(ស្វាយរៀង)៖ នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយដ្ឋានបុគ្គលិក តំណាងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្កិ គ្រឿងឥស្សរិយយស និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរជូនមន្ត្រីនគរបាលជាតិ នៃស្នងការនគរបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨។ ក្នុងនោះស្នងការរងនគរបាលចំនួន៣រូប ត្រូវបានប្រកាសឲ្យចូលនិវត្តន៍ និងប្រកាសតែងតាំងស្នងការរង៤រូបទៀត ចូលកាន់មុខតំណែងនៅព្រឹកនេះផងដែរ។
នាយឧត្តមសេនីយ៍ ប៉ែន វិបុល បានថ្លែងនូវការផ្តាំផ្ញើរសាកសួរសុខពីសំណាក់សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជូនមន្ត្រីនគរបាលទាំងអស់នៅខេត្តស្វាយរៀង។
នាយឧត្តមសេនីយ៍ បានថ្លែងបន្តទៀត ជាការធម្មតាទេសំរាប់មន្ត្រីនគរបាលជាតិយើង ដែលដល់អាយុដាក់ឲ្យចូលនិវត្តន៍ ដើម្បីដាក់ឲ្យមន្ត្រីនគរបាលជំនាន់ក្រោយ កាន់នូវមុខតំណែង ឬជាមន្ត្រីនគរបាលម្តងនោះ ទោះបីចូលនិវត្តន៍ក៏ពិតមែន តែរាជរដ្ឋាភិបាលនៅតែគិតគូរជានិច្ច ចំពោះជីវភាពរស់នៅមិនឲ្យមន្ត្រីចូលនិវត្តន៍ណាម្នាក់ឯកោនោះទេ។
ចំណែកមន្ត្រីនគរបាល ដែលចូលកាន់មុខតំណែងថ្មី ត្រូវខិតខំយកចិត្តទុកដាក់បំពេញការងារឲ្យបានល្អប្រសើរបន្ថែមទៀត និងទទួលយកបទពិសោធន៍ល្អៗ ពីរៀមច្បងដែលចូលនិវត្តន៍មកអនុវត្តន៍ការងារផងដែរ។
សូមបញ្ជាក់ថា ស្នងការរងនគរបាលខេត្តស្វាយរៀង ដែលដាក់ឲ្យចូលនិវត្តន៍រួមមាន៖ ទី១-លោកឧត្តមសេនីយ៍ត្រី ណុប គឹមហេង, ទី២-ឧត្តមសេនីយ៍ត្រី ហែម សាបាន និងទី៣ ឧត្តមសេនីយ៍ត្រី ឡឹក ចំរើន។ ចំណែកនាយនគរបាលដែលត្រូវប្រកាសជាស្នងការរងនគរបាលខេត្តថ្មីចំនួន៤រូបរួមមាន៖ ទី១-លោកវរសេនីយ៍ឯក កែវ សុថា, ទី២ លោកវរសេនីយ៍ទោ ម៉ែន កល្យាន ទី៣វរសេនីយ៍ត្រី ហូ សុងរចនា និងទី៤ លោកឧត្តមសេនីយ៍ត្រី ប្រាក់ សុជាតិ៕