(ភ្នំពេញ)៖ ប្រជាពលរដ្ឋដលជាអ្នកប្រកបមុខរបរលក់ដូរមុខផ្ទះ និងធ្វើអាជីវកម្មផ្សេងៗ តាមបណ្តោយសងខាងផ្លូវជាតិលេខ១ ក្នុងភូមិសាស្រ្តខណ្ឌច្បារអំពៅ បានមកសិក្សាស្វែងយល់ ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការលើកកំពស់សមត្ថភាពយល់ដឹង ពីដីចំណីផ្លូវនៅកំណាត់ផ្លូវជាតិលេខ១ ដំណាក់កាលទី៤ ដែលបានរៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន និង សាលារាជធានីភ្នំពេញ គាំទ្រដោយអង្គការ JICA នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះ។
នៅក្នុងការធ្វើបទបង្ហាញ អំពីច្បាប់បទប្បញត្តិ មុខងារ និងការប្រើប្រាស់ដីចំណីផ្លូវថ្នល់, មន្រ្តីការិយាល័យគ្រប់គ្រងដីចំណីផ្លូវថ្នល់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា បន្ទាប់ពីកំណាត់ផ្លូវជាតិលេខ១ បានស្ថាបនារួច គេសង្កេតឃើញថា ហាក់ដូចជា មានភាពអាណាធិបតេយ្យ តាមសងខាងផ្លូវ ដោយសារប្រជាពលរដ្ឋភាគច្រើន ដែលមានលំនៅដ្ឋានសងខាងផ្លូវ បានយកដីចំណីផ្លូវរបស់រដ្ឋមកចាក់ដីលប់ និងសាង់សង់តូបលក់ដូរ និងធ្វើអាជីវកម្មផ្សេងៗ ដែលធ្វើឲ្យប៉ះពាល់សោភ័ណ្ឌភាពផ្លូវ និងសណ្តាប់ធ្នាប់សាធារណៈ។
មន្រ្តីជំនាញរូបនោះបានពន្យល់ថា ដីចំណីផ្លូវ គឺសំដៅដល់ដីនៅសងខាងខ្សែបន្ទាត់ ផ្ចិតនៃផ្លូវថ្នល់ ព្រមទាំងទំហំចំណីផ្លូវថ្នល់ ទុកបំរុងសំរាប់ការគ្រប់គ្រង ការអភិវឌ្ឍន៍ និងការការពារផ្លូវថ្នល់ ធានាសុវត្ថិភាពចរាចរណ៍ និងសំរាប់ការប្រើប្រាស់ បំរើឲ្យការងារហេដ្ឋារចនាសម័្ពន្ធរូបវ័ន្តផ្សេងៗទៀត ដែលបានកំណត់ដោយខ្សែ បន្ទាត់ព្រំដីចំណីផ្លូវ។
នៅក្នុងមាត្រា៣២ នៃច្បាប់ស្តីពីផ្លូវថ្នល់ បានលើកឡើងថា ការជីកកប់ ការជីកគាស់ ការចោះឃួង ឬសកម្មភាពផ្សេងទៀត សំរាប់បំរើការងារអាជីវកម្ម ដែលអាចបង្កអោយខូចខាតនិង ប៉ះពាល់តួផ្លូវ ទ្រូងផ្លូវ ជាយ ឬចិញ្ចើមផ្លូវ ដីចំណីផ្លូវ និងការតម្លើងផ្ទាំងផ្សាយពាណិជ្ជកម្ម ឬការលើកតាំងបង្ហាញប៉ាណូផ្សេងៗ នៅតាមដងផ្លូវ ឬដីចំណីផ្លូវ ត្រូវមានការអនុញ្ញាត ជាលាយលក័្ខអក្សរ ពីសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់។
អ្នកអនុវត្តកាងារ ត្រូវចាត់វិធានការណ៍សណ្តាប់ធ្នាប់ សំរួលចរាចរណ៍ ការពារនឹងឧបទ្ទវហេតុផ្សេងៗដែលកើតមានឡើងជាយថាហេតុ ការពារបរិស្ថានឲ្យបានត្រឹមត្រូវ និងត្រូវគោរពតាមការណែនាំរបស់ សមត្ថកិច្ចជំនាញ។ អ្នកអនុវត្តការងារ ដូចមានចែងក្នុងកថា ខណ្ឌខាងលើ បន្ទាប់ពីបញ្ចប់ការងាររបស់ខ្លួន ត្រូវធានាប្រក្រតីភាពផ្លូវថ្នល់ អោយមានស្ថានភាពដូចដើមវិញ។
លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានលើកឡើងថា កន្លងមកនេះ បន្ទាប់ពីកំណាត់ផ្លូវជាតិលេខ១ តំណាក់កាលទី៤ បានស្ថាបនារួច, រដ្ឋបាលខណ្ឌ តែងតែចុះរៀបចំសណ្តាប់ធ្នាប់ និង ពន្យល់ប្រជាពលរដ្ឋដែលប្រកបរបរលក់ដូរតាមមុខផ្ទះនិមួយៗ ជាប់ជាប្រចាំទាក់ទងទៅនឹងសណ្តាប់ធ្នាប់សាធារណៈនេះ។
ជាមួយគ្នានេះ លោកអភិបាលខណ្ឌ បានណែនាំដល់ប្រជាពលរដ្ឋ ចូលរួមគោរពអោយបានតាមការណែនាំរបស់អាជ្ញាធរ ដោយមិនត្រូវចិញ្ចើមផ្លូវ ឬ ផ្លូវថ្មើរជើង ទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនឡើយ៕