(រតនគិរី)៖ ក្រុមអាជីវករដែលលក់ដូរនៅផ្សារបានលុង អស់រយៈពេល៦ឆ្នាំមកហើយ ប៉ុន្ដែពេលនេះបានរអ៊ូរទាំរឿងបញ្ហាសំរាមកំពុងតែស្អុយគដូចភ្នំ ខណៈដែលពួកគាត់អះអាងថា បញ្ហានេះកើតឡើងដោយសារ ក្រុមហ៊ុនប្រមូលសំរាម មានទំនាស់ផ្ទៃក្នុង ជាមួយភាគីខាងម្ចាស់ផ្សារ ទើបរៀងរាល់បុណ្យជាតិសំខាន់ម្តងៗ បណ្តែតបណ្តោយឲ្យមានគំនរបែបនេះ។
ក្រុមអាជីវករបន្តថា ពួកគាត់បានបង់ថ្លៃភាស៊ីជូនផ្សារជាប្រចាំ ដូច្នេះសូមសំណូមពរដល់អាជ្ញាធរខេត្ត ក្រុង និងស្ថាបនពាក់ព័ន្ធ សូមមេត្តាមានវិធានការណ៍ផ្លូវច្បាប់ ឬដំណោះស្រាយណាមួយ ដើម្បីជួយពន្លឿនដល់ក្រុមហ៊ុនពាក់ព័ន្ធ ជួយមកយកសំរាមដែលស្អុយរលួយទាំងនេះ ចេញពីទីតាំងមុខផ្សារឲ្យបានឆាប់រហ័សផង ព្រោះពួកគាត់ស្ទើរតែទ្រាំទ្រពុំបាននូវក្លិនដ៏ស្អុយគគ្រុកពីគំនរសំរាម។
ជាពិសេស នៅពេលមេឃធ្លាក់ភ្លៀងម្តងៗ ក្លិនស្អុយចេញពីសំរាមទាំងនេះ វាបានជះឥទ្ធិពល និងសោភ័ណ្ឌភាពមិនល្អដល់សង្គម ក៏ដូចជាប៉ះពាល់ដល់ភ្ញៀវជាតិ និងអន្តរជាតិ ហើយក៏ប៉ះពាល់ដល់សុខភាពរបស់អាជីវករ ដែលប្រកបរបរលក់ដូរជាប្រចាំនៅទីនេះ។
ទាក់ទងទៅហ្នឹងបញ្ហាសំរាមនេះដែរ លោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តរតនគិរីថា បញ្ហាសំរាមនេះ ពិតជាប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន សោភ័ណ្ឌភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋ។ ជាក់ស្ដែងកាលពីថ្ងៃទី១៨ ខែមេសាកន្លងទៅនេះ បន្ទាប់ពីបញ្ចប់ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ មន្ទីរបរិស្ថានខេត្ត បានសហការជាមួយ អាជ្ញាធរក្រុងបានលុង ដឹកសំរាមចេញពីផ្សារបានលុង ម្ដងលើករួចមកហើយ ដែលមានសំរាមដឹកចេញ១៧ឡាន។
អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្ត លោក ញ៉ែម សំអឿន បានបន្ថែមថា អាជ្ញាធរខេត្តរតនគិរី នឹងកោះហៅភាគីពាក់ព័ន្ធ ប្រជុំដោះស្រាយបញ្ហាសំរាម រវាងក្រុមហ៊ុនដឹកសំរាម ជា គួង និងក្រុមហ៊ុន ហេង តារា ម្ចាស់អាជីវកម្មផ្សារបានលុង ដែលមានទំនាស់គ្នាជាយូរមកហើយ ឲ្យបានឆាប់ក្នុងពេលខាងមុខនេះ។
គួរបញ្ជាក់ផងដែរ ទំនាស់រវាងក្រុមហ៊ុនប្រមូលសំរាម និងក្រុមហ៊ុន ហេង ដារ៉ា កន្លងមកថ្មីៗនេះ សាលាដំបូងខេត្តរតនគិរី បានចេញសាលក្រមបង្គាប់ឲ្យលោក សា លាង នាយកក្រុមហ៊ុន ហេង ដារ៉ា សងក្រុមហ៊ុនប្រមូលសំរាម ជា គង់ ជិត១០០លានរៀល និងសងជំងឺចិត្ត៤ម៉ឺនដុល្លារផងដែរ តែនៅបញ្ហាប្រឈមដដែល ពោលគឺទុក្ខលំបាកក្រុមអាជីវករតែម្តង ព្រោះពុំសូវមានភ្ញៀវចេញ-ចូលផ្សារទិញម្ហូបអាហារ ឥវ៉ាន់នោះទេដោយសារមានក្លិនស្អុយគគ្រុកភាយចេញពីគំនរសំរាម៕