(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បើកកិច្ចប្រជុំគណៈកម្មការពិគ្រោះយោបល់ ជាមួយតំណាងស្ថានទូតជប៉ុនប្រចាំ នៅប្រទេសកម្ពុជា និងតំណាងទីភ្នាក់ងារប្រព័ន្ធកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុន JICS និងប្រារព្ធពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្រោមកម្មវិធីផ្តល់ជំនួយរបស់ប្រទេសជប៉ុន ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
កិច្ចប្រជុំដែលបានធ្វើនៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព លោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងមន្ដ្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានគយជាច្រើនរូបទៀតផងដែរ។
ការចុះកិច្ចព្រមព្រៀងនេះ ដោយយោងលើលិខិតប្ដូរសារ និងកំណត់ហេតុ នៃការពិភាក្សា ស្ដីពីការផ្ដល់ហិរញ្ញប្បទានរបស់រដ្ឋាភិបាលជប៉ុន មកកាន់រដ្ឋាភិបាលកម្ពុជា នូវទឹកប្រាក់ចំនួន៥០០លានយេន (ជិត៤.៦លានដុល្លារ) ដើម្បីផ្តល់នាវាល្បាតគយចំនួនពីរគ្រឿង ដែលចុះហត្ថលេខាដោយ ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និងលោក តារ៉ូ កូណូ រដ្ឋមន្រ្តីការបរទេសជប៉ុន នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
គម្រោងជំនួយនេះ មិនត្រឹមតែផ្តល់នាវាល្បាតចំនួនពីរគ្រឿង ដែលនឹងត្រូវបំពាក់នូវប្រព័ន្ធ និងឧបករណ៍ទំនើបចាំបាច់មួយចំនួនប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវ វគ្គបណ្តុះបណ្តាលជំនាញ ជូនមន្រ្តីគយ នៃការិយាល័យនាវាចរគយ ដើម្បីពង្រឹងសមត្ថភាព និងប្រសិទ្ធភាព នៃប្រតិបត្តិការគយជើងទឹក ក្នុងការបង្ការ និងបង្ក្រាប ប្រឆាំងទប់ស្កាត់បទលើ្មសគយតាមដែនសមុទ្រ ដែលជាផ្នែកសំខាន់មួយ នៃផែនការយុទ្ធសាស្រ្ត និងកម្មវិធីការងារកំណែទម្រង់ និងទំនើបកម្ម របស់រដ្ឋបាលគយកម្ពុជា។
បើគ្មានអ្វីប្រែប្រួលនោះទេ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងគ្រោងរៀបចំពិធីទទួលនាវាល្បាតទាំងពីរគ្រឿងនេះ នាចុងខែតុលា ឆ្នាំ២០១៨ខាងមុខនេះ៕