(ភ្នំពេញ)៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងបញ្ជាក់ថា ត្រីមាសដំបូង នៃឆ្នាំ២០១៨ អគ្គនាយកដ្ឋានពន្ធដារ ប្រមូនបានពន្ធ-អាករបានជាង ៧៦១លានដុល្លារ។
ទិន្នន័យថវិកាប្រមូលចំណូលពន្ធនេះ ត្រូវបានបង្ហាញកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមីនា និងប្រចាំត្រីមាសទី១ ឆ្នាំ២០១៨ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត ឆ្នាំ២០១៨ របស់អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
លោក គង់ វិបុល បានលើកឡើងថា ក្នុងខែមីនា ឆ្នាំ២០១៨ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលប្រមូលបានតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ មានចំនួន ១ ៧៨៦.០៩ពាន់លានរៀល (ប្រមាណ ៤៤៦.៥២លានដុល្លារ) និងបានធ្វើបែបបទបង់ចូលថវិកាជាតិបានចំនួន ៨៩៧.១៧ពាន់លានរៀល (ប្រមាណ ២២៤.២៩លានដុល្លារ) ស្មើនឹង ១១.៦៦% នៃផែនការច្បាប់ ក្នុងនោះថវិកាថ្នាក់ជាតិចំនួន ៧៩២.៦១ពាន់លានរៀល (ប្រមាណ ១៩៨.១៥លានដុល្លារ) ស្មើនឹង ៨៨.៣៤% និងថវិកាថ្នាក់ក្រោមជាតិចំនួន ១០៣.៦៧ពាន់លានរៀល (ប្រមាណ ២៥.៩១លានដុល្លារ) ស្មើនឹង ១១.៥៥% ប្រសិនបើប្រៀបធៀបទៅនឹងខែមីនា ឆ្នាំ២០១៧ ការប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ មានការកើនឡើងចំនួន ១១៧.៩២ពាន់លានរៀល (ប្រមាណ ៣០.៧៧លានដុល្លារ) ពោលគឺកើនឡើង ៧.០៧%។
លោកថ្លែងបន្តថា «ក្នុងត្រីមាសទី១ ឆ្នាំ២០១៨ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលប្រមូលបានមានចំនួន ៣ ០៤៦.៤៤ពាន់លានរៀល (ប្រមាណ ៧៦១.៦១លានដុល្លារ) ប្រមាណ ៣៩.៦% នៃផែនការកំណត់ដោយច្បាប់ ប្រសិនបើប្រៀបធៀបនឹងត្រីមាសទី១ ឆ្នាំ២០១៧ ឃើញថាការប្រមូលពន្ធ-អាករគ្រប់ប្រភេទ ក្នុងត្រីមាសទី១ ឆ្នាំ២០១៨ កើនឡើង ២៦៨.៨៤ពាន់លានរៀល (ប្រមាណ ៦៧.២១លានដុល្លារ)»។
ជាមួយគ្នានឹងវឌ្ឍនភាពនេះ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានផ្តល់អនុសាសន៍ណែនាំបន្ថែមដល់អគ្គនាយកដ្ឋានពន្ធដារ៖
ទី១៖ បន្តពង្រឹងការគ្រប់គ្រងប្រមូលពន្ធ និងអាករនានាឱ្យប្រសើរឡើងថែមទៀត ជាពិសេសអាករលើតម្លៃបន្ថែម។
ទី២៖ បន្តពង្រឹងអាករពិសេស តាមរយៈពង្រឹងកិច្ចសហការរវាងអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ធានាបាននូវរក្សាបាននូវតុល្យភាព និងការប្រកួតប្រជែងដោយស្មើរភាព នៃសហគ្រាសនាំចូល និងសហគ្រាសផលិតក្នុងស្រុក។
ទី៣៖ បន្តពង្រឹងនិងធ្វើឱ្យប្រសើរឡើងថែមទៀត ចំពោះយន្តការនៃការងារសវនកម្មសហគ្រាស។
ទី៤៖ គាំទ្រចំពោះយន្តការនៃអនុវត្តប្រព័ន្ធតាមដានឯកសារ (Document Tracking)។
លោកណ្ឌិតសភាចារ្យ ក៏បានណែនាំបន្ថែមដល់គ្រប់អង្គភាពឲ្យបន្តខិតខំពង្រឹងការអនុវត្តច្បាប់ វិន័យការងារ និងត្រូវមានភាពទន់ភ្លន់តែម៉ឺងម៉ាត់ ដោយផ្អែកទិដ្ឋភាពច្បាប់ ក្នុងការឆ្លើយតបទៅកាន់អ្នកជាប់ពន្ធ ឲ្យអ្នកជាប់ពន្ធរីករាយទទួលយក និងស្ម័គ្រចិត្តបង់ពន្ធគ្រប់ៗគ្នា៕