Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ គិតត្រឹមឆ្នាំ២០១៧ វិស្វករជាង៣ពាន់នាក់ បានចុះបញ្ជីនៅគណៈវិស្វករកម្ពុជា

26-04-2018 14:54

(ភ្នំពេញ)៖ លោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ មានវិស្វករជាតិ-អន្តរជាតិចំនួន ៣,០៤៥នាក់ បានចុះបញ្ជីនៅគណៈវិស្វករកម្ពុជា។

លោកលើកឡើងយ៉ាងដូច្នេះ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៧ និងលើកទិសដៅការងារ ឆ្នាំ២០១៨ របស់គណៈវិស្វករកម្ពុជា ក្នុងអាណត្តិទី២ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងការងារ។

របាយការណ៍របស់គណៈវិស្វករកម្ពុជា បានបង្ហាញថា ពេញមួយឆ្នាំ២០១៧ គណៈវិស្វករកម្ពុជា បានទទួលចុះបញ្ជីវិស្វករចំនួន ៦១២នាក់ ក្នុងនោះវិស្វករបរទេសមានចំនួន ៨នាក់។

លោកបញ្ជាក់ទៀតថា «គិតត្រឹមថ្ងៃចុងក្រោយ នៃឆ្នាំ២០១៧ គណៈវិស្វករកម្ពុជា បានទទួលចុះបញ្ជីវិស្វករចំនួន ៣,០៤៥នាក់ ក្នុងនោះវិស្វករបរទេសមានចំនួន ១៤នាក់ ដែលក្នុងនោះរួមមាន៖ សំណង់ស៊ីវិល ៧៦% អគ្គិសនី ៧.៥% មេកានិច ៣% វិទ្យាសាស្រ្តកុំព្យូទ័រ ៣% ភូគភ្ភសាស្រ្តរ៉ែ ២% គីមីចំណីអាហារ កសិ-ឧស្សាហកម្ម ទេពកោសល្យជនបទ និងធនធានទឹក ១% និងជំនាញផ្សេងៗ ៧.៥%។

លោកបន្ថែមទៀតថា យោងតាមការសិក្សារបស់អង្គការ JICA កាលពីពេលថ្មីៗកន្លងទៅនេះ ចំនួនទាំងនេះគឺតិចតួចណាស់ បើធៀបទៅនឹងតម្រូវការនៃទីផ្សាការងារកម្ពុជា ដែលត្រូវការវិស្វករប្រមាណ ៣៥,០០០នាក់ នៅចន្លោះពីឆ្នាំ២០១៨ ដល់ ឆ្នាំ២០២០ សម្រាប់បម្រើឱ្យវិស័យឧស្សាហកម្ម កម្មន្តសាល សំណង់ កសិកម្ម សេវាកម្ម ទេសចរណ៍ និងអចលនទ្រព្យ៕