(ជប៉ុន)៖ នាវេលាម៉ោង១០ព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅសភាជប៉ុន លោកបណ្ឌិត ហ៊ុន ម៉ាណែត បានចូលជួបពិភាក្សាការងារជាមួយក្រុមសមាជិកអន្តរសភាមិត្តភាពជប៉ុន IC Parliamentary Friendship Group ដែលដឹកនាំដោយលោក ហ៊្វូជីតា យូគីហ៊ីសា Yukihisa Fujita នាយកគណៈកម្មការកិច្ចការបរទេស និងការពារជាតិ និងលោក ស៊ីនហ្កូ មីយ៉ាកិ Shingo Miyake ប្រធានគណៈកម្មការកិច្ចការបរទេស និងការពារជាតិ។
ក្នុងកិច្ចពិភាក្សានេះ លោកបណ្ឌិតបានបង្ហាញជូនភាគីសភាជប៉ុន អំពីស្ថានភាពពិតប្រាកដនៃបញ្ហានានាដែលកើតមានកន្លងមកនៅកម្ពុជា ដែលផ្ទុយពីការលើកឡើងរបស់ក្រុមប្រឆាំងដែលបានបំភ្លៃពីការពិត លើបញ្ហាទាំងនោះនាពេលកន្លងមក។
ការអនុវត្តច្បាប់ដើម្បីធានានូវស្ថេរភាព សន្តិសុខសណ្តាប់ធ្នាប់សង្គម គឺជាកត្តាសំខាន់បំផុតក្នុងការធានារក្សានូវសន្តិភាព និងការអភិវឌ្ឍន៍ដែលប្រជាពលរដ្ឋខ្មែរចង់បាន ហើយក៏ជាកត្តាចំបាច់ក្នុងការធានាឲ្យ ប្រជាធិបតេយ្យនៅកម្ពុជាប្រព្រឹត្តស្របតាមគោលការណ៏នៃសង្គមនីតិរដ្ឋ។ ហេតុនេះកម្ពុជានៅតែបេ្តជ្ញាចិត្តប្រកាន់យកការអនុវត្តលទ្ធិប្រជាធិបតេយ្យ ដោយឈរលើគោលការណ៏នីតិរដ្ឋប្រជាធិបតេយ្យ។
តាមរយៈការពន្យល់នេះ បានធ្វើឲ្យក្រុមសមាជិកអន្តរសភាជប៉ុន យល់កាន់តែច្បាស់អំពីស្ថានភាពប្រជាធិបតេយ្យពិតប្រាកដ នៅកម្ពុជានាពេលបច្ចុប្បន្ន៕