Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរមីន៖ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សោកស្តាយយ៉ាងខ្លាំង លើកុមាររងគ្រោះទាំង៤នាក់ ដោយសារផ្ទុះមីននៅខេត្តបាត់ដំបង

27-04-2018 09:33

(បាត់ដំបង)៖ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន/CMAA) សូមសម្តែងនូវមរណៈទុក្ខដ៏ក្រៀមក្រំ និងសេចក្តីសោកស្តាយយ៉ាងក្រៃលែង ចំពោះគ្រោះថ្នាក់ដោយសារមីន ដែលបានកើតឡើងនៅភូមិអូរជាំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ដែលបណ្តាលឱ្យកុមារ០៣រូបរងរបួស និងម្នាក់ទៀតបាត់បង់ជីវិត កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨។

បើតាមអាជ្ញាធរមីន ចំពោះហេតុការណ៍នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មានការសោកស្តាយយ៉ាងខ្លាំង ដែលកុមារកម្ពុជា នៅតែបន្តរងគ្រោះថ្នាក់ និងស្លាប់បាត់បង់ជីវិតដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

តាងនាមសម្តេចតេជោ ហ៊ុន សែន អាជ្ញាធរមីន នឹងបន្តកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ និងស្ថាប័នពាក់ព័ន្ធបន្តការអប់រំ ផ្សព្វផ្សាយពីគ្រោះថា្នក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ឱ្យបានកាន់តែទូលំទូលាយទៅកាន់ប្រជាពលរដ្ឋ ជាពិសេសកុមារនៅតាមសាលារៀន ដើម្បីចូលរួមចំណែកកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ជាពិសេសតំបន់ដែលមានគ្រោះថ្នាក់ញឹកញាប់។

ជាមួយគ្នានេះ អាជ្ញាធរមីន សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេសកុមារ កុមារី សូមអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី នៅក្នុងសារលិខិតស្តីពីទិវាជាតិយល់ដឹងពីមីន កាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅ។

សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ មានករណីផ្ទុះគ្រាប់៦៩មីលីម៉ែត បណ្តាលឱ្យក្មេងប្រុស១នាក់ស្លាប់ និង៣នាក់ទៀតរងរបួសធ្ងន់ ខណៈដែលក្មេងប្រុសទាំងយកគ្រាប់នោះមកដំលេង នៅចំណុចទីតាំងភូមិ​អូរជាំ​ ឃុំ​កំពង់ល្ពៅ ស្រុកសំឡូត ខេត្ត​បាត់ដំបង​។

បើតាមមន្រ្តីនគរបាលថា ក្មេងរងគ្រោះមានឈ្មោះ ទី១៖ ឈ្មោះ សំ ប្រុស អាយុ១៣ឆ្នាំ (ស្លាប់នៅកន្លែង) ទី២ឈ្មោះ ភាក់ ស្រីពេជ្រ ភេទស្រី អាយុ៤ឆ្នាំ របួសធ្ងន់ទី៣៖ ឈ្មោះ ទិត្យ វណ្ណ អាយុ១០ឆ្នាំ របួសធ្ងន់ និងទី៤៖ ឈ្មោះ សំ ថាប់ អាយុ៥ឆ្នាំ របួសធ្ងន់។ ក្មេងរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកភ្លាមៗសមត្ថកិច្ចថា គ្រាប់ដែលផ្ទុះនោះជាប្រភេទគ្រាប់ M69mm៕