(ភ្នំពេញ)៖ បើទោះបីជាមជ្ឈដ្ឋានមួយចំនួន បានរិះគន់លើសេវាសុខាភិបាល និងមន្រ្ដីសុខភាខាភិបាលកម្ពុជា ដូចជាសេវាកម្មមិនល្អ មិនមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការព្យាបាលជំងឺជាដើមនោះ ប៉ុន្តែលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានបង្ហាញពីទស្សនៈរបស់ខ្លួន ផ្ទុយពីការរិះគន់នេះ ដោយលោកបានលើកឡើងថា លោកនៅតែជឿជាក់លើវិស័យសុខាភិបាលកម្ពុជា ថានៅតែមានសមត្ថភាពខ្ពស់ និងខិតខំជួយដល់ពលរដ្ឋកម្ពុជា។
ការលើកឡើងបែបវិជ្ជមានបែបនេះ របស់លោកអភិបាលរងរាជធានីភ្នំពេញ ធើ្វឡើងនាឱកាសដែលលោអញ្ជើញចូលរួម ក្នុងកម្មវិធីបើកសន្និបាតបូកសរុបសមិទ្ធផលសុខាភិបាលឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ របស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ រួមទាំងមានការចូលរួមពីសំណាក់ លោកគ្រូពេទ្យ អ្នកគ្រូពេទ្យជាច្រើនរូបថែមទៀតផង។
លោក កើត ឆែ បានឲ្យដឹងថា «ខ្ញុំនៅតែមានមោទនភាពចំពោះ មន្រ្ដីសុខាភិបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែង ជួយដល់ប្រជាពលរដ្ឋកម្ពុជា ទោះបីជាមានការរិះគន់ពីមជ្ឈដ្ឋានមួយចំនួន វាយតម្លៃខុសឆ្គងមកលើវិស័យសុខាភិបាលក៏ដោយ ក៏មន្រ្ដីសុខាភិបាលនៅតែបន្ដដំណើរទៅមុខ ដើម្បីបម្រើប្រជាពលរដ្ឋកម្ពុជាឲ្យកាន់តែល្អប្រសើរ»។
លោកបានបន្ដទៀតថា វេជ្ជបណ្ឌិត, លោកគ្រូពេទ្យ, អ្នកគ្រូពេទ្យ បុគ្គលិកពេទ្យ ក្នុងវិស័យសុខាភិបាល សុទ្ធសឹងតែជាអ្នកមានសមត្ថភាព ប៉ុន្ដែអ្វីដែលជាបញ្ហាប្រឈមនោះ គឺការកង្វះឧបករណ៍ទំនើបៗខ្លះ ក្នុងការប្រើប្រាស់ តែមិនមែនន័យថា គ្មានឧបរកណ៍នោះឡើយ ក្នុងការព្យាបាលជំងឺ។
លោកក៏បានកោតសសើរជាខ្លាំង ចំពោះថ្នាក់ដឹកនាំក្រសួងសុខាភិបាល ពិសេសមន្ទីរសុខាភិបាលរាជធានី និងមន្រ្ដីសុខាភិបាលទាំងអស់ដែលបានខិតខំប្រឹងប្រែង លះបង់អស់កំលាំងកាយចិត្ត និងកំលាំងប្រាជ្ញាឲ្យសម្រេចបាននូវរាល់ស្នាដៃជាច្រើនក្នុងការផ្ដល់សេវាពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋប្រកបដោយគុណភាព គុណធម៌ និងមានប្រសិទ្ធិភាព ព្រមទាំងឆ្លើយតបទៅតាមតម្រូវការចាំបាច់ក្នុងការលើកកម្ពស់សុខភាព។
លោកបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានឲ្យដឹងដែរថា សមធម៌ក្នុងការមកទទួលបានសេវាសុខភាព និងក្នុងហិរញ្ញវប្បទានសុខាភិបាលត្រូវបានលើស្ទួយជាបន្ដបន្ទាប់ តាមរយៈការគ្របដណ្ដប់នៃមូលនិធីសមធម៌ នៅតាមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពចាប់តាំងពីដំណាច់ឆ្នាំ២០១៥ ដែលបានផ្ដល់មូលនិធិដោយរាជរដ្ឋាភិបាល និងដៃគូរអភិវឌ្ឃ រួមជាមួយគោនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការបង់ថ្លៃសេវា និងប័ណ្ណសុខភាពបានដករបាំងឧបសគ្គភូមិសាស្រ្ដផង និងរបាំងឧបសគ្គហិរញ្ញវត្ថុផង ព្រមទាំងផ្ដល់ការបង្ការហានិភ័យហិរញ្ញវត្ថុដល់គ្រួសារក្រីក្រ ឲ្យប្រើប្រាស់សេវាសុខភាព តាមមូលដ្ឋានសុខាភិបាលសាធារណដោយគ្មានបង់ថ្លៃនៅពេលមានបញ្ហាសុខភាព ឬជំងឺ។
លោកបណ្ឌិតបានបញ្ជាក់ទៀតថា មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ចាត់ទុកថាការឧបត្ថម្ភគាំទ្រ និងកិច្ចសហការពីរដ្ឋបាលមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ការចូលរួមយ៉ាងសកម្មពីសហគមន៍ និងភាពជាដៃគូជាមួយផ្នែកឯកជន ការគាំទ្រថវិកា និងបច្ចេកទេសពីដៃគូរអភិវឌ្ឍជាតិ-អន្ដរជាតិ និងអង្គការក្រៅរដ្ឋាភិបាល នៅតែជាកត្តាចាំបាច់ដែលមិនអាចខ្វះបាន ហើយវឌ្ឍនភាពនៃការអភិវឌ្ឍពីវិស័យសុខាភិបាលដូចជាកំណើនអក្ខរជន ការពង្រីកហេដ្ឋារចនាសម្ព័ន្ធជនបទដូចជា ផ្លូវថ្នល់ ទឹកស្អាត អនាម័យ ដែលវឌ្ឍនភាពទាំងអស់នេះ មានផលប៉ះពាល់ជាសក្ដានុពលដល់លទ្ធផលនៃការផ្ដល់សេវាសុខភាព៕