(ភ្នំពេញ)៖ ជាទូទៅសង្កេតឃើញថា ទូរទស្សន៍ CTN តែងតែសម្រឹតសម្រាំង រៀបចំកម្មវិធីកម្សាន្តសប្បាយរីករាយ ដើម្បីបម្រើអារម្មណ៍ទស្សនិកជន ហើយនៅក្នុងពេលឆាប់ៗខាងមុខនេះ កម្មវិធីមួយដែលមានឈ្មោះថា «ពីរគ្រួសារ» ដែលជាកម្មវិធីពីមុន និងចាប់ផ្តើមបង្ហាញរូបរាងជាថ្មី ប្លែក កំប្លែងសើចសប្បាយ នៅដើមខែ មិថុនា ខាងមុខនេះហើយ។
លោកសុវណ្ណ រិទ្ធី ហៅលោកតាវ៉ិចទ័រ បានថ្លែងបញ្ជាក់ថា ដោយសារបញ្ហាស្ពុនស័រ ទើបកម្មវិធី «ពីរគ្រួសារ»ត្រូវបានបិទចោល ដោយលោកមិនដែលរំពឹងថានឹងបានលេចឡើងជាថ្មីនោះទេ ដោយសារតែភាពជាក់ស្ដែងគឺកម្មវិធីរបស់CTN តែបិទចោលហើយ កម្រនឹងរស់ឡើងវិញ។ នៅពេលដែលកម្មវិធីនេះ ត្រូវបានចាប់ផ្តើមថតឡើងវិញលោកសម្ដែងការភ្ញាក់ផ្អើល ដែលកម្មវិធីនេះត្រូវបានថ្នាក់លើ បញ្ជាអោយដំណើរការវិញ ដោយអះអាងថាឈុតឆាករបស់កម្មវិធី ដែលបានបង្ហោះនៅលើយូធូប មានការទស្សនាច្រើនលានដង ដែលមិនខុសពីកម្មវិធីនេះផ្ទុះខ្លាំង។
លោកបន្តថា ការដំណើរការលើកនេះ កុងត្រា៦ខែសម្រាប់ជំហានដំបូង ដោយមានន័យថា បើមានការគាំទ្រពីក្រុមស្ពុនស័រ និងបន្តដំណើរការដោយគ្មានកំណត់ ប៉ុន្តែមានបញ្ហានឹងចាំមើលជាក់ស្ដែង។ យ៉ាងណាមិញ លោកថានឹងខំផលិតសាច់រឿង និងឈុតឆាកអោយកាន់តែល្អ និងប្លែកភ្នែក ដើម្បីជាសារអប់រំផង ដោយមិនគ្រាន់តែអោយដើម្បីជាការកម្សាន្តប៉ុណ្ណោះទេ។ កម្មវិធី «ពីរគ្រួសារ» គឺជាកម្មវិធីដែលមានខ្លឹមសារប្រកបអត្ថន័យខ្លាំងបំផុត សម្រាប់អ្នករស់នៅភ្នំពេញ ជាពិសេសអ្នកជាប់ផ្ទះគ្នាដែលតែងតែកើតទំនាស់ដាក់គ្នា ដោយលោកពេញចិត្តបំផុតព្រោះតែកម្មវិធីនេះមានខ្លឹមសារអប់រំល្អ។
លោកថាកម្មវិធីនេះ ចង់បង្ហាញពីបញ្ហាដែលបានកើតឡើងដោយសារតែខ្វះការយោគយល់របស់គ្រួសារជិតគ្នា ដោយរួមមានទំនាស់លើព្រំដី ទំនាស់មុខរបរ ទំនាស់ចិញ្ចើមផ្លូវ និងទំនាស់កើតពីការច្រណែនដាក់គ្នាជាដើម ដែលលោកនិយាយថាអ្នករស់នៅជាប់ផ្ទះគ្នា ឬរស់នៅក្នុងភូមិជាមួយគ្នា មិនគួរនឹងមានទំនាស់បែបនេះទាល់តែសោះ ក្នុងនាមជាមនុស្សលើផែនដីតែម្ដង។
តាមគម្រោងកម្មវិធីនេះនឹង ចាក់ផ្សាយនៅរៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង៧កន្លះ ដល់ម៉ោង៨កន្លះយប់ ខណៈដែលតារាសម្ដែង តារាចម្រៀង និងតារាក្រៅក្រុមផ្សេងទៀត ក៏ត្រូវជ្រើសអោយមកសម្ដែងដើម្បីពង្រីកសាច់រឿងផងដែរ៕