(សៀមរាប)៖ លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងប្រធានគណៈកម្មាធិការសម្របសម្រួលមូលនិធិសកល ត្រូវបានកិច្ចប្រជុំលើកទី២ នៃយន្តការសម្របសម្រួលមូលនិធិសកលសម្រាប់មណ្ឌលតំណាង តំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច បោះឆ្នោតជ្រើសតាំងជា សមាជិកក្រុមប្រឹក្សាភិបាលមូលនិធិសកលដែលមានទីស្នាក់ការនៅក្រុងហ្សឺណែវ ប្រទេសស្វ៊ីស តំណាងតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច នាព្រឹកថ្ងៃ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅសណ្ឋាគារអង្គរសិនជូរី ខេត្តសៀមរាប។ ជាមួយគ្នានេះ កម្ពុជាក៏ក្លាយជាសមាជិកក្រុមប្រឹក្សាភិបាលនៃមូលនិធិសកល ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិចផងដែរ។
កិច្ចប្រជុំរយៈពេល២ថ្ងៃ ត្រូវបានសហការរៀបចំដោយ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងមណ្ឌលតំណាងប៉ាស៊ីហ្វិកខាងលិច ដោយមានការទំនុកបម្រុងពីរាជរដ្ឋាភិបាលកម្ពុជា និងមណ្ឌលតំណាងប៉ាស៊ីហ្វិកខាងលិចនៃមូលនិធិសកល។ កិច្ចប្រជុំត្រូវបានរៀបចំឡើង ទៅតាមរបៀបវារៈ និងគោលបំណងដែលបានគ្រោងទុករួមមាន ៖ ១) ផ្តល់ជាវេទិកាដើម្បីពិនិត្យឡើងវិញ ធ្វើបច្ចុប្បន្នភាព និងចែករំលែកព័ត៌មានទាំងឡាយដែលអាចឱ្យការចូលរួមរបស់ថ្នាក់ដឹកនាំ និងសមាជិកមណ្ឌលតំណាងក្នុងក្រុមប្រឹក្សាភិបាលរបស់មូលនិធិសកលប្រកបដោយការយល់ដឹង និងមានសារៈសំខាន់, ២) ស្វែងរកចំណុចដែលមានបញ្ហា និងការឆ្លើយតបបានទូលំទូលាយដែលអាចដាក់ជូនសម័យប្រជុំលើកទី៣៩ នៃក្រុមប្រឹក្សាភិបាលរបស់មូលនិធិសកល និង៣) ពង្រឹងសហគមន៍មណ្ឌលតំណាងតំបន់ ដោយគោរពតាមនីតិវិធី ឬបទបញ្ជាដែលបានព្រមព្រៀងគ្នា រាប់ទាំងការប្រជុំសមាជិកជាមួយដៃគូដោយទៀងទាត់ តាមរបៀបដែលអាចធ្វើបាន និងកែលម្អជានិច្ច។
នៅរសៀលថ្ងៃទី២៦ ខែមេសា ប្រតិភូយន្តការសម្របសម្រួលមូលនិធិសកលមកពី ១)កម្ពុជា, ២)កោះឃុក, ៣)ហ្វ៊ីជី, ៤)មីក្រូណេស៊ី, ៥)គិរីបាទី, ៦)ឡាវ, ៧)ម៉ាឡេស៊ី, ៨) ណូរូ, ៩)ប៉ាពូអាស៊ីនូវែលហ្គីណេ, ១០)ហ្វីលីពីន, ១១)សាម័រ, ១២)សិង្ហបុរី, ១៣)កោះសូឡូម៉ុង, ១៤)វ៉ានូទូ និង១៥)វៀតណាម ព្រមទាំងមន្រ្តីមកពីមូលនិធិសកល និងអង្គការសុខភាពពិភពលោកដែលចូលរួមក្នុងកិច្ចប្រជុំនេះ ក៏បានទៅទស្សនាប្រាសាទនៅតំបន់អង្គរ ដើម្បីសិក្សាស្វែងយល់អំពីវិសាលភាពនៃអតីតចក្រភពខ្មែរ និងសម្បត្តិបេតិកភណ្ឌដែលជាកេរមរតកវប្បធម៌មហាសាល មិនមែនសម្រាប់តែកម្ពុជាប៉ុណ្ណោះទេ តែសម្រាប់ពិភពលោកផងដែរ៕