(ក្រចេះ)៖ ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅក្នុងខេត្តក្រចេះ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨នេះ បានចេញមុខទាមទារឱ្យតុលាការជួយរកយុត្តិធម៌ជូនពលរដ្ឋនៅខេត្តក្រចេះ រួមទាំងខេត្តចំនួន៣ទៀត ក្រោយទណ្ឌិត សម រង្ស៊ី មេចលនាសង្រ្គោះជាតិ លួចចុះកិច្ចព្រមព្រៀង កាត់ទឹកដីកម្ពុជាឱ្យទៅជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ា កាលពីឆ្នាំ២០១៣ កន្លងទៅ។
ការប្រតិកម្មរបស់ប្រជាពលរដ្ឋខេត្តក្រចេះនេះ បានធ្វើឡើងក្រោយរឿងកាត់ទឹកដីកម្ពុជា ទៅឱ្យជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ារបស់ លោក សម រង្ស៊ី បានផ្ទុះឡើងនៅពេល សកម្មជនប្រឆាំង ទម្លាយវីដេអូនៃចុះកិច្ចព្រមព្រៀង កាលពី៥ឆ្នាំមុន ដែលធ្វើឡើងដោយលោក សម រង្ស៊ី និង លោក កុក ស មេដឹកនាំជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ា។
លោក ច័ន្ទ ណៃ ជាមន្រ្តីសោធនិវត្តន៍ នៅខេត្តក្រចេះ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា រូបលោក និងពលរដ្ឋខេត្តក្រចេះ ដាច់ខាតត្រូវតែតវ៉ាប្រឆាំងនឹង សម រង្ស៊ី និងអតីតគណបក្សសង្រ្គោះជាតិ។ លោកមិនគាំទ្រដាច់ខាត ដែលជនក្បត់ជាតិ ហ៊ានកាត់ទឹកដីខ្មែរចំនួន៤ខេត្ត ទៅឱ្យជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ា។
លោក ច័ន្ទ ណៃ បានបន្តថា លោកហ៊ានលីកាំភ្លើងប្រឆាំងនឹងសមរង្ស៊ី តែម្តងបើសិនជា សម្តេចតេជោ ហ៊ុន សែន អនុញ្ញាត ដោយសារតែទណ្ឌិតរូបនេះ បានប្រព្រឹត្តទង្វើក្បត់ជាតិម្តងហើយម្តងទៀត។
លោកបានសំណូមពរ ឱ្យតុលាការជួយរកយុត្តិធម៌ជូនខ្មែរ ហើយកាត់ទោស លោក សម រង្ស៊ី ឱ្យជាប់គុកមួយជីវិត និងប្រឆាំងដាច់ខាត មិនឱ្យទណ្ឌិតនេះ ធ្វើនយោបាយទៀតទេ។
សូមបញ្ជាក់ថា នៅក្នុងវីដេអូបង្ហាញពីកិច្ចព្រមព្រៀងនោះ លោក សម រង្ស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលបក្សសង្គ្រោះជាតិ ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លោកនឹងកាត់ខេត្តចំនួន៤ ក្នុងនោះរួមមាន៖ ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង និងខេត្តក្រចេះ ឱ្យជនជាតិភាគតិចវៀតណាម Degar ឬម៉ុងតាញ៉ា គ្រប់គ្រងដោយស្វ័យភាព។ ជាមួយគ្នានេះ តាមរយៈកិច្ចសម្ភាសន៍ជាមួយកាសែតភ្នំពេញប៉ុស្តិ៍ លោក សម រង្ស៊ី ពុំបានខ្លាចច្បាប់នោះទេ ថែមទាំងបានសារភាពថា លោកពិតជាបានចុះហត្ថលេខាជាមួយ លោក Kok Ksor នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៣នោះ ពិតប្រាកដមែន។
ពាក់ព័ន្ធករណីនេះតំណាងអយ្យការ ក៏បានចេញដីកាកោះហៅលោក សម រង្ស៊ី ឱ្យចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះផងដែរ ខណៈដែលជនសង្ស័យ ដែលមានឈ្មោះជាទណ្ឌិត កំពុងរត់គេចពីសំណាញ់ច្បាប់នៅក្រៅប្រទេសនៅឡើយ៕