(ភ្នំពេញ)៖ ក្រោយមានការអនុញ្ញាតពី នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨នេះ នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបន្ដវគ្គបំប៉នជំនាញ ភ្នាក់ងារសន្ដិសុខឯកជន លើកទី៣ ដោយមានសិក្ខាកាមជិត២០០នាក់ មកពីក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន និងសហគ្រឹះស្ថានដែលប្រើប្រាស់ សន្ដិសុខឯកជន។
លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងថា វិស័យសន្ដិសុខឯកជន គឺជាវិស័យដ៏សំខាន់មួយ ដែលត្រូវចូលរួមចំណែកយ៉ាងសកម្ម ក្នុងការថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ ទ្រព្យសម្បត្តិ សុវត្ថិភាព អាយុជីវិត ជូនប្រជាពលរដ្ឋអ្នកវិនិយោគ ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ។
បើតាមលោកឧត្តមសេនីយ៍ លឹម សុខារស្មី បច្ចុប្បន្នភ្នាក់ងារសន្ដិសុខឯកជន នៅមិនទាន់មានសមត្ថភាពវិជ្ជាជីវៈ និងក្រមសីលធម៌ច្បាស់លាស់នៅឡើយទេ ទើបនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានផ្ដួចផ្ដើមគំនិតរៀបចំវគ្គបំប៉នជំនាញ ដ៏មានសារៈសំខាន់នេះឡើង ក្នុងគោលបំណងពង្រឹងសមត្ថភាព ភ្នាក់ងារសន្ដិសុខឯកជន ឲ្យកាន់តែល្អប្រសើរឡើង សំដៅធ្វើឲ្យមានប្រសិទ្ធិភាពខ្ពស់ ក្នុងកិច្ចការពារសន្ដិសុខសង្គមជូនប្រជាពលរដ្ឋ។
លោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋាន បានគូសបញ្ជាក់ថា ភ្នាក់ងារសន្ដិសុខឯកជន ពុំមែនមានតួនាទីត្រឹមតែជាអ្នកការពារទ្រព្យសម្បត្តិឯកជន ឬសហគ្រឹះស្ថាននានាប៉ុណ្ណោះទេ តែក៏ជាអ្នកការពារទ្រព្យសម្បត្តិសាធារណៈ សន្ដិសុខសង្គម និងអាយុជីវិតរបស់ប្រជាពលរដ្ឋផងដែរ ជាពិសេសមានតួនាទី ជាកម្លាំងជំនួយដល់អាជ្ញាធរមានសមត្ថកិច្ច ដោយត្រូវរាយការណ៍ភ្លាមដល់អាជ្ញាធរមូលដ្ឋាន ប្រសិនបើឃើញនូវសកម្មភាពល្មើសច្បាប់ណាមួយ។
លោកសង្ឃឹមថា វគ្គបំប៉នជំនាញ ភ្នាក់ងារសន្ដិសុខឯកជន លើកទី៣នេះ សិក្ខាកាមទាំងអស់នឹងខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ត្រងត្រាប់ស្ដាប់វាឃ្មិនពន្យល់ ហើយក្រេបយកចំណេះដឹងទាំងនេះទៅបំពេញតួនាទីរបស់ខ្លួន ក្នុងផ្លូវវិជ្ជាមានប្រកបដោយប្រសិទ្ធិភាពខ្ពស់ ដើម្បីការពារផលប្រយោជន៍ឯកជន សាធារណៈ និងសង្គមជាតិទាំងមូល៕