(​ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ​រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវយន្តការ​​៣ចំណុច ដើម្បីឆ្លើយតបទៅនឹងលំហូរចរាចរណ៍យានយន្ដ ទេសចរណ៍ សោភ័ណភាព និងការអភិវឌ្ឍន៍រីកចម្រើនលើវិស័យ​ក្នុងរាជធានី។

ការលើកឡើងរបស់លោក ឃួង ស្រេង ​ធ្វើឡើង​ព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨នេះ ក្នុងពិធី​បើកអង្គសិក្ខាសាលាស្តីពីកិច្ចសហបរតិបត្តិការ រវាងរដ្ឋបាលរាជធានីភ្នំពេញ ជាមួយ​សាលាក្រុងប៉ារីស (២០១៦​-២០១៨) លើវិស័យនគរូបនីយកម្ម ក្នុងរាជធានីភ្នំពេញ។

អង្គសិក្ខាសាលានេះធ្វើឡើង មានគោលបំណងប្រែក្លាយតំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ ឲ្យទៅជាតំបន់អភិវឌ្ឍបៃតង និងការជំរុញនៃការអភិវឌ្ឍន៍តំបន់នោះ ឲ្យបានចៀសផុតពីគ្រោះទឹកជំនន់នារដូវស្សា។

បើតាមលោកអភិបាលរាជធានី យន្តការទាំង៣ចំណុចនោះរួមមាន ទី១៖ ភាពជាដៃគូរវាងរដ្ឋបាលរាជធានី ជាមួយ​វិស័យឯកជន, ទី២៖ ភាពជាដៃគូរវាងរដ្ឋបាលរាជធានីភ្នំពេញ ជាមួយទីក្រុងសម្ព័ន្ធមេត្រី និងទី៣៖ ភាពជាដៃគូរវាងរដ្ឋបាលរាជធានីភ្នំពេញ ជាមួយសង្គមស៊ីវិល ដើម្បីចូលរួមសហការ ជាមួយសាលារាជធានីភ្នំពេញ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត​ ដើម្បីឆ្លើយតប​លំហូរចរាចរណ៍​យានយន្ត ឲ្យសោភ័ណភាពកាន់តែស្រស់បំព្រង និងរីកចម្រើន​បន្ថែមទៀត។

លោក ឃួង ស្រេង ​​ថ្លែងថា «ភាគខាងត្បូងរាជធានីភ្នំពេញ គឺជាទំហំ នៃការអភិវឌ្ឍន៍ធំមួយ ដូច្នេះហើយទើបសាលាក្រុងប៉ារីស ដែលជាទីក្រុងមានបទពិសោធន៍ នៃការរៀបចំទីក្រុងឲ្យមានភាពស្រស់បំព្រង និងឲ្យតំបន់នោះ​ក្លាយជាតំបន់បៃតង ដែលមានបរិស្ថានល្អ»

​រាជធានីភ្នំពេញ មានការអភិវឌ្ឍគ្រប់វិស័យ ពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មសាធារណៈ សំណង់គ្រឹះស្ថាន អគារនានា ហើយក្នុងរាជធានីភ្នំពេញ បានចាប់ផ្តើមមានការអភិវឌ្ឍឆ្លើយតបនឹងកំណើនប្រជាជនទីក្រុង ដែលកើនឡើងយ៉ាងឆាប់រហ័ស រហូតដល់៣.២៥% ក្នុង១ឆ្នាំៗ និង​ចំនួនប្រជាជន​ បានកើនឡើងរហូតដល់​១.៧លាននាក់ គឺប្រមាណជា៥៦% នៃប្រជាជនរាជធានី ដែលជាអ្នកចំណាកស្រុក ចូលមកសិក្សា និងធ្វើការ​។ នេះបើតាមការអះអាងរបស់លោក ឃួង ស្រេង។

ជាមួយគ្នានេះ លោកស្រី អេឡូឌី គុយអង់កា តំណាងសាលាក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង ថ្លែងថា ​ដើម្បីឆ្លើយតបនឹងស្ថានភាពនៃការអភិវឌ្ឍទីក្រុង ដែលរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងជួបប្រទះ គឺមានការងារពីរ​ត្រូវបានដាក់ឲ្យសិក្សា។ ​ទី១៖ ​ការរៀបចំផែនការអភិវឌ្ឍតំបន់ភាគខាងត្បូងក្រុងភ្នំពេញ ដែលសព្វថ្ងៃកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំង និងទី២៖ ការពង្រឹងការរំដោះ និងការគ្រប់គ្រងច្រាំងមាត់ទន្លេសាប ព្រមជាមួយ​ពង្រីកទៅភាគខាងជើង នៃ​វិថីព្រះស៊ីសុវត្ថិ។

លោកស្រី ប​ន្តថា ដើម្បីធ្វើការងារខាងលើឲ្យបានជោគជ័យ គឺមានវិធីសាស្រ្តមួយត្រូវបានស្នើឡើងជាពិសេស តាមរបៀបវាស់វែងជាក់ស្តែង ទុកជាមូលដ្ឋាន ក្នុងការកែតម្រូវឲ្យត្រូវនឹងតថភាពជាក់ស្តែងក្នុតំបន់នោះ។ វិធីសាស្រ្តនោះតម្រូវឲ្យប្រើទស្សនទានអន្តរវិស័យ និងពហុវិស័យ ដូចមានការងាររួមចម្រុះ ដែលទាមទារឲ្យគ្រប់អង្គភាពជំនាញពាក់ព័ន្ធ ត្រូវធ្វើការជាមួយគ្នា​ជាអាទិ៍ មន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ មន្ទីរនានាទីចាត់ការជំនាញ ខណ្ឌ សង្កាត់ និងរដ្ឋបាលផ្សេងៗ ទៀតរបស់រាជធានីភ្នំពេញ៕