(ភ្នំពេញ)៖ នៅក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នៅព្រឹកនេះ ភាគីវៀតណាម បានបង្ហាញការប្ដេជ្ញាចិត្តចែករំលែកបទពិសោធន៍ អំពីការរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំសភាអាស៊ី-ប៉ាស៊ីហ្វិក ជូនដល់កម្ពុជា សំដៅធ្វើយ៉ាងណា ឲ្យកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះនៅឆ្នាំក្រោយ ទទួលបានភាពជោគជ័យ។
ការបង្ហាញការប្តេជ្ញាចិត្តរបស់វៀតណាម បានធ្វើឡើងក្នុងជំនួបរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស្រី ថុង ធិហ្វ៊ុង (Tong Thi Phong) សមាជិកការិយាល័យនយោបាយ និងជាអនុប្រធានអចិន្ត្រៃយ៍ទី១ នៃរដ្ឋសភាប្រទេសវៀតណាម នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨នេះ។
បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានប្រាប់ឲ្យដឹងថា នៅក្នុងជំនួបនេះ លោកស្រី ថុង ធិហ្វ៊ុង បានសម្តែងការអបអរសាទរ ជូនចំពោះសម្ដេច ជូននូវរាល់សកម្មភាពទាំងឡាយ ដែលកម្ពុជាទទួលបាន នូវការអភិវឌ្ឍយ៉ាងខ្លាំង លើវិស័យសេដ្ឋកិច្ច និងវិស័យនយោបាយ ហើយទទួលបាននូវស្ថិរភាពនយោបាយល្អ ជាពិសេសនៅក្នុងឆាកអន្តរជាតិតែម្តង។
ជាមួយគ្នានេះ លោកស្រី បានជម្រាបជូន សម្ដេចអំពីដំណើរទស្សនកិច្ច របស់លោកស្រីនៅកម្ពុជា កន្លងមក បានជួបពិភាក្សា ជាមួយអនុប្រធានសភាកម្ពុជា និងសម្ដេចប្រធានរដ្ឋសភា និងបានជម្រាបជូនថា ដំណើរទស្សនកិច្ចនេះគឺ មានគោលបំណងទី១.ពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្តិការ រវាងសភានិងសភា និងទី២.គឺដើម្បី ផ្ទេរតំណែងជាម្ចាស់ផ្ទះ ប្រធានកិច្ចប្រជុំសភាអាស៊ីប៉ាស៊ីហ្វិច ជូនដល់កម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះបន្តពីវៀតណាម សម្រាប់កិច្ចប្រជុំលើកទី២៧ ដែលបានធ្វើឡើង កាលពីម្សិលមិញនេះ។
ជាការឆ្លើយតប សម្ដេចតេជោ បានថ្លែងអំណរគុណ ចំពោះការអបអរសាទរ របស់វៀតណាម លើសមិទ្ធផលរបស់កម្ពុជាកន្លងមក ដោយសម្ដេចបញ្ជាក់ថា រាល់សមិទ្ធផលទាំងនេះ មិនអាចកាត់ផ្ដាច់បានអំពីជំនួយរបស់វៀតណាម ជួយដល់កម្ពុជានោះទេ ជាពិសេស ជំនួយក្នុងការផ្ដួលរំលំ របបប្រល័យពូជសាសន៍ប៉ុលពត ឆ្នាំ១៩៧៩កន្លងមក។
ជាមួយនេះ សម្ដេចក៏បានអរគុណផងដែរ ចំពោះការប្ដេជ្ញាចិត្តរបស់លោកស្រី ក្នុងការផ្ដល់ និងជួយចែករំលែកបទពិសោធន៍ សម្រាប់កិច្ចប្រជុំសភាអាស៊ីប៉ាស៊ីហ្វិក ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាឆ្នាំក្រោយនេះ។ សម្តេចក៏បានស្នើសុំឲ្យ សភាវៀតណាមនិងសភាកម្ពុជា បន្តសហប្រតិបត្តិការគ្នា ធ្វើយ៉ាងណា កិច្ចប្រជុំនាឆ្នាំក្រោយ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ទទួលបានជោគជ័យ។
សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ម្សិលមិញនេះ រដ្ឋសភាវៀតណាម បានប្រគល់តំណែង ប្រធានវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) ជូនកម្ពុជាហើយ។
ការប្រគល់តំណែងនេះ ធ្វើឡើងនៅវិមានរដ្ឋសភា ធ្វើឡើងនៅវិមានរដ្ឋសភា ដែលភាគីកម្ពុជាតំណាងដោយល សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងឯភាគីវៀតណាម លោកស្រី Tong Thi Phonge តំណាងដោយលោស្រី Nguyen Thi Kim Ngan ប្រធានរដ្ឋសភាវៀតណាម៕