(កណ្ដាល)​៖ យុវជនម្នាក់ដោយសារតែតណ្ហាឡើងដល់​កម្រិត ​លបលួចឡើងលើផ្ទះគេ ទៅចាប់រំលោភ​​កូនស្រីគេ តែត្រូវនាងរើបម្រាស់​ ស្រែក​ឱ្យ​ឪពុក​ម្តាយជួយ រួចប្តឹងនគរបាលឃាត់ខ្លួនចាត់ការទៅតាមផ្លូវច្បាប់។

មន្រ្តី​តុលាការ​ថ្លែង​ថា​ យុវជន​ល្មោភ​តណ្ហា​រូបនេះ​ ត្រូវ​បាន​លោក ​គឹម​ រ័ត្ន​ណារិន​ អនុប្រធាន​សាលា​ដំបូង​ខេត្ត​កណ្ដាល​ និង​ជា​ចៅក្រម​ស៊ើបសួរ​ នៅល្ងាច​ថ្ងៃ​ទី​២៥​ ខែ​មេសា​ ឆ្នាំ​២០១៨​ សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ ក្រោម​ការ​ចោទប្រកាន់​ពីបទ​«ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ»​ តាម​មាត្រា​២៧ និង​មាត្រា​២៣៩ នៃ​ក្រម​ព្រហ្មទណ្ឌ​។

ហេតុការណ៍នេះ បានកើតឡើងនាយប់រំលងអធ្រាត្រ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះ នៅចំណុចផ្ទះ ជនរងគ្រោះភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង។

មន្ដ្រីនគរបាលឱ្យ​ដឹង​ថា នារីរងគ្រោះ ឈ្មោះ ហ ហ ស អាយុ១៩ឆ្នាំ មានមុខរបរកម្មករ រស់នៅក្នុងបន្ទុកឪពុកម្តាយ ផ្ទះកើតហេតុ។ ចំណែកជនសង្ស័យឈ្មោះ ធួន សារ៉ាយ ហៅម៉ៅប្រុស អាយុ៣០ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅក្នុងភូមិឃុំ កើតហេតុនិងមានទីលំនៅ ភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ។

នគរបាលបន្តថា មុនពេលកើតហេតុ ជនរងគ្រោះចូលដេកម្នាក់ឯងនៅលើផ្ទះ ។ ចំណែកជនសង្ស័យបានទ្បើងទៅផ្ទះ របស់ជនរងគ្រោះ ឃើញជនរងគ្រោះកំពុង ដេកក្នុងមុងម្នាក់ឯង ក៏ប៉ើងជើងមុងចូល រួចចាប់ច្របាច់ក និងខ្ទប់មាត់ថើបថ្ពាល់ ។ ជនរងគ្រោះ បាន​រើបម្រាស់និងខាំដៃជនសង្ស័យ ហើយស្រែកឱ្យឪពុកម្តាយជួយ ពេលនោះឪពុកម្តាយ ឮក៏ឡើងទៅ ឃើញជនសង្ស័យនៅក្នុងមុងកូនស្រី។

មន្ត្រី​ដដែលរូបនេះ បានបន្ថែមទៀតថា លុះដល់ម៉ោង០២៖១៧នាទី ថ្ងៃ២៥ ខែមេសា ឆ្នាំ២០១៨ ឪពុកបាន​ទូរស័ព្ទ​មកប្តឹង នគរបាលប៉ុស្តិ៍ព្រែកគយ ពេលនោះសមត្ថកិច្ច នគរបាលប៉ុស្តិ៍ព្រែកគយ សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលស្រុក បានឃាត់ខ្លួនជនសង្ស័យ យកមកអធិការដ្ឋានដើម្បីបន្ត​នីតិវិធី​តែម្ដង​៕