(ភ្នំពេញ)៖ កងពលតូចអន្ដរាគមន៍លេខ១ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨នេះ ប្រកាសថ្កោលទោសយ៉ាងខ្លាំងៗ ចំពោះការយករូបលោកឧត្តមសេនីយ៍ឯក ព្រហ្ម ផេង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១ និងទាហានចំណុះកងពល ទៅក្លែងបន្លំបង្កើតគណនី Facebook ហើយធ្វើការបំផុស ដើម្បីញុះញង់ ឲ្យមានការបែកបាក់ជាតិ ប្រឆាំងរដ្ឋាភិបាល។
ការប្រតិកម្មរបស់កងពលតូចអន្ដរាគមន៍លេខ១ បានធ្វើឡើងបន្ទាប់ពីមានជនអនាមិកមួយចំនួន ដែលគេសង្ស័យថា មានសេណារីយោច្បាស់លាស់ បានក្លែងបន្លំធ្វើជាគណនី Facebook របស់កងទ័ព (ក្នុងនោះមានមេបញ្ជាការកងពល និងទាហានរបស់កងពល) តាមរយៈការលួចយករូបកងទ័ពទៅប្រើប្រាស់ ហើយនិយាយវាយប្រហារលើរដ្ឋាភិបាល និងគាំទ្រដល់ចលនាសង្រ្គោះជាតិ ដែលបង្កើតឡើងដោយទណ្ឌិត សម រង្ស៊ី។
លោកឧត្តមសេនីយ៍ឯក ព្រហ្ម ផេង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការលាបពណ៌មកលើកងយោធពលខេមរភូមិនេះ គឺជាអំពើថោកទាប និងដ៏សែនល្ងង់ខ្លៅរបស់ក្រុមក្បត់ជាតិ ដែលបានប្រកាសធ្វើសកម្មភាពមកលើកងទ័ព ក្នុងចេតនាបំផ្លាញដល់ភាពសុខសាន្តរបស់ប្រជាពលរដ្ឋកម្ពុជា ដែលជ្រកក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់»។
លោកមេបញ្ជាការ ក៏បានអំពាវនាវដល់ស្ថាប័នមានសមត្ថកិច្ច ឲ្យស្រាវជ្រាវស្វែងរកចាប់ខ្លួនក្រុមជនដែលបន្លំ Facebook របស់កងទ័ព យកមកផ្តន្ទាទោសតាមច្បាប់ឲ្យបានធ្ងន់ធ្ងរបំផុត ព្រោះកងយោធពលខេមរភូមិន្ទ មានការស្មោះត្រង់ និងការពារដាច់ខាតចំពោះរាជរដ្ឋាភិបាលស្របច្បាប់ សម្តេចតេជោ ហ៊ុន សែន ដែលបានខិតខំស្វែងរកសន្តិភាពជូនកម្ពុជាយ៉ាងលំបាក ហើយមិនឲ្យជនក្បត់ជាតិ បានសម្រេចបំណងបំផ្លិចបំផ្លាញសន្តិភាព នេះឡើយ។
ពាក់ព័ន្ធបញ្ហានេះ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ ក៏បានចេញមុខថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះការក្លែងបន្លំ Facebook របស់កងទ័ព ហើយធ្វើការបំផុសដើម្បីញុះញង់ ឲ្យមានការបែកបាក់ជាតិ ប្រឆាំងរដ្ឋាភិបាលនេះផងដែរ ហើយក៏បានអំពាវនាវដល់ស្ថាប័នមានសមត្ថកិច្ច ឲ្យស្រាវជ្រាវស្វែងរកចាប់ខ្លួនក្រុមជនដែលបន្លំ Facebook របស់កងទ័ព យកមកផ្តន្ទាទោសតាមច្បាប់ ឲ្យបានធ្ងន់ធ្ងរបំផុត។
សូមបញ្ជាក់ថា កាលពីចុងខែមករា ឆ្នាំ២០១៨ កន្លងទៅ ក្នុងពេលប្រកាសចេញនូវចលនាសង្រ្គោះជាតិ នៅសហរដ្ឋអាមេរិក ទណ្ឌិត សម រង្ស៊ី ក៏បានប្រកាសធ្វើចលនាទៅលើកងទ័ព ដើម្បីប្រឆាំងរដ្ឋាភិបាលកម្ពុជា។ ក្រោយការប្រកាសបែបនេះ ក៏មានសកម្មភាពក្លែងបន្លំ Facebook កងទ័ព ហើយវាយប្រហារលើរដ្ឋាភិបាលជាបន្តបន្ទាប់។ ទោះជាយ៉ាងនេះក្តី នាពេលកន្លងទៅ ក្រោយមានប្រកាសបែបនេះ កងទ័ពទាំងអស់ ក៏បានចេញមុខថ្កោលទោសលោក សម រង្ស៊ី ផងដែរ៕