(ជប៉ុន)៖ នៅល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានជួបពិភាក្សាការងារជាមួយឥស្សរជនជប៉ុនមួយចំនួន ជាអតីតអ្នកដែលបានចូលរួម ក្នុងដំណើរការស្វែងរកសន្តិភាព នៅកម្ពុជានាពេលកន្លងមករួមមាន៖ លោក យូគីអូ អ៊ីម៉ាហ្កាវា (Yukio Imagawa) អតីតឯកអគ្គរដ្ឋទូតជប៉ុននៅកម្ពុជាអំឡុងឆ្នាំ១៩៩១-១៩៩៦), លោក ម៉ាសាហារុ ខូណូ (Masaharu Khono) អតីតអគ្គនាយកកិច្ចការអាស៊ីអាគ្នេយ៍ និងនិរតីនៃក្រសួងការបរទេសជប៉ុន, លោក ដាយស៊ូកិ កូរូគិ (Daisuke Kuroki) អតីតជំនាញការបកប្រែភាសាប្រចាំស្ថានទូតជប៉ុន បច្ចុប្បន្នជាឯកអគ្គរដ្ឋទូតជប៉ុនប្រចាំប្រទេសម៉ាលី។
ក្នុងជំនួបនេះលោកទាំងបីរូប បានរំលឹកអំពីប្រវត្តិរបស់ប្រទេសជប៉ុន ដែលបានចូលរួមចំណែកក្នុងកិច្ចការស្វែងរកសន្តិភាពនៅកម្ពុជាកន្លងមក និងបានវាយតម្លៃខ្ពស់អំពីកត្តាដែលមិនអាចខ្វះបាន ក្នុងការនាំយកសន្តិភាពសម្រាប់កម្ពុជា គឺការលះបង់ និងការចូលរួមដំណោះស្រាយគ្រប់បែបយ៉ាងរបស់សម្តេចតេជោ ហ៊ុន សែន។
ក្នុងនាមជាយុវជនជំនាន់ក្រោយ លោកបណ្ឌិតក៏បានថ្លែងអំណរគុណដល់ឥស្សរជនជប៉ុន ក៏ដូចជា រដ្ឋាភិបាលជប៉ុន ដែលបានខិតខំប្រឹងប្រែងចូលរួមស្វែងរកសន្តិភាព នៅកម្ពុជានាពេលកន្លងទៅ ទន្ទឹងនេះក៏សូមឲ្យជប៉ុនបន្តគាំទ្រកម្ពុជាបន្តទៀត ដើម្បីបន្តរក្សាសន្តិភាព និងស្ថេរភាពនៅកម្ពុជា៕