(ភ្នំពេញ)៖ លោក អេង ឆៃអ៊ាង អតីតអនុប្រធាន អតីតគណបក្សសង្គ្រោះជាតិ បានបង្ហោះសារលើបណ្ដាញសង្គម Facebook ដោយសម្ដែងការសោកស្ដាយ និងខកចិត្តយ៉ាងខ្លាំង ចំពោះកូនប្រុសពៅ លោក គង់ គាំ ដែលបានទៅបង្កើតគណបក្សថ្មីមួយ ដើម្បីចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។
តាមរយៈ Facebook លោក អេង ឆៃអ៊ាង បានបញ្ជាក់យ៉ាងដូច្នេះថា «ចិត្តមនុស្សពិតជាមិនអាចវាស់បានមែន ដូចពាក្យចាស់លោកបានពោលថា ជម្រៅទឹកសមុទ្រ គេអាចវាស់បាន តែជម្រៅចិត្តមនុស្ស មិនអាចវាស់បានឡើយ។ យ៉ាងណាមិញ ចិត្តអ្នកនយោបាយ ក៏ដូច្នោះដែរចិត្តពីដំបូងធ្វើនយោបាយ ដើម្បីសង្គ្រោះជាតិទាំងអស់គ្នា ដល់ពេលសង្គ្រោះជាតិជួបឧបសគ្គ បានប្រែចិត្តទៅសង្គ្រោះគ្រួសារ ឬទ្រព្យសម្បត្តិវិញ»។
បើទោះបីការបង្ហោះនេះ មិនបានសំដៅឲ្យចំទៅបុគ្គលណាម្នាក់ក៏ដោយនោះ ប៉ុន្ដែអ្នកតាមដានព្រឹត្តិការណ៍នយោបាយ និងព្រឹត្តិការណ៍សង្គម អាចសន្និដ្ឋានបានយ៉ាងច្បាស់ថា លោក អេង ឆៃអ៊ាង កំពុងតែដាក់ផ្លែផ្កាឲ្យកូនប្រុសពៅរបស់លោក គង់ គាំ អតីតមន្ដ្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ជុំវិញការប្រកាសបង្កើតគណបក្សថ្មីនេះ។
សូមជម្រាបថា លោក គង់ មុនីកា បានប្រកាសបង្កើតគណបក្សនយោបាយថ្មីមួយឈ្មោះ «គណបក្សឆន្ទៈខ្មែរ» ហើយលោកចង់ឲ្យគណបក្សរបស់លោក ក្លាយទៅរូបកាយថ្មីមួយរបស់ព្រលឹង អតីតគណបក្សសង្រ្គោះជាតិ ដែលកំពុងវិលវល់រកកន្លែងចាប់កំណើត មិនទាន់ឃើញ។
ពាក់ព័ន្ធការលើកឡើងនេះ លោក គង់ មុនីកា កូនប្រុសពៅរបស់លោក គង់ គាំ បានឆ្លើយតបថា នេះគ្រាន់តែជាការយល់ឃើញដោយឡែក របស់លោក អេង ឆៃអ៊ាងម្នាក់ឯងតែប៉ុណ្ណោះ ហើយលោកក៏មិនមានអីទៅប្រតិកម្មនោះដែរ។
លោកថ្លែងយ៉ាងដូច្នេះថា «ប្រតិកម្មនានារបស់ពួកគាត់ ខ្ញុំមិនមានប្រតិកម្មអ្វីតបតនោះទេ ដោយគ្រាន់តែជាការយល់ឃើញរបស់ពួកគាត់ ប៉ុន្ដែគណបក្សឆន្ទៈខ្មែរ គឺមានបំណងដើរតួជារូបកាយថ្មី របស់អតីតគណបក្សសង្គ្រោះជាតិ»។
បើតាមលោក គង់ មុនីកា គណបក្សឆន្ទៈខ្មែរ ត្រូវបានបង្កើតឡើងដោយស្ថានិក៧រូប ក្នុងនោះក៏មានរូបលោកផងដែរ ប៉ុន្តែស្ថានិបទាំងនោះ មិនមែនជាថ្នាក់ដឹកនាំ គណបក្សសង្រ្គោះជាតិ ដែលតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយទេ ហើយលោកនឹងធ្វើជាប្រធានគណបក្សនេះ ដើម្បីចូលរួមក្នុងការបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
លោកមានសង្ឃឹមថា អ្នកគាំទ្រអតីតគណបក្សសង្រ្គោះជាតិទាំងអស់ នឹងងាកមកគាំទ្រគណបក្សថ្មីរបស់លោក បន្ទាប់ពីលេចចេញជារូបរាងនាពេលខាងមុខ៕