(សៀមរាប)៖ ក្រុមការងាររបស់នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការកំណាយស្រះខាងជើង នៃប្រាសាទអង្គរវត្ត។ កំណាយទើបនឹងចាប់ផ្តើម ហើយអ្នកជំនាញពុំទាន់ប្រមូលទិន្នន័យបានច្រើនពីកំណាយនៅឡើយ។
ក្រុមអ្នកជំនាញបានចាប់ផ្តើមកំណាយនៅស្រះខាងជើងប្រាសាទអង្គរវត្ត ចាប់ពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨មក។ ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ អ្នកជំនាញមិនទាន់រកលទ្ធផលបានពីរចនាសម្ព័ន្ធស្រះនៅឡើយ។
អ្នកស្រី នេត ស៉ីមន បុគ្គលិកបច្ចេកទេស នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យាន និងបុរាណវិទ្យាបង្ការ ដែលកំពុងធ្វើកំណាយនៅស្រះអង្គរវត្ត បានឱ្យដឹងថា ភ្លាមៗនេះក្រុមការងារមិនទាន់បានប្រទះឃើញរចនាសម្ព័ន្ធស្រះនៅឡើយ។ អ្នកស្រីបន្ថែមថា តាមគម្រោងក្រុមការងាររបស់អ្នកស្រី នឹងបើករណ្ដៅនៅស្រះខាងជើងចំនួន ២ទីតាំង គឺនៅផ្នែកខាងលិច និងខាងត្បូង។
អ្នកស្រីបន្ថែមថា «មូលហេតុដែលយើងធ្វើកំណាយនេះ គឺយើងចង់ដឹងពីការបង្គរដីនៅទីនេះ ថាតើវាទើបនឹងមាន ឬមានយូរហើយ មួយទៀតគឺយើងចង់ដឹងពីរចនាសម្ព័ន្ធស្រះទាំងមូល វាខូចខាតអ្វីខ្លះ ដើម្បីពេលយើងជួសជុលទៅឱ្យស្របតាមទម្រង់ដើម»។
ក្រុមអ្នកបច្ចេកទេសរបស់អាជ្ញាធរជាតិអប្សរា ដែលកំពុងដឹកនាំធ្វើកំណាយនៅស្រះអង្គរវត្តមានចំនួន ៤នាក់ ហើយតាមគម្រោង ពួកគេនឹងប្រើពេលចំនួន ២ខែ សម្រាប់គម្រោងមួយនេះ។ យ៉ាងណា អ្នកស្រី នេត ស៉ីមន បញ្ជាក់ថា គម្រោងនេះអាចលើសពីរយៈពេលដែលបានកំណត់ ឬអាចរួចមុនទៅតាមភាពជាក់ស្ដែង ដែលអ្នកស្រាវជ្រាវបានប្រទះរាល់រចនាសម្ព័ន្ធរបស់ស្រះ។
ដោយសារទីតាំងកំណាយស្ថិតនៅទីតាំងដែលភ្ញៀវទេសចរតែងឈរផ្ដិតរូបរបស់ពួកគេ ទៅនឹងកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត ដូច្នេះវាបានទាញចំណាប់អារម្មណ៍ច្រើនដល់ពួកគេ ហើយអ្នកស្រាវជ្រាវនៅទីនោះ តែងទទួលបានសំណួរពីភ្ញៀវទេសចរទាំងនោះផងដែរ។ ដូច្នេះហើយ ទើបមន្រ្តីបច្ចេកទេសនៃការដ្ឋានកំណាយ បានស្នើសុំដល់ភ្ញៀវទាំងអស់យោគយល់ និងយល់ពីការងារដែលពួកគេកំពុងធ្វើ៕