(ជប៉ុន)៖ បន្ទាប់ពីជំនួបពិសេសជាមួយលោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន, នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ដដែល លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តជួបពិភាក្សាការងារជាមួយលោក ស៊ូណូរ៉ា (Kentaro Sonoura) ទីប្រឹក្សារបស់នាយករដ្ឋមន្ត្រី នៃប្រទេសជប៉ុន។
ក្នុងជំនួបនោះលោកទីប្រឹក្សាបានលើកឡើងអំពីទំនាក់ទំនងរវាងកម្ពុជា និងជប៉ុនមានរយៈពេល៦៥ឆ្នាំកន្លងមក និងស្នើសុំឲ្យកិច្ចសហប្រតិបត្តិការនេះកាន់តែ ពង្រឹងពង្រីកថែមទៀត បន្ថែមពីលើនេះលោកក៏ចង់ឲ្យទំនាក់ទំនងកិច្ចការយុវជនជប៉ុន-កម្ពុជា កាន់តែពង្រីកផងដែរ។
ជាកិច្ចឆ្លើយតបលោកបណ្ឌិត ហ៊ុន ម៉ាណែត សំដែងការគាំទ្រពេញទំហឹងនូវការពង្រីកទំនាក់ទំនងកិច្ចការយុវជនកម្ពុជា-ជប៉ុន ដើម្បីមិត្តភាពរវាងប្រទេសទាំងពីរ កាន់តែរឹងមាំថែមទាំង។
សូមជំរាបថា នៅមុនជំនួបជាមួយលោក ស៊ូណូរ៉ា, លោកបណ្ឌិត ហ៊ុន ម៉ាណែត បានចូលជួបសម្ដែងការគួរសមជាមួយលោក ស៊ីនហ្សូ អាបេ (Shinzō Abe) នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន នាទីស្តីការនាយករដ្ឋមន្ត្រី។ ក្នុងជំនួបនោះនាយករដ្ឋមន្ត្រីជប៉ុន បានស្វាគមន៏ចំពោះដំណើរទស្សនកិច្ចរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត មកប្រទេសលើកនេះ គឺឆ្លើយតបទៅនឹងការអញ្ជើញរបស់លោកក្នុង ជំនួបផ្ទាល់ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី១១ នៅប្រទេសម៉ុងហ្គោលីនាពេលកន្លងមក ហើយលោកសង្ឃឹមថា តាមរយៈដំណើរទស្សនកិច្ចនេះ នឹងធ្វើឲ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជា នឹងត្រូវបានពង្រឹងពង្រីកថែមទៀត។
លោកនាយករដ្ឋមន្ត្រីជប៉ុន ក៏បានបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថា ជប៉ុននៅតែបន្តគាំទ្រដំណើរការបោះឆ្នោតនៅកម្ពុជា ហើយបានលើកនូវយោបល់មួយចំនួនដើម្បីឲ្យកម្ពុជា យកទៅពិចារណាក្នុងគោលបំណងធានាឲ្យការបោះឆ្នោតនាខែកក្កដាខាងមុខនេះ ប្រព្រឹត្តទៅដោយ សេរី យុត្តិធម៌ និងឆ្លុះបញ្ចាំងអំពីឆន្ទះប្រជាពលរដ្ឋ៕