(ស្វាយរៀង)៖ អតីតយុទ្ធជននៅក្រុងស្វាយរៀង និងស្រុករំដួល ខេត្តស្វាយរៀង ជាង៨០០នាក់ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះ ត្រូវបានបំពាក់មេដាយការពារជាតិជូន ពីសំណាក់នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តស្វាយរៀង និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។
ក្នុងឱកាសអញ្ជើញអមដំណើរលោកស្រីឧបនាយករដ្ឋមន្រ្តី ក្នុងពិធីជួបសំណេះ សំណាល និងបំពាក់មេដាយការពារជាតិជូនអតីតយុទ្ធជនមកពីក្រុងស្វាយរៀង និងស្រុករំដួល សរុប៨៥៤នាក់នោះ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានរាយការណ៍ជូនពីកិច្ចខិតខំយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ដែលបានជំរុញយន្តការសមាគម មានដំណើរការល្អប្រសើរ ពិសេសរយៈពេលជាង២ឆ្នាំ ចុងក្រោយនេះ សមាគមខេត្តស្វាយរៀង សម្រេចបានលទ្ធផល គួរកត់សំគាល់ ជាអាទិ៍៖
*ការបើកផ្តល់ប្រាក់មរណសង្រ្គោះ បានទាន់ចំថ្ងៃបុណ្យសពសមាជិក
*ការផ្សារភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយសមាជិកទាំងអស់ តាមក្រុងស្រុកទូទាំងខេត្ត
*ការគិតគូរសាងសង់ផ្ទះជូនអតីតយុទ្ធជនលំបាកខ្វះខាត
*ការរៀបចំសហគមន៍អតីតយុទ្ធជន
*ការពង្រឹងការគ្រប់គ្រងស្ថានភាពជីវភាពសមាជិក នៅមូលដ្នាន ឃុំ ភូមិ តាមរយៈការរៀបចំសៀវភៅបញ្ជីគ្រប់គ្រងឲ្យបានច្បាស់លាស់ -។ល។ និង។ល។ ដែលរួមចំណែកយ៉ាងសំខាន់ ដល់ការអនុវត្តន៍គោលនយោបាយជាតិ សំរាប់អតីតយុទ្ធជន របស់រាជរដ្ឋាភិបាលកម្ពុជា។
នាយឧត្តមសេនីយ កិត្តិសង្គហបណ្ឌិតឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ក្នុងនាមសម្តេចតេជោ បានកោតសរសើរ ចំពោះការខិតខំរបស់នាយឧត្តមសេនីយ គន់ គីម ដែលបានដឹកនាំសមាគមនៅគ្រប់ថ្នាក់ សហការ បំពេញភារកិច្ចដោយស្ម័គ្រចិត្ត មិនគិតពីការនឿយហត់ ធ្វើឲ្យសមាគមផ្សារភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយសមាជិកនៅមូលដ្ឋាន។
លោកស្រីបណ្ឌិត បានពាំនាំការផ្ដើមផ្ញើសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីទំាងមូល ដោយលោកស្រី បានលើកឡើងអំពីគម្រូវីរភាពរបស់សម្តេចទាំងទ្វេរ ដែលជានិច្ចជាកាល តែងតែគិតគូរដល់សុខទុក្ខអតីតយុទ្ធជនរបស់យើងទាំងអស់គ្នា ដែលឆ្លុះបញ្ចាំងតាមរយៈការគិតគូរអំពីរបបសន្ដិសុខសង្គមប្រចាំខែ ជូនអតីតយុទ្ធជន គិតគូរពីការបាត់បង់សមត្ថភាពការងារ និងពិការភាព និងការគិតគូរអំពីប្រសិទ្ធភាព នៃនីតិវិធីផ្ដល់ប្រាក់របប ឧបត្ថម្ភផ្សេងៗ ឱ្យបានឆាប់រហ័សប្រកបដោយតម្លាភាព សំដៅលើកកំពស់ជីវភាពបងប្អូន អតីតយុទ្ធជនឱ្យកាន់តែល្អប្រសើរឡើង ក៏ដូចជា ការលើកទឹកចិត្តដល់អតីតយុទ្ធជនទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការការពារបូរណភាពទឹកដី និងការពារប្រជាជនកម្ពុជា។
ការបំពាក់មេដាយការពារជាតិជូនអតីយុទ្ធជនកម្ពុជាទាំងនេះ កាន់តែបង្ហាញច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ជានាយករដ្ឋមន្រ្ដី និងប្រធានសមាគមអតីយុទ្ធជនកម្ពុជា មិនដែលបំភ្លេចគុណបំណាច់របស់បងប្អូនអតីតយុទ្ធជនទាំងអស់ ដែលបានលះបង់ពេលវេលា សេចក្ដីសុខ សុភមង្គលផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដើម្បីបុព្វហេតុរំដោះជាតិ និងប្រជាជនឱ្យមានសុខសន្ដិភាព និងការអភិវឌ្ឍន៍។ សន្ដិភាពដែលនាំឱ្យកម្ពុជា មានការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ គឺជាស្នាដៃដ៏ធំធេងរបស់យុទ្ធជនយើង ដែលគុណូបការៈនេះយើងម្នាក់ៗ មិនអាចបំភ្លេចបានទេ។
លោកស្រី នាយឧត្តមសេនីយកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានណែនាំ ដល់លោកមេឃុំ ចៅសង្កាត់ ជាប្រធានកិត្តិយស និងលោកប្រធានប៉ុស្តិ៍រដ្ឋបាលជាប្រធានសាខាសមាគមឃុំ សង្កាត់ ទាំងអស់ ត្រូវបន្តធ្វើអំពើល្អ និងសហការផ្តល់អាទិភាព ជួយដល់អតីតយុទ្ធជន និងគ្រួសារក្នុងមូលដ្ឋានខ្លួននីមួយៗឲ្យទទួលបាននូវសេវាសាធារណៈ នានាដូចជា ការទទួលបាន នូវជំនួយសង្រ្គោះបន្ទាន់ ការផ្តល់ដីសម្បទានសង្គមកិច្ច ការស្តារលទ្ធភាពពលកម្ម កាយសម្បទា ការបណ្តុះបណ្តាល មុខជំនាញវិជ្ជាជីវៈ និងការចូលរួមសកម្មភាពអភិវឌ្ឍន៍សហគមន៍ជាដើម។ ដាច់ខាត មិនត្រូវទុកឲ្យអតីតយុទ្ធជន និងគ្រួសារជួបទុក្ខលំបាក ដោយសមាគមមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ។
សូមបញ្ជាក់ថា អតីតយុទ្ធជនក្រុងស្វាយរៀង និងស្រុករំដួល ដែលមកចូលរួម នៅព្រឹកថ្ងៃនេះ ត្រូវទទួលបានមេដាយថ្នាក់មាសចំនួន៣គ្រឿងរួមមាន៖ ថ្នាក់ប្រាក់២២៣គ្រឿង និងថ្នាក់សំរិទ្ធ៦២៨គ្រឿង៕