋាននគរបាលចរាចរណ៍ខាងលើ ដែលបានរៀបចំធ្វើឡើង នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះ ក៏បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ដើម្បីលើកទិសដៅ ក្នុងការអនុវត្ដបន្ដទៀត ជាមួយគ្នាផងដែរ។
សូមបញ្ជាក់ថា នៅឆ្នាំ២០១៨នេះ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ត្រូវបានធ្វើឡើងនៅក្នុងបរិវេណតារាងបាល់ទាត់ នៃវិទ្យាល័យស្វាយរៀង ស្ថិតនៅភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។
ព្រះរាជពិធីច្រត់ព្រះនង្គ័ល ជាព្រះរាជប្បវេណីដ៏យូរលង់របស់ខ្មែរ ដែលតែងតែធ្វើជារៀងរាល់ឆ្នាំនៅដើមរដូវវស្សា ដើម្បីផ្សងមើលប្រផ្នូលរបស់ស្រុកទេសផង និងដើម្បីផ្សងមើលពីការដាំដុះ និងការបង្កបង្កើនផលកសិកម្មរបស់ប្រជានុរាស្រ្តផង។
ព្រះរាជពិធីនេះ ត្រូវបានអាកខាននៅក្នុងរបបសាធារណរដ្ឋខ្មែរ និងរបបកម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហម ហើយត្រូវបានប្រារព្ធធ្វើជាថ្មីនៅក្នុងរបបរាជាណាចក្រទី២ គឺព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៤ ក្រោយពេលរបបខ្មែរក្រហមត្រូវបានវាយផ្តួលរំលំ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩៕