(កណ្ដាល)៖ នាយឧត្តមសេនីយ៍ គន់ គីម ប្រាប់អតីតយុទ្ធជនទាំងអស់ សូមចូលរួមក្នុងការអនុវត្ត គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព តាមរយៈនៃការស្ម័គ្រចិត្ត ធ្វើជាភ្នាក់ងារ ជាភ្នែកច្រមុះឲ្យប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ ដើម្បីផ្តល់ព័ត៌មានពីភាពមិនប្រក្រតីដូចជា អំពីល្បែងស៊ីសង ការចរាចរគ្រឿងញៀន ចោរកម្ម និងបទល្មើសផ្សេងៗ ក្នុងសហគមន៍ ដើម្បីឲ្យសមត្ថកិច្ច ចាត់ការបង្ក្រាបឲ្យមានប្រសិទ្ធភាព ធានាភូមិ ឃុំមានសន្តិសុខ សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា គ្រួសាររស់នៅមានសុភមង្គល។
នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានស្នើបែបនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងបំពាក់មេដាយការពារជាតិ ជូនអតីតយុទ្ធជនក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល ចំនួន៦១៥នាក់ ដែលអមដំណើរដោយនាយឧត្តមសេនីយ កិត្តិបណ្ឌិត ឌុល គឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨នេះ។
ជាមួយនឹងការនាំនូវផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកបំផុតពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនោះ នាយឧត្តមសេនីយ៍ គន់ គីម បានអំពាវនាវឲ្យអតីតយុទ្ធជនទាំងអស់ ត្រូវចេះរួបរួមសាមគ្គីគ្នា ចេះគោរពស្រឡាញ់ ជួយគ្នាទៅវិញទៅមក ដូចក្នុងមហាគ្រួសារតែមួយ។
ទន្ទឹមនោះត្រូវជឿជាក់ស្មោះស្ម័គ្រ គាំទ្រការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ហើយប្តេជ្ញាការពារឲ្យបានគង់វង្ស មរតកសន្តិភាព ដែលបានមកពីការលះបង់ដ៏ធំធេងរបស់បងប្អូន ក្រោមនយោបាយឈ្នះ ឈ្នះ។
សូមបញ្ជាក់ថា អតីតយុទ្ធជនទូទាំង១១ក្រុងស្រុក នៃខេត្តកណ្តាល ដែលត្រូវទទួលបានមេដាយការពារជាតិមានចំនួន៤,៣៤៨នាក់។ មកដល់ពេលនេះ បើគិតទាំងស្រុកកៀនស្វាយផង សមាគមបានប្រារព្ធពិធីបំពាក់ បាន១០ក្រុងស្រុកហើយ។
ជាមួយគ្នានេះ លោក ស្រី មាន អាយុ៥៨ឆ្នាំ រស់នៅភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ អតីតប្រធាន ខ វរសេនាតូចលេខ៤ កងពល១៧៩ ដែលពិការជើងម្ខាងដោយសារមីន នៅសមរភូមិបរឡានប៉ៃលិន បាននិយាយទាំងញញឹមញញែមថា រូបគាត់មានក្តីរំភើបខ្លាំងណាស់ ដោយបានទទួលមេដាយ ប្រាក់ការពារជាតិនាពេលនេះ ហើយក៏មានចិត្តត្រេកអរមែនទែន ដោយបានជួប និងបានស្តាប់ នាយឧត្តមសេនីយ៍ គន់ គីម និយាយ។ «យើងខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ប្រធាន ដែលបានចាត់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម មកសួរសុខទុក្ខ និងបំពាក់គ្រឿងឥស្សរិយយស ការពារជាតិដល់យើងខ្ញុំ»៕