(បន្ទាយមានជ័យ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញនូវសេចក្ដីជូនដំណឹងប្រាប់ដល់ឲ្យប្រជាពលរដ្ឋ ដែលមានទីលំនៅតាមផ្លូវដែក និងស្ថានីយប៉ោយប៉ែត-បាត់ដំបង និងពីស្ថានីយបាត់ដំបង-ប៉ោយប៉ែត សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុត ព្រោះថា នាដើមខែឧសភា ឆ្នាំ២០១៨ ក្រសួងនឹងរៀបចំខ្សែរថភ្លើងដឹកអ្នកដំណើរ ពីស្ថានីយប៉ោយប៉ែត-បាត់ដំបង និងស្ថានីយបាត់ដំបង-ប៉ោយប៉ែត។
ក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងដែលអង្គភាព Fresh News ទទួលបានឲ្យដឹងទៀតថា ក្រសួងសូមឲ្យប្រជាពលរដ្ឋរួមគ្នាសហការដូចជា៖
១៖ ត្រូវគោរពច្បាប់អាទិភាពចរាចរខ្សែរថភ្លើងគ្រប់ពេល
២៖ ការដាក់របស់របរផ្សេងៗត្រូវមានចំងាយ៣.៥ម៉ែត្រ ពីអ័ក្សផ្លូវរថភ្លើង ឡើងទៅ
៣៖ ហាមលែងសត្វពាហនៈ ឬយកទៅចងនៅក្បែរផ្លូវរថភ្លើង
៤៖ ត្រូវប្រុងប្រយ័ត្នជានិច្ច នៅពេលបញ្ជាយានយន្ដគ្រប់ប្រភេទ ធ្វើដំណើរឆ្លងកាត់ ផ្លូវមានរថភ្លើងឆ្លងកាត់
៥៖ ត្រូវប្រុងប្រយ័ត្នកុមារតូចៗ ពេលធ្វើដំណើរឆ្លងកាត់ផ្លូវដែលមានរថភ្លើងឆ្លងកាត់
៦៖ ហាមធ្វើផ្លូវឆ្លងកាត់ ទៅលំនៅដ្ឋាន ឬទៅដីស្រែចំការជាលក្ខណៈឯកជន
៧៖ ហាមចោលសំរាម ឬរបស់របរផ្សេងៗចូលក្នុងប្រឡាយបង្ហូរទឹក ដែលអមសងខាងផ្លូវរថភ្លើង
៨៖ ការតខ្សែភ្លើង ឆ្លងកាត់ផ្លូវរថភ្លើងត្រូវមានកំពស់ទាប់បំផុត៧ម៉ែត្រ ពីខ្នងដែករ៉ែ
ក្រសួងសាធារណការ សង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋទាំងអស់នឹងរួមគ្នាសហការ៕