(បន្ទាយមានជ័យ)៖ ពលករប្រុសស្រី ក្មេងចាស់ប្រមាណជិត១០០នាក់ បានមកសម្រាកក្បែច្រករបៀងខុសច្បាប់ រង់ចាំរថយន្តមេខ្យល់មកទទួលទៅធ្វើការ នៅប្រទេសថៃ ដោយខុសច្បាប់ ត្រូវបានលោក សួន បវរ អភិបាលខេត្ត សហការជាមួយកម្លាំងមន្ត្រីជំនាញ ដែលឈរជើងនៅតំបន់នោះ ទៅពិនិត្យមើលជាក់ស្តែង និងប្រមូលផ្តុំពួកគាត់ ដើម្បីធ្វើការអប់រំណែនាំ និងឲ្យទៅផ្ទះវិញ។
ហេតុការណ៍នេះដែរ លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានឲ្យសារព័ត៌មានដឹងនៅ ព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨នេះថា លោកនឹងឲ្យស្នងការខេត្តសហការជាមួយកម្លាំងវរៈព្រំដែន ដែលឈរជើងនៅតំបន់នោះ ត្រូវពិនិត្យមើលឯកសារ ធ្វើយ៉ាងណាឲ្យស្របច្បាប់ឲ្យពួកគាត់ ដែលស្ថិតនៅស្រុកម៉ាឡៃ និងស្រុកអូរជ្រៅ ដើម្បីបានទៅធ្វើការនៅប្រទេសថៃដោយស្របច្បាប់ផងដែរ។
លោកបានបន្តថា ពលករចំណាកដោយខុសច្បាប់ទៅតាមរយៈមេខ្យល់ បានសម្រុកចេញតាមច្រករបៀងខុសច្បាប់ (ដើមអំពិល) ដែលគ្រប់គ្រងដោយកម្លាំងយោធាតំបន់ប្រតិបត្តការស្រុកម៉ាឡៃ ពលករចំណាកស្រុក កំពុងដេកតាមព្រៃចំការប្រមាណជិត១០០នាក់ ដែលរង់ចាំរថយន្តមេខ្យល់ថៃមកទទួល ដើម្បីពេលយប់ចេញទៅរកការងារធ្វើ នៅទីក្រុងបាងកក ប្រទេសថៃ។
លោកបានលើកឡើងទៀតថា តាមតំបន់ណាដែលលួចបើកច្រករបៀងខុសច្បាប់ មិនគោរពតាមបទបញ្ជាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋ មន្ត្រីក្រសួងមហាផ្ទៃ ដែលបានដាក់វិធានការដល់អាជ្ញាធរខេត្ត ក៏ដូចជាកងកម្លាំងដែលឈរជើងតាមបន្ទាត់ព្រំដែន ចូលលុបបំបាត់ច្រករបៀងល្មើសច្បាប់ បើមានលួចបើកអាណាធិបតេយ្យតំបន់ណាតំបន់នោះ ទទួលខុសត្រូវចំពោះមុខច្បាប់។
ជាក់ស្តែងបន្ទាប់ពីបុណ្យចូលឆ្នាំថ្មីមក ពលករចំណាកស្រុកខុសច្បាប់សម្រុកចេញ តាមច្រករបៀងខុសច្បាប់ នឹងកំពុងដេករង់ចាំរថយន្តមេខ្យល់ថៃ មកទទួលយកទៅធ្វើការដែលសកម្មភាពនេះ បានកើតឡើងកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ ស្ថិតច្រករបៀងខុសច្បាប់ (ដើមអំពិល) ស្រុកម៉ាឡៃ និងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ៕ ។
សូមបញ្ជាក់ផងដែរ ថាខេត្តបន្ទាយមានជ័យមានព្រំដែនកម្ពុជា-ថៃ ប្រវែងជាង១៥៣គីឡូម៉ែត្រ ហើយមានជាប់ ក្រុងមួយ និងស្រុក៥ ដែលក្នុងនោះរួមមាន៖ ១.ស្រុកម៉ាឡៃ ២.ស្រុកអូរជ្រៅ ៣.ស្រុកថ្មពួក ៤.ស្រុកស្វាយចេក និងទី៥.ក្រុងប៉ោយប៉ែត។ តែបើតាមរបាយការណ៍អភិបាលខេត្តបន្ទាយមានជ័យចាស់ ច្រករបៀងខុសច្បាប់ក្នុងខេត្តបន្ទាយមានជ័យមានចំនួន៦៣កន្លែងផងដែរ៕