(ព្រះវិហារ)៖ ដើម្បីថែរក្សាគុណភាពផ្លូវថ្នល់ឲ្យប្រើប្រាស់បានយូរអង្វែង ក្រៅពីការជួសជុលថែទាំនោះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ តែងតែចាត់មន្ត្រីជំនាញ ចុះសហការជាមួយកម្លាំងចម្រុះ ចុះត្រួតពិនិត្យរថយន្តដឹកជញ្ជូន តាមដងផ្លូវនានាជាប្រចាំ ដោយមិនមានការធ្វេសប្រហែសឡើយ។

ជាក់ស្តែងនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ មន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានធ្វើកាត់ទ្រុងរថយន្ត២គ្រឿងផងដែរ ដោយសារកែច្នៃខុសលក្ខណៈបច្ចេកទេស។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨នេះថា «កាលពីម្សិលមិញ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានសម្រេចកាត់ទ្រុងរថយន្ត២គ្រឿងទៀត បន្ទាប់ពីយើងត្រួតពិនិត្យឃើញថា កែច្នៃខុសលក្ខណៈបច្ចេកទេស ខុសពីច្បាប់ដែលបានអនុញ្ញាត ហើយរថយន្តប្រភេទ អស់នេះហើយ គឺជាមូលហេតុដែលបង្កឲ្យផ្លូវថ្នល់របស់យើងឆាប់ខូចខាតនោះ ដូច្នេះដើម្បីការពារផ្លូវថ្នល់របស់យើងឲ្យប្រើប្រាស់បានយូរអង្វែងនោះ ផ្អែកតាមភារកិច្ចជាក់ស្តែង ក៏ដូចជា ការណែនាំរបស់លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានអនុគណៈកម្មការ សុវត្ថិភាពចរាចរណ៍ផ្លូវគោគខេត្ត ជំនាញមន្ទីរសាធរណការ និងដឹកជញ្ជូនខេត្ត បានសហការជាមួយនគរបាលចរាចរណ៍ ជាមួយមន្ត្រីអាវុធហត្ថ បានចុះត្រួតពិនិត្យរថយន្តដឹកជញ្ជូន តាមដងផ្លូវនានាក្នុងខេត្ត និងតាមបណ្តាលស្រុកទៀតផង ក្នុងគោលបំណងឲ្យម្ចាស់រថយន្តគាត់ មានការភ្ញាក់រលឹកកុំកែច្នៃខុសលក្ខណៈបច្ចេកទេស និងដឹកជញ្ជូនលើសទម្ងន់»

លោក សំ លាងទ្រី បានឲ្យដឹងទៀតថា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ក្រុមការងារត្រួតពិនិត្យរថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្តព្រះវិហារ បានធ្វើការត្រួតពិនិត្យរថយន្តចំនួន៣១គ្រឿង ក្នុងនោះ៖

*ពិនិត្យឃើញថា ត្រឹមត្រូវចំនួន១២គ្រឿង
*កាត់ទ្រុងរថយន្ត២គ្រឿងនៅនិងកន្លែង
*ដឹកសំពីងសំពោង១១គ្រឿង
*ដោះរានតខាងក្រោយ៣គ្រឿង
*ខ្វះឯកសារ១គ្រឿង
*ត្រៀមរក្សាកាត់២គ្រឿងទៀតផងដែរ។

ជាមួយគ្នានេះផងដែរ លោក សំ លាងទ្រី ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍បានគ្រប់ៗគ្នា ពិសេស គឺមិនត្រូវកែច្នៃរថយន្តខុសលក្ខណៈបច្ចេកទេស និងមិនត្រូវដឹកជញ្ជូនលើសទម្ងន់ជាដាច់ខាត៕