(ភ្នំពេញ)៖ អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម សូមជម្រាបជូនដំណឹងដល់សាធារណជន ពាណិជ្ជករនាំចូល អាជីវករលក់ដុំ លក់រាយ សូមមេត្តាជ្រាបថា អាជ្ញាធរប្រទេសបារាំង (អគ្គនាយកដ្ឋានប្រកួតប្រជែង កិច្ចការអ្នកប្រើប្រាស់ និងត្រួតពិនិត្យការក្លែងបន្លំ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ-Directorate-General for Competition, Consumer Affairs and Fraud Control of Ministry of Economy and Finance) បានជូនដំណឹងអំពីការប្រមូលត្រឡប់មកវិញ នូវផលិតផលគ្រាប់អាល់ម៉ុង និងអែបព្រីខត (Bitter Almonds AB Apricot) ដែលមានម៉ាកយីហោ UBERTI ពីទីផ្សារប្រទេសបារាំង បន្ទាប់ពីរកឃើញថា ផលិតផលទាំងនេះមានចម្លងចូលសារធាតុ Prussic acid content (hydrogen cyanide or hydrocyanic acid) ក្នុងបរិមាណច្រើនជាង 500mg ក្នុង 1Kg ផលិតផល លើសពី កម្រិតអនុញ្ញាត ដែលកំណត់ដោយបទប្បញ្ញត្តិគឺ 20mg ក្នុង 1Kg ផលិតផល។

នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះ។

សេចក្តីជូនដំណឹងបានបញ្ជាក់ថា «ការទទួលទានផលិតផលម្ហូបអាហារ ដែលមានចម្លងចូលសារធាតុ Prussic acid (hydrogen cyanide or hydrocyanic acid) លើសពីកំរិតកំណត់ នឹងបណ្តាលឱ្យមានផលប៉ះពាល់ដល់សរីរាង្គក្រពេញទីរូអ៊ីត (សកម្មភាពទីរូអ៊ីតថយចុះ) និងប្រព័ន្ធសរសៃប្រសាទ ដែលនឹងបង្កជាជម្ងឺនានា ដូចជា៖ ជម្ងឺទាក់ទងនឹងការបំផ្លាញជាលិកាប្រព័ន្ធ សរសៃប្រសាទ ជម្ងឺរលាកសរសៃប្រសាទ ជម្ងឺកង្វះឈាម ដោយសារកង្វះជីវជាតិ B12 (Vitamin B12)»។ល។

ជុំវិញបញ្ហានេះ អគ្គនាយកដ្ឋានកាំកុងត្រូល បាននឹងកំពុងចាត់វិធានការរួមមាន៖

*រាំងខ្ទប់មិនឲ្យនាំចូលផលិតផលដូចបានអធិប្បាយក្នុងតារាងជូនភ្ជាប់
*ផ្តល់ព័ត៌មានដល់ក្រុមហ៊ុននាំចូល អាជីវករលក់ដុំ និងរាយ ក្នុងករណីមាននំាចូល និងមានចរាចរលើទីផ្សារ 
*ត្រួតពិនិត្យនៅតាមទីផ្សារធំ-តូច ផ្សារទំនើប ដើម្បីសម្របសម្រួល និងមានវិធានការតាមនីតិវិធីប្រសិនបើ មានការដាក់តាំងលក់។

ដើម្បីទប់ស្កាត់គ្រោះថ្នាក់ដែលអាចប៉ះពាល់ដល់សុខភាពជាយថាហេតុ អគ្គនាយកដ្ឋានកាំកុងត្រូល សូមអំពាវនាវដល់សាធារណៈជន សូមកុំទិញផលិតផលដែលមានអត្តសញ្ញាណ ដូចបានជំរាបជូនខាងលើ និងសូមជួយ សហការផ្តល់ព័ត៌មានដល់មន្រ្តីមានសមត្ថកិច្ច ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះ។

សូមជូនភ្ជាប់មកជាមួយនូវអត្តសញ្ញាណផលិតផល ដែលមានចម្លងចូលសារធាតុ Prussic acid content (hydrogen cyanide or hydrocyanic acid) លើសពីកម្រិតកំណត់។

លេខទូរស័ព្ទទំនាក់ទំនង៖

*ទូរស័ព្ទខ្សែទី១-០១២ ២៧៨ ៧៨៩ 
*ទូរស័ព្ទខ្សែទី២-០៩២ ៩៩៩ ៨៦៧ 
*ទូរស័ព្ទខ្សែទី៣-០១២ ៩៨៥ ៥៧៧

អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម សូមថ្លែងអំណរគុណ ចំពោះការយកចិត្តទុកដាក់របស់ សាធារណៈជន ពាណិជ្ជករ អាជីវករទាំងអស់ លើកិច្ចសហការការពារសុខុមាលភាពជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ៕