(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឬកីឡាស៊ីហ្គេម (CAMSOC) លើកទី៣២ នាឆ្នាំ២០២៣ ក្រោយប្រកាសសុពលភាពកាលពីដើមខែកុម្ភៈ ឆ្នាំ២០១៨ នៅថ្ងៃទី២៦ ខែមេសានេះ បានរៀបចំកិច្ចប្រជុំលើកដំបូង ដើម្បីជជែកពិភាក្សាអំពីការវិវត្តន៍ និងផែនការសកម្មភាពផ្សេងៗសម្រាប់អនុវត្តក្នុងដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះជាប្រវត្តិសាស្ដ្រ នៃព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ានមួយនេះ។ កិច្ចប្រជុំត្រូវបានចាត់ទុកព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រមួយនេះ ដោយបានធ្វើឡើងក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC។
ឆ្លៀតក្នុងឱកាសនោះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាអគ្គលេខាធិការ CAMSOC បានបង្ហាញនូវផែនការសកម្មភាពមួយចំនួនធំ ដែលត្រូវបានពង្រាងសម្រាប់ជជែកពិភាក្សា និងអនុវត្តដោយចាប់ផ្ដើមពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២៣ ដែលជាឆ្នាំយុទ្ធសាស្ដ្រ ក្នុងការអភិវឌ្ឍន៍លើគ្រប់ផ្នែកពាក់ព័ន្ធ ដូចជាការបណ្ដុះបណ្ដាលធនធានមនុស្ស និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ពិសេសគឺការកំណត់ទំហំថវិកា សម្រាប់ចំណាយក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ខណៈគ្រាន់តែក្នុង ១ប្រភេទកីឡា ដែលត្រូវរៀបចំការប្រកួតក្នុងព្រឹត្តិការណ៍នេះ កម្ពុជាត្រូវចំណាយអស់ប្រមាណ ១លានដុល្លារឯណោះ។
លោកបញ្ជាក់ថា «ផែនការខ្ទង់ចំណាយសម្រាប់រៀបចំកីឡាស៊ីហ្គេម មិនទាន់សម្រេចចេញជាតួលេខទេ គឺផ្ដល់ឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើការសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ លើខ្ទង់ចំណាយណាជាន់គ្នា ចំណាយណាខ្លះមិនជាន់គ្នា ចំណាយណាមានអាទិភាព និងចំណាយណាពិតប្រាកដ ដើម្បីកំណត់ការចំណាយច្បាស់លាស់មួយ…។ ប៉ុន្ដែក្នុងផែនការមេស៊ីហ្គេម បាននិយាយហើយ គឺក្នុងអំឡុងការប្រកួតតែម្ដង គឺក្នុង១ប្រភេទកីឡា ចាយយ៉ាងតិច ១លានដុល្លារ អញ្ចឹងយើងគ្រោងដាក់៣០ ទៅ៣៥ប្រភេទកីឡា យើងត្រូវចាយខ្ទង់ពី ៣០លាន ទៅ៣៥លានដុល្លារ ដែលជាគម្រោងស្ដង់ដារ យើងយកមកពីអន្ដរជាតិ ដែលគេធ្លាប់អនុវត្តក្នុងប្រតិបត្តិការ នៃប្រភេទកីឡានីមួយៗ»។
យ៉ាងណាមិញ នេះគ្រាន់តែជាការចំណាយក្នុងការរៀបចំតាមប្រភេទកីឡានីមួយៗប៉ុណ្ណោះ មិនរាប់បញ្ចូលការចំណាយទូទៅ ដូចជាការរៀបចំពិធីបើក-បិទ ដែលត្រូវចំណាយដ៏ច្រើនជាដើមនោះទេ។ ចំពោះផែនការចំណាយនេះដែរ សម្ដេចពិជ័យសេនា ទៀ បាញ់ បានជំរុញការរៀបចំឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីអនុវត្តចំគោលដៅ និងទទួលបានលទ្ធផលល្អប្រសើរ។ លើសពីនេះ សម្ដេចក៏បានលើកទឹកចិត្តឲ្យបង្កើនការអភិវឌ្ឍន៍ធនធានមនុស្ស ទាំងមន្ដ្រីបច្ចេកទេស និងកីឡាករ-កីឡាការិនី ក៏ដូចជាការរៀបចំយន្តការសម្របសម្រួល និងវាយតម្លៃតាមរយៈកិច្ចប្រជុំ ៣ខែម្ដងឲ្យបានច្បាស់លាស់ ដើម្បីឈានទៅសម្រេចគោលដៅដណ្ដើមមេដាយមាស តាមការដាក់សន្ទស្សន៍មេដាយរបស់ NOCC កាលពីពេលថ្មីៗ។ នេះបើតាមការបន្ថែមរបស់របស់លោក វ៉ាត់ ចំរើន។
ដោយឡែកលទ្ធផលនៃកិច្ចប្រជុំលើកដំបូងរបស់ CAMSOC មួយព្រឹកមិញនៅថ្ងៃទី២៦ ខែមេសានេះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលមួយចំនួន ដែលកើតចេញពីការរួបរួមគ្នារបស់ភាគីពាក់ព័ន្ធ ស្របពេល CAMSOC មានបេសកកម្មធំៗចំនួន៣ ត្រូវអនុវត្តចាប់ពីឆ្នាំ២០១៨ រហូតដល់ក្រោយឆ្នាំ២០២៣ ទី១-បេសកកម្មមុនការប្រកួតកីឡាស៊ីហ្គេម៖ ការបណ្ដុះបណ្ដាលធនធានមនុស្សឲ្យមានសមត្ថភាពពិតប្រាកដ រៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការផ្សព្វផ្សាយជាដើម។
ទី២-បេសកកម្មអំឡុងការប្រកួត៖ រៀបចំដំណើរការប្រកួតឲ្យបានរលូន ប្រកបដោយភាពជោគជ័យ និងទី៣-បេសកកម្មក្រោយចប់ការប្រកួត៖ គឺការវាយតម្លៃការងាររៀបចំ ដោះស្រាយបញ្ហាសេសសល់ និងការរៀបចំឯកសារប្រវត្តិសាស្ដ្រក្នុងការធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកដំបូង ក៏ដូចជាពិនិត្យលទ្ធភាព ដើម្បីរៀបចំព្រឹត្តិការណ៍ថ្នាក់តំបន់ផ្សេងៗទៀត ដូចជាកីឡាអាស៊ីជាដើម៕