(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ បានដឹកនាំគណៈប្រតិភូចូលរួម កិច្ចប្រជុំក្រុមប្រឹក្សា សហគមន៍ សេដ្ឋកិច្ចអាស៊ានលើកទី១៦ (16th AEC Council Meeting) ដែលរៀបចំឡើងនៅសណ្ឋាគារ Shangri-La រដ្ឋធានីសិង្ហបុរី ក្នុងគោលបំណងពិនិត្យមើលឡើងវិញនូវវឌ្ឍនភាពការងារ និងបញ្ហាប្រឈមផ្សេងៗ ទាក់ទងការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្រិតតំបន់ និងពិភពលោក។
កិច្ចប្រជុំនេះ ដឹកនាំលោក Lim Hng Kiang រដ្ឋមន្រ្តីពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី និងមានការចូលរួមពីសំណាក់រដ្ឋមន្រ្តីសេដ្ឋកិច្ច នៃបណ្តាប្រទេសអាស៊ាន រួមជាមួយគណៈប្រតិភូជាសមាជិក ព្រមទាំងអគ្គលេខាធិការអាស៊ាន និងមន្រ្តីលេខាធិការដ្ឋានអាស៊ាន។
នៅក្នុងឱកាសនោះ លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានធ្វើបទអន្តរាគមន៍ទាក់ទង និងកិច្ចព្រមព្រៀងពាណិជ្ជកម្មអេឡិចត្រូនិកអាស៊ាន និងបដិវត្តន៍ឧស្សាហកម្ម ៤.០ ព្រមទាំងបានផ្តល់អនុសាសន៍មួយចំនួន ជូនអង្គប្រជុំ ដើម្បីឲ្យអាស៊ានអាចទាញយកអត្ថប្រយោជន៍អតិបរមាពីកិច្ចព្រមព្រៀងនេះ ស្របពេលដែលបដិវត្តន៍បច្ចេកវិទ្យា កំពុងតែរីកចម្រើនខ្លាំង។
ក្រៅពីបទអន្តរាគមន៍របស់លោករដ្ឋមន្ត្រី កិច្ចប្រជុំបានបង្ហាញឡើងវិញអំពីសមិទ្ធិផលសេដ្ឋកិច្ចជាអាទិភាពឆ្នាំ២០១៨ របស់ប្រទេសសិង្ហបុរី នៅក្រោមប្រធានបទ «Resilient and Innovative» ដែលផ្តោតសំខាន់លើ៖
ទី១៖ ការជំរុញនវានុវត្តន៍ និងពាណិជ្ជកម្មអេឡិចត្រូនិក
ទី២៖ ការធ្វើឲ្យប្រសើរឡើងនូវកិច្ចសម្រួលពាណិជ្ជកម្មអាស៊ាន
ទី៣៖ ការធ្វើឲ្យកាន់តែស៊ីជម្រៅនូវសមាហរណកម្មផ្នែកសេវាកម្ម និងវិនិយោគ
ទី៤៖ ការបង្កើតបរិស្ថានអនុវត្តបទប្បញ្ញត្តិមានលក្ខណៈអំណោយផល
ទី៥៖ ការបន្តវឌ្ឍនភាពទំនាក់ទំនងជាមួយបណ្តាប្រទេសជាដៃគូអាស៊ាន។
លើសពីនេះ អង្គប្រជុំក៏បានពិភាក្សាអំពីប្រធានបទទាក់ទងនឹងពាណិជ្ជកម្មអេឡិចត្រូនិក វិធានការមិនមែនពន្ធ និងពាណិជ្ជកម្មសេវាកម្ម។ បន្ថែមលើនេះ អង្គប្រជុំក៏បានស្តាប់របាយការណ៍ វឌ្ឍនភាពអំពីការសិក្សាវាយតម្លៃលើបដិវត្តន៍ឧស្សាហកម្ម៤.០ (4th Industrial Resolution) និងបានពិភាក្សាអំពីវិស័យថ្មីៗសម្រាប់ដាក់បញ្ចូលទៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនាពេលអនាគត និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយតំបន់ (RCEP) ដែលតម្រូវឲ្យមានការផ្តល់ការណែនាំពីរដ្ឋមន្ត្រីក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន៕