(ភ្នំពេញ)៖ លោក លីម ហួមីន (Lim Hua Min) អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន PhillipCapital Group ត្រូវបានឧទ្ទេសនាមថាជា អ្នកជំនួញប្រចាំឆ្នាំ នៅក្នុងពិធីជប់លាង ក្នុងប្រទេសសិង្ហបុរី ក្នុងពេលថ្មីៗនេះ ដោយលោកបានទទួលពានរង្វាន់កំពូលនេះក្នុងកម្មវិធី ពានរង្វាន់ពាណិជ្ជកម្មសិង្ហបុរី ដែលជាកម្មវិធីដ៏ល្បីឈ្មោះមួយ។
លោក លីម បានដឹកនាំក្រុមហ៊ុននេះតាំងពីឆ្នាំ១៩៧៥ បន្ទាប់ពីបានប្រើប្រាស់ប្រាក់សន្សំផ្ទាល់ខ្លួន និងប្រាក់កម្ចីពីធនាគារ ក៏ដូចជាដៃគូ ដើម្បីទិញក្រុមហ៊ុនជំនួញកណ្ដាលផ្នែកភាគហ៊ុន ដែលលែងមានសកម្មភាពមួយ ដោយប្រតិបត្តិការពាណិជ្ជកម្មត្រូវបានផ្អាក។
អ្នកជំនួញជើងចាស់រូបនេះ បានធ្វើបដិវដ្ដឧស្សាហកម្មជំនួញកណ្ដាលផ្នែកផ្សារហ៊ុន នៅពេលដែលលោកបានដាក់ចេញនូវមូលដ្ឋានជួញដូរហ៊ុន តាមអ៊ិនធឹណិតដំបូងរបស់ប្រទេសសិង្ហបុរី ឈ្មោះថា POEMS។ ក្នុងរយៈកាលបួនទសវត្សរ៍មកនេះ លោកក៏បានអភិវឌ្ឍក្រុមហ៊ុនពីក្រុមហ៊ុនមានទីផ្សារតែមួយ និងផលិតផលតែមួយ ទៅជាក្រុមហ៊ុនធំក្នុងតំបន់អាស៊ី ដែលមានវត្តមានទូទាំងសកលលោក។
លោកបានកាន់តំណែងជាន់ខ្ពស់ នៅក្នុងទីផ្សារភាគហ៊ុនសិង្ហបុរី (SES) និងធ្លាប់បានធ្វើជាប្រធាន និងជាសមាជិករបស់គណៈកម្មាធិការនានានៃទីផ្សារភាគហ៊ុនសិង្ហបុរី។
លោកលីម ត្រូវបានកោតសរសើរចំពោះភាពតស៊ូ និងភាពរឹងមាំរបស់លោក ដោយគណៈកម្មការវិនិច្ឆ័យនានា ដែលតែងតែនិយាយថា លោកតែងតែព្យាយាម ដើម្បីសម្រេចឲ្យបាននូវលទ្ធផលត្រចះត្រចង់ សម្រាប់អាជីវកម្មរបស់ខ្លួន ដើម្បីធ្វើឲ្យអាជីវកម្មនោះក្លាយជាអាជីវកម្មនាំមុខគេក្នុងវិស័យនេះ។
ក្រុមហ៊ុន PhillipCapital Group ដែលមានទីស្នាក់ការនៅប្រទេសសិង្ហបុរី មានប្រតិបត្តិការនៅក្នុងប្រទេសចំនួន១៧ ទូទាំងពិភពលោក រាប់បញ្ចូលទាំងសហរដ្ឋអាមេរិក ចិន ចក្រភពអង់គ្លេស និងកម្ពុជាផងដែរ ដែលនៅកម្ពុជា ក្រុមហ៊ុននេះជាម្ចាស់របស់ធនាគារ PhillipBank ដែលផ្ដល់សេវាធនាគារពាណិជ្ជ និងសេវាធនាគារទូទៅដល់អតិថិជនកម្ពុជា តាមរយៈសាខាចំនួន ៦ របស់ខ្លួនដែលមានក្នុងរាជធានីភ្នំពេញបច្ចុប្បន្ន។
លោក ហាន ផេង គ័ង នាយកចាត់ការទូទៅរបស់ធនាគារ PhillipBank បានរៀបរាប់ទាក់ទិននឹងពានរង្វាន់ ដែលអគ្គនាយករបស់លោកបានទទួល ថា «ការទទួលស្គាល់មកលើភាពនាំមុខគេ នៃក្រុមហ៊ុនយើងនៅក្នុងផ្នែកសេវាហិរញ្ញវត្ថុ នៅក្នុងតំបន់ទាំងមូល ជាការជំរុញទឹកចិត្តដ៏ខ្លាំងក្លាសម្រាប់យើងទាំងអស់គ្នាដែលបម្រើការនៅធនាគារ PhillipBank នេះ។ ពានរង្វាន់នេះនឹងជំរុញទឹកចិត្ត ឲ្យយើងផ្ដោតលើផែនការដ៏មហិច្ចិតារបស់យើង សម្រាប់ពេលតទៅមុខ ក្នុងប្រទេសកម្ពុជា»។
លោក ហាន បានថ្លែងថា ធនាគារ PhillipBank នឹងពង្រីកប្រតិបត្តិការរបស់ខ្លួនឲ្យបានច្រើនទូទាំងប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ តាមរយៈការធ្វើសមាហរណកម្មបន្ថែមទៀត ជាមួយនឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីត (Kredit) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ ក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំៗបំផុតនៅក្នុងប្រទេសកម្ពុជា។
ធនាគារ PhillipBank គឺជាភាគហ៊ុននិកធំនៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីតមួយក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដែលទទួលប្រាក់បញ្ញើ។ ក្រេឌីត មានបណ្ដាញសាខាចំនួន ៨៣ កន្លែងទូទាំងកម្ពុជា ដោយមានបុគ្គលិកចំនួនជាង ១,០០០នាក់។ បច្ចុប្បន្ន បម្រើដល់អតិថិជនកម្ពុជាចំនួន ១៣០,០០០ រូប ដែលប្រើសេវាប្រាក់បញ្ញើ និងប្រាក់កម្ចី។
លោកបន្ដថា «ការធ្វើសមាហរណកម្មបន្ថែមជាមួយនឹងក្រេឌីត គឺជាផ្នែកមួយនៃចក្ខុវិស័យ រយៈពេលវែងរបស់យើងក្នុងការនាំមកជូននូវ សេវាធនាគារ និងហិរញ្ញវត្ថុ «ដែលល្អបំផុត» ដល់អតិថិជនឲ្យបានកាន់តែច្រើននៅទូទាំងប្រទេសកម្ពុជា ។ ធនាគារយើង ក៏នឹងទាក់ទងទៅកាន់អតិថិជន ជាមួយនឹងផលិតផលថ្មីៗ រួមមានសេវាធានារ៉ាប់រងទូទៅ និងធានារ៉ាប់រងអាយុជីវិត សេវាធនាគារចល័ត និងផលិតផលជាច្រើនផ្សេងទៀត ។ ការធ្វើដូច្នេះ នឹងក្លាយជាទំព័រថ្មីសម្រាប់ធនាគារ PhillipBank នៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងពានរង្វាន់ដែលអគ្គនាយករបស់យើងទទួលបាន ធ្វើឲ្យយើងមានជំនឿកាន់តែខ្លាំងលើបេសកកម្មរបស់យើង»។
កម្មវិធី ពានរង្វាន់ពាណិជ្ជកម្មសិង្ហបុរី (SBA) ដែលបានបង្កើតឡើងនៅឆ្នាំ ១៩៨៥ ត្រូវបានរៀបចំរួមគ្នារវាងសារព័ត៌មាន The Business Times ដែលជាសារព័ត៌មានសេដ្ឋកិច្ចប្រចាំថ្ងៃ បោះពុម្ពផ្សាយដោយក្រុមហ៊ុន Singapore Press Holdings ព្រមជាមួយនឹងក្រុមហ៊ុន DHL ដែលជាក្រុមហ៊ុនឈានមុខគេ នៅលើទីផ្សារពិភពលោកក្នុងឧស្សាហកម្មដឹកជញ្ជូនទំនិញអន្តរជាតិ។ ក្នុងនោះ ក្រុមគណៈកម្មការវិនិច្ឆ័យ មានសមាសភាពមកពីវិស័យពាណិជ្ជកម្ម ទីភ្នាក់ងាររដ្ឋាភិបាល និងសហគមន៍អ្នកសិក្សា ក្នុងប្រទេសសិង្ហបុរី។
ជារៀងរាល់ឆ្នាំ ពានរង្វាន់នេះបានផ្ដល់ជូនដល់សហគមន៍ពាណិជ្ជកម្មសិង្ហបុរី សម្រាប់ចំណាត់ថ្នាក់ចំនួនបួនប្រភេទ គឺពានរង្វាន់ពាណិជ្ជករប្រចាំឆ្នាំ ពាន់រង្វាន់សហគ្រាសសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម ពានរង្វាន់នាយកប្រតិបត្តិឆ្នើមប្រចាំឆ្នាំ និងនាយកប្រតិបត្តិឆ្នើមប្រចាំឆ្នាំនៅក្រៅប្រទេស ៕