(ភ្នំពេញ)៖ របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨នេះ បានបញ្ជាក់ឲ្យដឹងថា នៅត្រីមាសទី១ ឆ្នាំ២០០១៨នេះ កម្ពុជាបាននាំចេញផលិតផលជ័រកៅស៊ូចំនួន ៣៩,១៤៧តោន ទទួលចំណូលជាង៥៧លានដុល្លារអាមេរិក។
អគ្គនាយកដ្ឋានកៅស៊ូ បានបញ្ជាក់ឲ្យដឹងទៀតថា ក្នុងរយៈពេលត្រីមាសទី១ ដែលគិតចាប់ពីខែមករា ដល់ខែមីនា ដើមឆ្នាំ២០១៨ ការបញ្ចេញជ័រកៅស៊ូលក់មានចំនួន ៣៩,១៤៧តោន ដែលតម្លៃជាមធ្យម១៤៥៨ដុល្លារក្នុង១តោន ដូច្នេះចំណូលដែលបានទទួលបានពីការនាំចេញជ័រកៅស៊ូមានចំនួន ៥៧,០៧៦,៣២៦ដុល្លារអាមេរិក។
ដោយឡែកសម្រាប់ខែមីនា ឆ្នាំ២០១៨ ការនាំផលិតផលជ័រកៅស៊ូដែលបានបញ្ចេញលក់មានចំនួន ១០,៤៥៣តោន ដែលតម្លៃលក់ជ័រកៅស៊ូមធ្យមប្រចាំខែមីនា គឺស្មើនឹង១,៤៥៥ដុល្លារ ក្នុងមួយតោន។
បើតាមអគ្គនាយកដ្ឋានកៅស៊ូ គិតមកដល់ពេលនេះកម្ពុជាមានផ្ទៃដីកៅស៊ូសរុបមានចំនួន ៤៣៦,៨១២ហិកតា ដែលក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន១៧១,០៦៣ហិកតា ស្មើនឹង៣៩.១៦% និងផ្ទៃដីថែទាំមានចំនួន ២៦៥,៧៤៩ហិកតា ស្មើនឹង៦០.៨៣%៕