(កណ្តាល)៖ ប្រជាពលរដ្ឋជាង១០០នាក់ ដែលស្មើនឹង៤២គ្រួសារ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨នេះ បានលើកគ្នាទៅតវ៉ានៅសាលាឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល បន្ទាប់ពីមានស្រ្តីម្នាក់ ព្រមទាំងអង្គរក្ស និងកម្មកររបស់ខ្លួន ទៅរំលោភយករបស់ពួកគាត់ នៅភូមិព្រែកថី ដែលធ្លាប់ធ្វើស្រែប្រាំងពីដូនតារបស់ពូកគាត់ ជាយូរលង់ណាស់មកហើយ។
ជាមួយការផ្ទុះការតវ៉ាខាងលើនេះភ្លាម អភិបាលរងស្រុកស្អាង លោក ម៉ៅ តារា និងមេឃុំរការខ្ពស់លោក ឈឿន ឆូ បានជួបដោះស្រាយជាមួយប្រជាពលរដ្ឋ ព្រមទាំងបានបញ្ជាឲ្យផ្អាកសកម្មភាពឈូស ឆាយដោយគ្រឿងចក្ររបស់ក្រុមហ៊ុនមួយ ជាបណ្តោះអាសន្នសិន រង់ចាំការដោះស្រាយតាមក្រោយ ដោយសារតែមានការតវ៉ាបែបនេះ។
ថ្លែងប្រាប់ក្រុមអ្នកកាសែតនៅទីនោះ លោក លន់ ចាន់ណា ជាប្រជាពលរដ្ឋម្នាក់រស់នៅឃុំរការខ្ពស់ ស្រុកស្អាង បានរៀបរាប់ឱ្យដឹងថា លោក និងបងប្អូន៥នាក់ទៀត កាលពីពេលថ្មីៗកន្លងទៅ ជិះម៉ូតូទៅមើលដី លុះពេលទៅដល់ផ្លូវកែងជិតដល់ចំណុចដី លោកបានយកទូរស័ព្ទថត ស្រាប់តែមានស្រ្តីម្នាក់ រួមជាមួយក្រុមអង្គរក្ស និងមនុស្ស៣០នាក់ មកសួរនាំលោក ដោយជេរប្រមាថទៀតផង ដោយសួរថា លោកថតអីគេ?
ពេលនោះ លោកក៏បានសួរទៅថា មានរឿងអី? បានជាបងឯងនិយាយអញ្ចឹង ស្រាប់តែស្រ្តីម្នាក់នោះឆ្លើយថា ដោយសារតែពួកឯងប៉ុន្មាននាក់ហ្នឹង ទើបធ្វើឱ្យប្តីរបស់គាត់មានបញ្ហា ហើយក៏ឆក់ទូរស័ព្ទ ដកសោម៉ូតូរបស់លោក តែលោកមិនព្រមឱ្យ ស្រាប់តែមនុស្សប្រុសម្នាក់ មកវាយលោកមួយដៃចំស្មា ហើយស្រី្តនោះបានចង្អុលមុខ និងទះកំផ្លៀងលោកទៀតផង និងបានគំរាមថា បើមិនព្រមឱ្យទូរស័ព្ទ នឹងមានបញ្ហា។ ភ្លាមនោះក៏មានមនុស្សប្រុសមាឌធំ យកកាំភ្លើងមកភ្ជង់ចង្កេះលោក។
ដោយសារខ្លាចគេសម្លាប់ ទើបលោកព្រមឲ្យទូរស័ព្ទទៅពួកគេ ប៉ុន្តែគេបានលុបចោលទាំងឯកសារផ្ទាល់ខ្លួន ជាពិសេសឯកសារទាំងរោងចក្រសម្លៀកបំពាក់របស់លោកអស់តែម្តង ដូច្នេះ នៅពេលដែលលោកត្រូវបើកលុយ ឱ្យកម្មករ គឺធ្វើម្តេចកើត បើឯកសារត្រូវគេលុបចោលអស់ហើយ។ លោកអះអាងថា លោកមានដីនៅទីតាំងនោះប្រាកដមែន លោកមិនបានលក់ដូរឲ្យអ្នកណានោះទេ មិនថា ឯកឧត្តមខាងណានោះទេ បើមានលទ្ធភាពទិញ ក៏ទិញចុះ ព្រោះលោកក៏មិនបង្កបញ្ហាដែរ។ លោកអង្វរឲ្យស្តាប់ហេតុផលលោកសិន តែស្រ្តីនោះមិនស្តាប់ទេ។
លោកសូមអំពាវនាវដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មេត្តាជួយរកយុត្តិធម៌ជូនគាត់ និងប្រជាពលរដ្ឋផង។ លោកថា ប្រជាពលរដ្ឋដែលមានដីពិតប្រាកដនៅទីនេះ ចូលមិនបាន ដោយត្រូវបានគេ ដាក់បារ៉ាស់មិនឱ្យចូល ហើយដំណោះស្រាយ លោកបានដាក់ទៅឃុំតែមិនឃើញដោះស្រាយនោះទេ ដោយលើកទៅថ្ងៃនេះ ថ្ងៃនោះរហូត។ លោកថាដីរបស់គាត់មានទទឹង៦០ម៉ែត្រ បណ្តោយ២៥០ម៉ែត្រ ដែលឪពុកម្តាយលោកស្លាប់ បានចែកចាយឲ្យក្រុមគ្រួសារលោកទាំង៨នាក់ ហើយមកដល់ពេលនេះ មិនបានលក់ឱ្យអ្នកណានោះទេ។
ដោយឡែក ប្រជាពលរដ្ឋខ្លះទៀត បានលើកឡើងថា ដីរបស់គាត់បានលក់ឲ្យគេតាំងពី១៨ឆ្នាំមុន ហើយទទួលបានលុយកក់តែពីរយប៉ុណ្ណោះ រហូតដល់ពេលនេះមិនទាន់ទទួលលុយផ្តាច់នៅឡើយទេ។ ប្រជាពលរដ្ឋថា ពួកគាត់មិនសុខចិត្តទេ សុំតវ៉ាយកដីវិញ ហើយសុំដល់អាជ្ញាធរជួយដោះស្រាយជូនពួកគាត់ផង។
ពាក់ព័ន្ធនឹងសំណូមពរនេះលោក ឈឿន ឆូ មេឃុំរកាខ្ពស់ បាននិយាយថា អាជ្ញាធរមិនមែនមិនគិតគូរដោះស្រាយនោះទេ។ លោកថា លោកកំពុងស្រាវជ្រាវរកទីតាំងដី និងស្រង់ឈ្មោះប្រជាពលរដ្ឋដើម្បីដោះស្រាយ។
ចំពោះការតវ៉ានេះ កម្លាំងចម្រុះដឹកនាំដោយលោក ម៉ៅ តារា អភិបាលរងស្រុកស្អាង បានចុះទៅស្រាវជ្រាវដល់ចំណុចដីធ្លីទំនាស់ផងដែរ។ ខណៈនោះ លោកអភិបាលរងស្រុក បានបញ្ជាឲ្យកម្លាំងបញ្ឈប់គ្រឿងចក្រជាច្រើនគ្រឿង ដែលកំពុងធ្វើសកម្មភាពកាយព្រំដីឲ្យក្រុមហ៊ុនមួយទៀតជាបណ្តោះអាសន្នរង់ចាំការដោះស្រាយ៕