(ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង អភិបាលខេត្តប៉ៃលិនថ្មី ដោយលោក ផាន់ ចាន់ធុល អភិបាលរងខេត្តឡើងជំនួសលោក កើត សុធា ត្រូវចូលនិវត្តន៍ ហើយតែងតាំងជាទីប្រឹក្សាក្រសួងមហាផ្ទៃ។
នៅក្នុងឱកាសនោះ សម្តេចក្រឡាហោម បានណែនាំដល់អភិបាលខេត្តថ្មី ត្រូវខិតខំទប់ស្កាត់ លុបបំបាត់រាល់បាតុភាពអសកម្មនានាទាំងឡាយ ដែលធ្វើឲ្យប៉ះពាល់ បង្កការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ និងជំរុញការផ្ដល់សេវាសាធារណៈ សេវាសង្គមឲ្យកាន់តែជិតនឹងប្រជាពលរដ្ឋ ចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅសុខមាលភាព ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់រៀបចំកសាង និងអភិវឌ្ឍន៍លើវិស័យនានាក្នុងខេត្ត។
សម្ដេចក្រឡាហោម ស ខេង ក៏បានបញ្ជាក់ផងដែរថា «ការផ្លាស់ប្ដូរ ឬតែងតាំង សម្រួលភារកិច្ច គឺជារឿងធម្មតាសម្រាប់ក្របខ័ណ្ឌមន្ត្រីរាជការ របស់រាជរដ្ឋាភិបាល ដូចដែលការតែងតាំង អភិបាលខេត្ត»។ សម្ដេចក្រឡាហោម បានបន្តថា ចំពោះគុណបំណាច់ក្នុងការកសាងស្នាដៃនានា បើទោះបីជាបានផ្លាស់ប្ដូរទៅកាន់មុខងារថ្មី ក៏នៅតែចាត់ទុកថា បានជួយកសាង និងអភិវឌ្ឍន៍ក្នុងខេត្តដែលនាំឲ្យរាស្ត្រពេញចិត្ត និងទទួលយកផងដែរ។
សម្តេចក្រឡាហោម បានសង្កត់ធ្ងន់ថា ការតែងតាំងមន្ត្រីថ្នាក់ក្រោមជាតិ ត្រូវបានមើលទាំងអាកប្បកិរិយា ចរិតឫក្សពារ ឲ្យសមតាមឆន្ទៈសមូហភាពមូលដ្ឋានជាចម្បង ហើយបើគ្មានចំណុចខាងលើនេះទេ ការដឹកនាំមិនអាចទៅរួចឡើយ។ សម្តេចជឿជាក់ថា អភិបាលខេត្តដែលត្រូវឡើងកាន់តំណែងបន្តវេណពិតជាអាចដឹកនាំខេត្តប៉ៃលិនបាន និងប្រកបដោយភាពរីកចម្រើន អភិវឌ្ឍន៍ដូចការប្ដេជ្ញាចិត្ត។
សម្តេច ស ខេង ក៏បានផ្តាំផ្ញើ លោកអភិបាលខេត្តថ្មី ត្រូវខិតខំបន្តថែរក្សាការពារ ពង្រឹងសុខសន្តិភាព អធិបតេយ្យភាព ស្ថេរភាពនយោបាយឲ្យបានល្អ ហើយខិតខំបន្តកសាងអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនឲ្យកាន់តែរីកចំរើនបន្ថែមទៀត និងត្រូវពង្រឹងដល់មន្ត្រីរាជការនៅក្នុងខេត្តនូវការទទួលខុសត្រូវ ការគោរពវិន័យ ក្រមសីលធម៌វិជ្ជាជីវៈឲ្យសក្តិសមជាមន្ត្រីដែលជាអ្នកបម្រើរាស្ត្រពិតប្រាកដ។ ពិសេសការរៀបចំកែលម្អសោភ័ណភាពទីក្រុង និងទីប្រជុំជន ក្នុងការចូលរួមប្រឡងប្រណាំងទីក្រុងស្អាត ធានាបាននូវបរិស្ថានល្អ ប្រកបដោយសក្ដានុពល សេដ្ឋកិច្ចសង្គម លើកកម្ពស់គុណភាពជីវភាពរស់នៅប្រកបដោយវិបុលភាព ផាសុកភាព សុខមាលភាព ជូនប្រជាជនទូទាំងខេត្ត និងជំរុញការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីបន្តរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម រក្សាស្ថិរភាពនយោបាយ និងភាពសុខដុមនីយកម្មជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើងថែមទៀត។
បន្ថែមពីនោះដែរ សម្តេចក្រឡាហោម ក៏បានណែនាំដល់គណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវខិតខំចូលរួមថែរក្សាការពារសណ្តាប់ធ្នាប់ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលនឹងប្រព្រឹត្តទៅនាខែកក្កដាខាងមុខនេះ ឲ្យដំណើរការប្រកបដោយសេរី យុត្តិធម៌ ត្រឹមត្រូវ និងមានតម្លាភាព។
លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនថ្មី បានធ្វើការប្ដេជ្ញាចិត្តថា ខិតខំអនុវត្តឲ្យបានម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ គោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្តិជាធរមាន និងគោលការណ៍ណែនាំ នានារបស់រាជរដ្ឋាភិបាល ដែលបានដាក់ចុះឲ្យមានប្រសិទ្ធភាពខ្ពស់។ ប្ដេជ្ញាគោរពគាំទ្រ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវកម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាល របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
លោកអភិបាលបានបញ្ជាក់ជំហរថា ពង្រឹងថែរក្សាស្មារតីសាមគ្គីឯកភាពផ្ទៃក្នុង ជួរគណៈអភិបាល បង្កើតទំនាក់ទំនងល្អជាមួយក្រុមប្រឹក្សា រួមទាំងក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ អង្គការដៃគូអភិវឌ្ឍ ដើម្បីធានាឲ្យរដ្ឋបាលខេត្តអនុវត្តមានភាពរលូន ពង្រឹងការគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ ការគ្រប់គ្រងស្ថិតិជនអន្តោប្រវេសន៍ ដែលមកស្នាក់នៅដោយខុសច្បាប់ ជាពិសេសជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ជូនប្រជាពលរដ្ឋផងដែរ៕