(ភ្នំពេញ)៖ លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឬស្សីកែវ តំណាងលោក ជា ពិសី អភិបាលខណ្ឌ បានចាត់វិធានការក្ដៅព្រមាន ចំពោះម្ចាស់យានដ្ឋានជួសជុលតម្លើងរថយន្ដគ្រប់ប្រភេទ ឫអាជីវករក្ដី ប្រហែលជាអាចប្រឈមការបិទអាជីវកម្មចោលមិនខាន ដោយក្នុងជំហានដំបូង មិនស្ដាប់តាមការណែនាំរបស់អាជ្ញាធរ និងចាត់វិធានការរដ្ឋបាលតាមផ្លូវច្បាប់ ដោយមិនទទួលខុសត្រូវ លើការខូចខាតបាត់បង់ទ្រព្យសម្បត្តិឡើយ បើនៅតែបន្តបំពានរំលោភយកចំណីចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ មកដាក់តាំងលក់ដូរទំនិញ សម្ភារផ្សេងៗ ដែលធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ និងបាត់បង់ទាំងសោភ័ណ្ឌភាព រាជធានីភ្នំពេញ។
ការចាត់វិធានការក្ដៅយ៉ាងដូច្នេះ របស់លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឬស្សីកែវ ខាងលើនេះ បានធ្វើឡើងក្នុងពេលដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចម្រុះ និងមន្ត្រីពាក់ព័ន្ធ សហការជាមួយកម្លាំងជំនាញ នៃការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីរៀបចំសណ្ដាប់ធ្នាប់សាធារណៈឲ្យមានរបៀបរៀបរយ ក្នុងការរក្សាបាននូវស្ថានភាព ចិញ្ចើមផ្លូវឲ្យនៅសភាពដើមធំទូលាយ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ ចាប់ពីចំណុចកហ្ក្រែនភ្នំពេញ លើកំណាត់ផ្លូវលេខ៥៩៨ (ហៅផ្លូវជាសុផារ៉ា) ដេញមកប៉ែកខាងត្បូង រហូតដល់ចំណុចរង្វង់មូលកាមខូស៊ីធី ត្រង់ចំណុចផ្សារទំនប់ (ហៅផ្សារងិនអាន) ស្ថិតក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ។
លោក ប្រាជ្ញ សីហា បានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំដោយលោក ឃួង ស្រេង ក៏ដូចជា រដ្ឋបាលខណ្ឌឬស្សីកែវ ក្រោមការដឹកនាំពីលោក ជា ពិសី និងអាជ្ញាធរសង្កាត់ បានហាមឃាត់ដាច់ខាតមិនអនុញ្ញាតឲ្យមានរាល់ការរំលោភបំពាន ហើយបើមិនស្ដាប់តាមការណែនាំរបស់អាជ្ញាធរនោះទេ នឹងមានវិធានការរដ្ឋបាលតាមផ្លូវច្បាប់ ដោយរុះរើដកហូត មិនទទួលខុសត្រូវលើការខូចខាត ឬបាត់បង់ទ្រព្យសម្បត្តិឡើយ ពីព្រោះកន្លងមកអាជ្ញាធរ បានចេញសេចក្តីណែនាំឲ្យបញ្ឈប់ រាល់ការយកចំណីចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ ការតសំយ៉ាបផ្ទះ និងការដាក់តាំងលក់ដូរទំនិញ សម្ភារផ្សេងៗ ទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនខុសច្បាប់ ពីសំណាក់ក្រុមអាជីវ ប្រកបរបរអាជីវកម្ម នាំឲ្យកកស្ទះចរាចរណ៍ និងប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ពិសេសធ្វើឲ្យបាត់បង់ទាំងសោភ័ណ្ឌភាព រាជធានីភ្នំពេញ៕