(ភ្នំពេញ)៖ ក្រុមហ៊ុន Star Auto Cambodia ដែលជាក្រុមហ៊ុននាំចូលផ្ដាច់មុខនូវរថយន្តម៉ាក Mecerdes-Benz បានដឹកនាំក្រុមអ្នកសារព័ត៌មាន Fresh News និង Thmey Thmey ធ្វើដំណើរទៅប្រទេសម៉ាឡេស៊ី ដើម្បីប្រមូលយកបទពិសោធន៍ថ្មីៗពីការសាកល្បងរថយន្ត Mecerdes-Benz ស៊េរីទំនើបៗ ដែលនេះជាព្រឹត្តិការណ៍ធំ នៅពេលក្រុមហ៊ុនផលិតរថយន្ត Mercedes-Benz ចេញលក់ម៉ូដែលថ្មីរបស់ខ្លួន។
ក្រុមប្រតិបត្តិការចម្រុះនេះ បានចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែមេសា ជាមួយនឹងការបង្ហាញរូបភាពរថយន្តម៉ាក Mecerdes-Benz ដ៏ទំនើបៗរលើបរលោងចាំងភ្នែកគួរជាទីទាក់ទាញ។ ក្រុមការងារនឹងត្រលប់មកកម្ពុជាវិញ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨។
លោក ឃុន ចាន់ថា នាយកគ្រប់គ្រងផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុន Star Auto Cambodia បានបញ្ជាក់ថា មូលហេតុដែលក្រុមហ៊ុនផលិតរថយន្ត Mecerdes-Benz ជ្រើសរើសប្រទេសម៉ាឡេស៊ី ជាកន្លែងបើកសាកល្បងរថយន្តរបស់ខ្លួននោះ គឺដោយសារប៉ុន្មានឆ្នាំមុន ក្រុមហ៊ុន Mecerdes-Benz បានកំណត់ថា ម៉ាឡេស៊ី ជាប្រទេសមួយដែលមានទីតាំងប្រណាំងរថយន្តធំជាងគេនៅតំបន់អាស៊ី ពីព្រោះការបើកបរសាកល្បងរថយន្តប្រណីតៗរបស់ Mecerdes-Benz ដែលមានកម្លាំងមាស៊ីនខ្លាំងក្លានោះ ទាមទារឲ្យមានទីតាំងធំទូលាយ និងសមស្រប ដើម្បីឲ្យអ្នកបើកបរអាចប្រើឲ្យអស់លទ្ធភាព ក្នុងការបើកសាកល្បងរថយន្ត Mecerdes-Benz នេះ បង្ហាញពីសក្ដានុពលដ៏អស្ចារ្យរបស់ Mecerdes-Benz ប្រាប់ទៅទស្សនិកជន និងអតិថិជនរថយន្ត Mecerdes-Benz។
លោក ឃុន ចាន់ថា ក៏ចង់ឲ្យកម្ពុជា ជាប្រទេសដែលមានទីតាំងប្រណាំង និងសាកល្បងរថយន្តធំមួយផងដែរ ដើម្បីបង្ហាញពីសក្ដានុពលបច្ចេកវិទ្យារថយន្ត ពិសេសរថយន្ត Mecerdes-Benz ខណៈកម្ពុជាកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាពលរដ្ឋមានចំណូលមធ្យមក៏កំពុងកើនឡើង ហើយមានលទ្ធភាពប្រើប្រាស់រថយន្តទំនើបៗ ពីព្រោះថា ប្រសិនបើកម្ពុជាមានទីតាំងសមស្របដូចម៉ាឡេស៊ី ក្រុមហ៊ុន Mecerdes-Benz នឹងជ្រើសរើសកម្ពុជាធ្វើជាទីតាំងសាកល្បងរថយន្ត Mecerdes-Benz របស់ខ្លួនជាក់ជាមិនខាន។
លោកនាយកបានបន្តថា ព្រឹត្តិការណ៍ធំក្នុងឆ្នាំ២០១៨នេះ មិនត្រឹមតែចូលរួមដោយតំណាងក្រុមហ៊ុន Star Auto Cambodia រួមជាមួយក្រុមអ្នកសារព័ត៌មាន Fresh News និង Thmey Thmey របស់កម្ពុជាប៉ុណ្ណោះទេ ក៏មានតំណាងក្រុមហ៊ុននាំចូលរថយន្ត Mecerdes-Benz និងក្រុមអ្នកសារព័ត៌មានតាមប្រទេសមួយចំនួនទៀតផងដែរ ពោលព្រឹត្តិការណ៍ដ៏ឱឡារិកនេះ ក៏ជាជំនួបរួមគ្នារវាងក្រុមហ៊ុននាំចូលរថយន្តម៉ាក Mecerdes-Benz និងអ្នកសារព័ត៌មានអន្តរប្រទេសផងដែរ ដើម្បីប្រមូលយកបទពិសោធន៍ពីការសាកល្បងរថយន្ត Mecerdes-Benz ហើយផ្សព្វផ្សាយសក្ខីភាពជាក់ស្ដែងទាំងនោះ បង្ហាញជូនទស្សនិកជន អតិថិជន ក៏ដូចជាអ្នកប្រើប្រាស់រថយន្ត Mecerdes-Benz ជាដើម ឲ្យបានឃើញច្បាស់ និងយល់ដឹងបន្ថែមទៀត។
សូមជម្រាបជាថ្មីថា ក្រុមហ៊ុនស្ដារអូតូ ខេមបូឌា (Star Auto Cambodia) ជាក្រុមហ៊ុនដ៏ធំឈានមុខគេមួយរបស់កម្ពុជា ក្នុងការនាំចូលផ្ដាច់មុខនូវរថយន្តទំនើបៗប្រណីតៗម៉ាក Mecerdes-Benz នៅកម្ពុជា និងប្រទេសអាស៊ីអាគ្នេយ៍ដទៃទៀត៕