(ភ្នំពេញ)៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងសាទរចំពោះកិច្ចសហប្រតិបត្តិការ រវាងសភាវៀតណាម និងសភាកម្ពុជា ដែលតែងតែបង្កើននូវចំណងសាមគ្គីភាព យ៉ាងស្អិតរមួតពិសេស ក្នុងក្របខណ្ឌនៃស្ថាប័ននីតិប្បញ្ញត្តិ។
ថ្លែងបែបនេះខណៈលោកស្រី បានថ្លែងនៅក្នុងពិធីជួបសំណេះសំណាល និងលៀងសាយភោជន៍នារាត្រីថ្ងៃពុធ១១កើត ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ នៅសណ្ឋាគារសូហ្វីតែល។
គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោកស្រី តុង ធី ហ្វុង សមាជិកាការិយាល័យនយោបាយបក្សកុម្មុនីស្តវៀតណាម និងជាអនុប្រធានអចិន្រ្តៃយ៍ រដ្ឋសភាវៀតណាម ព្រមទាំងសមាជិក សមាជិកាគណៈប្រតិភូជាន់ខ្ពស់ របស់ប្រទេសវៀតណាម។ ក្នុងឪកាសដ៏ស្និទស្នាលនោះ លោកស្រីតុងធីហ្វុង បានថ្លែងនូវការស្វាគមន៍ និងគាំទ្រចំពោះកិច្ចសហប្រតិបត្តិការរវាងសភាកម្ពុជា និងសភាវៀតណាម។ លោកស្រីសន្យាបង្កើនចំណងសាមគ្គីភាព រវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរថែមទៀត លើគ្រប់វិស័យពិសេសស្ថាប័ន្តនីតិបញ្ញត្តិតែម្ដង។
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងនូវក្តីសោមនស្សរីករាយ និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកស្រី តុង ធី ហ្វុង ព្រមទាំងសមាជិកគណៈប្រតិភូទាំងអស់ ដែលបានអញ្ជើញចូលរួម ក្នុងពិធីលៀងសាយភោជន៍នាពេលនេះ។
លោកស្រីថា «ក្នុងនាមរដ្ឋសភា និងជួសមុខឱ្យសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោកស្រី និងសមាជិកគណៈប្រតិភូ ដែលបានអញ្ជើញមកចូលរួមធ្វើពិធីប្រគល់ទង់ និងផ្ទេរតំណែងប្រធានវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (អេ-ភី-ភី-អេហ្វ) លើកទី២៧ ជូនរដ្ឋសភាកម្ពុជា កាលពីរសៀលថ្ងៃនេះ ប្រកបដោយអត្ថន័យជ្រាលជ្រៅជាទីបំផុត»។
លោកស្រីក៏សូមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផល ដ៏ត្រចះត្រចង់ដែលរដ្ឋសភាវៀតណាម សម្រេចបាន ក្នុងអាណត្តិ ជាប្រធាន អេ-ភី-ភី-អេហ្វ លើកទី២៦ កាលពីដើមឆ្នាំ២០១៨ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការថែរក្សា និងលើកកម្ពស់សុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍក្នុងតំបន់។ ដំណើរទស្សនកិច្ចជាមិត្តភាព និងផ្លូវការរបស់លោកស្រី នាពេលនេះ បានរួមចំណែកពង្រឹងចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងប្រទេសយើងទាំងពីរ ឱ្យកាន់តែរឹងមាំ និងស្ថិតស្ថេរ ជាពិសេស ក្នុងក្របខណ្ឌ នៃស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសយើងទាំងពីរ ឲ្យកាន់តែជិតស្និត និងរឹងមាំថែមទៀត។
សមិទ្ធិផលដ៏ថ្លៃថ្លា ដែលប្រទេសយើងទាំងពីរ សម្រេចបាននាពេលកន្លងមកក្រោមកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យប្រកបដោយភាពជិតស្និទ្ធ ស្មោះត្រង់ និងគោរពគ្នាទៅវិញទៅមក ទាំងក្នុងក្របខណ្ឌជាតិតំបន់ និងអន្តរជាតិ ជាពិសេសការកសាង និងប្រែក្លាយព្រំដែន នៃប្រទេសយើងទាំងពីរ ទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៌ ដែលបាននាំមកវិបុលភាព សុខមាល និងភាពសំបូររុងរឿង ជូនប្រជាពលរដ្ឋនៃប្រទេសយើងទាំងពីរ៕