Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អង្គការមួយរបស់កូរ៉េ ផ្តល់នូវកុំព្យូទ័រ២០គ្រឿង និងសម្ភារសិក្សាមួយចំនួន ដល់សិស្សកម្ពុជា

27-04-2018 09:37

(ភ្នំពេញ)៖ ដើម្បីចូលរួមបង្កើនផ្នែកចំណេះដឹងព័ត៌មានវិទ្យា ដែលសិស្សានុសិស្សនៅកម្ពុជា កំពុងត្រូវការចាំបាច់នោះ អង្គការក្រៅរដ្ឋាភិបាលរបស់ប្រទេសកូរ៉េ បានផ្តល់កុំព្យូទ័រ២០គ្រឿង និងសម្ភារសិក្សាមួយចំនួន ជូនដល់វិទ្យាល័យ ជា ស៊ីម ឈូកវ៉ា រាជធានីភ្នំពេញ។

ពិធីប្រគល់កុំព្យូទ័រ និងសម្ភារសិក្សាមួយចំនួន នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវិទ្យាល័យ ជា ស៊ីម ឈូកវ៉ា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តំណាងអង្គការភីសូណានំម៉ាអ៊ីល ប្រចាំនៅកម្ពុជា បានលើកឡើងថា «កុំព្យូទ័រ និងសម្ភារសិក្សា នឹងជួយទៅដល់សិស្សានុសិស្សនៅវិទ្យាល័យ នេះទាំង ដើម្បីជាទុនក្នុងការសិក្សាផ្នែកព័ត៌មានវិទ្យា ដែលពិភពលោកកំពុងតែត្រូវការ និងប្រកួតប្រជែងនៃចំណេះដឹងនេះ»

អ្នកតំណាងអង្គការដដែលនេះថ្លែងថា នេះជាការចែករំលែក នូវចក្ខុវិស័យ និងសេចក្តីសង្ឃឹម ជួយដល់ពួកគេ ដើម្បីបង្កើនគុណភាពវិស័យអប់រំ និងជួយសម្របសម្រួលនៅតាមសហគមន៍ ហើយនឹងកសាងប្រព័ន្ធគាំទ្រឲ្យរឹងមាំមួយ ដើម្បីជួយបំពេញក្តីសុបិន្ត និងសមត្ថភាពរបស់ពួកគេ។

លោកបន្តថា គោលបំណងចុងក្រោយ គឺពង្រឹងសមត្ថភាពទៅដល់ពួកគេឲ្យមានភាពលូតលាស់ ទៅមុខ ហើយពួកគេនឹងក្លាយជាគម្រូល្អដល់យុវជនដ៏ទៃទៀត ក្នុងការចូលរួមអភិវឌ្ឍន៍សហគមន៍របស់គេ។

លោកបន្តថា អង្គការរបស់លោក គឺជាអង្គការមិនរកប្រាក់ចំណេញ ជាអង្គការជួយផ្នែកខាងវិស័យអប់រំ ដែលកន្លងទៅអង្គការនេះ បានចុះ MOU ជាមួយមន្ទីរអប់រំយុវជន និងកីឡាខេត្តតាកែវ, ចុះMOU ជាមួយសាកលវិទ្យាបៀលប្រាយសាលាខេត្តតាកែវ និងមានបង្កើតជាក្រុមយុវជនស្ម័គ្រចិត្តចុះតាមសហគមន៍ផងដែរ។

លោក អ៊ុក សម្បត្តិ អនុប្រធានមន្ទីរអប់រំយុវជន និងកីឡា រាជធានីភ្នំពេញ បានលើកឡើងថា ជាច្រើនមកហើយរដ្ឋាភិបាលកូរ៉េ តែងតែចូលរួមជួយអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសវិស័យអប់រំ។ ជាក់ស្តែងថ្ងៃនេះ កូរ៉េបានជួយកុំព្យូទ័រដល់វិទ្យាល័យឈូកវ៉ានេះ ដែលជំរុញឲ្យសិស្សានុសិស្សកម្ពុជាយើង មានសមត្ថភាពក្នុងខាងផ្នែកព័ត៌មានវិទ្យានេះ។

លោកអនុប្រធានមន្ទីរថ្លែងថា វិស័យអប់រំកូរ៉េ តែងតែមានធ្វើការផ្លាស់ប្តូរបទពិសោធន៍ជាមួយ ប្រទេសកម្ពុជា ដែលប្រទេសទាំងពីរឈានទៅចុះMOUជាមួយគ្នាកាលពីឆ្នាំ២០១៧ ដើម្បីពង្រឹងខាងវិស័យអប់រំ៕