(ត្បូងឃ្មុំ)៖ ឆ្លើយតបចំពោះសេចក្តីអំពាវនាវរបស់សម្ព័ន្ធយុវជនមុស្លិមកម្ពុជាថ្នាក់កណ្តាល និងខេត្តត្បូងឃ្មុំ គណៈអ៊ីម៉ាំខេត្ត និងគណៈគ្រប់គ្រងគ្រូខ្មែរឥស្លាម ខេត្តត្បូងឃ្មុំ ក្រុមការងារគណៈអ៊ីម៉ាំខេត្ត និងយុវជនបានចុះសួរសុខទុក្ខ ព្រមទាំងបាននាំយកអំណោយសង្រ្គោះបន្ទាន់ ជូនជនរងគ្រោះដោយអគ្គីភ័យ ចំនួន០៦គ្រួសារ នៅភូមិទួលថ្មី ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ពិធីនោះក៏មានការចូលរួមពី លោក កេង ប៊ុនណា អភិបាលស្រុកត្បូងឃ្មុំ, លោក ម៉ូត យូសុះ អ៊ីម៉ាំខេត្ត និងជាប្រធានក្រុមការងារ ស.ស.យ.ក ឥស្លាមខេត្តត្បូងឃ្មុំ, លោក ម៉ាត់ ហ្គោហ្វូត ប្រធានសម្ព័ន្ធយុវជនមុស្លិមខេត្តត្បូងឃ្មុំ, លោក នី ស៊ុល អ៊ីម៉ាំស្រុកត្បូងឃ្មុំ និងលោក យ៉ា ម៉ាត់ អ៊ីម៉ាំស្រុកពញាក្រែក និងមន្ដ្រីជាក់ព័ន្ធផ្សេងទៀតផងដែរ។
អំណោយដែលបានផ្តល់ជូនជនរងគ្រោះខាងលើ ក្នុងមួយគ្រួសារទទួលបាន ថវិកា ២,៧៥០,០០០រៀល, អង្ករ៥០គីឡូក្រាម, ទឹកសុទ្ធ ១ធុង (២០លីត្រ), មីកញ្ចប់១កេស, កញ្ចប់អាហារ១កញ្ចប់ និងសម្លៀកបំពាក់មួយចំនួន សរុបជាថវិកាអស់១៧,៦២៥,០០០រៀល។
ថវិកាទាំងអស់នេះ ទទួលបានពីការចូលរួមបរិច្ចាកពី គ្រូបង្រៀនខ្មែរឥស្លាមទូទាំងខេត្តត្បូងឃ្មុំ, សមាជិក ស.ស.យ.ក ឥស្លាមខេត្តត្បូងឃ្មុំ, សម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្តត្បូងឃ្មុំ និងកំពង់ចាម, សាសនិកឥស្លាមទូទាំងខេត្តត្បូងឃ្មុំ, សម្ព័ន្ធយុវជនមុស្លិមកម្ពុជាថ្នាក់កណ្តាល។
តំណាងថ្នាក់ដឹកនាំឥស្លាម លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨នេះ ក្នុងនាមថ្នាក់ដឹកនាំឥស្លាម និងក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមចូលរួមរំលែកទុក្ខចំពោះគ្រួសារជនរងគ្រោះខាងលើ ហើយលោកក៏កំពុងបន្តព្យាយាមតាមលទ្ធភាពទាំងក្នុង និងក្រៅស្រុក ដើម្បីដោះស្រាយទុក្ខលំបាករបស់គ្រួសារខាងលើ។
លោក អូស្មាន ហាស្សាន់ ក៏បានកោតសរសើរដល់ថ្នាក់ដឹកនាំ គណៈអ៊ីម៉ាំ ខេត្តត្បូងឃ្មុំ ស្រុក និងភូមិទូទាំងខេត្ត យុវជន គ្រូ ក៏ដូចជាសប្បុរសជននានា ទូទាំងប្រទេស និងក្រៅស្រុក ដែលបានស្រុះដៃគ្នា ដោះទុក្ខលំបាកដល់គ្រួសាររងគ្រខាងលើជាបន្ដបន្ទាប់។
គួរបញ្ជាក់ថា គ្រោះអគ្គិភ័យខាងលើ កើតឡើងទៅលើគ្រួសារខ្មែរឥស្លាម០៦គ្រួសារ ស្ថិតនៅភូមិទួលថ្មី ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ ដោយមូលហេតុទុសេរខ្សែរភ្លើង ហើយឆាបឆេះរាលដាលរហូតដល់ផ្ទះចំនួន០៦ខ្នង គ្មានសល់អ្វីទាំងអស់ ក្នុងនោះមាស ប្រាក់ ជាច្រើនក៏ត្រូវភ្លើងលេបត្របាក់គ្មានសល់អ្វីសោះឡើយ៕