(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំច សំរិទ្ធស័ក្ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី២៥ ខែមេសា គ.ស ២០១៨ បានអនុញ្ញាតឲ្យលោក Zhuang Yizhong នាយកក្រុមហ៊ុន China Top Fruit Co., Ltd និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាលើការនាំផ្លែស្វាយចេញពីកម្ពុជាទៅកាន់ប្រទេសចិន។
Facebook ផ្លូវការរបស់លោក វេង សាខុន បានចុះផ្សាយថា ការពិភាក្សាបានផ្តោតជាចំបងទៅលើ៖
១៖ ភាគីទាំងពីរបានយល់ដឹងច្បាស់អំពីការខិតខំរួមគ្នាក្នុងការអនុវត្តគោលនយោបាយខ្សែក្រវ៉ាត់ និងផ្លូវ របស់លោក ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងជាពិសេសលទ្ធផលនៃជំនួបថ្នាក់ដឹកនាំទាំងពីរ កម្ពុជា ចិននៅទីក្រុងភ្នំពេញ កាលពីចុងឆ្នាំ២០១៧ កន្លងទៅ ។ ភាគីក្រុមហ៊ុនបានទទួលស្គាល់ពីគុណភាពផ្លែស្វាយរបស់កម្ពុជា និងសេចក្តីត្រូវការទីផ្សាររបស់ប្រទេសចិន។
២៖ ការពិនិត្យទៅលើការបង្វែរការនាំចូលស្វាយពីកម្ពុជាដោយឆ្លងកាត់ប្រទេសវៀតណាមទៅកាន់ប្រទេសចិន មកការធ្វើការចូលទៅកាន់ប្រទេសចិនត្រង់ពីកម្ពុជា តាមរយៈកំពុងផែក្រុងព្រះសីហនុ ទៅកាន់ប្រទេសចិននាពេលអនាគត់ ដែលភាគីក្រុមហ៊ុនបានពិនិត្យនិងវាយតម្លៃកន្លងមកបានឲ្យដឹងថា អាចមានតម្លៃថោកជាង ៥ ដង ពី៥០០ ដុល្លារអាមេរិក/តោន មក១០០ដុល្លារអាមេរិក/តោន ដែលអាចឈានទៅបង្កើនតម្លៃដើមដល់កសិករកម្ពុជានាពេលខាងមុខ។
៣៖ ការពិនិត្យនិងវាយតម្លៃលើការជ្រើសរើសទីតាំង និងការកសាងហេដ្ឋារចនាសម្ព័ន្ធ រោងចក្រសម្លាប់មេរោគវេចខ្ចប់ ឃ្លាំងត្រជាក់ និងមធ្យោបាយនាំចេញ ស្របតាមវិធាន និងស្តង់ប្រទេសចិន ជាមួយនឹងលទ្ធភាពនៃការនាំចេញផ្លែស្វាយពីកម្ពុជាទៅកាន់ប្រទេសចិន ក្នុងរយៈពេល៥ឆ្នាំខាងមុខ ក្នុងកម្រិតប្រមាណជា ៥០០០០០ តោន/ឆ្នាំ។
៤៖ ការពិនិត្យមើលរួមគ្នា ទៅលើនីតិវិធីនៃការបង្កើនល្បឿនការចរចារក្នុងការនាំផ្លែស្វាយចេញពីកម្ពុជាទៅកាន់ប្រទេសចិន ជាមួយអគ្គនាយដ្ឋានរដ្ឋបាល ត្រួតពិនិត្យនិងចត្តាឡីស័កចិន។ តាមការជូនដំណឹងរបស់ភាគីក្រុមហ៊ុនបានឲ្យដឹងថា គឺតាមទម្លាប់ធម្មតា អគ្គនាយដ្ឋានរដ្ឋបាល ត្រួតពិនិត្យ និងចត្តាឡីស័កចិនត្រូវការពេលវេលាពីមួយឆ្នាំទៅបីឆ្នាំឯណោះ មុនការចុះពិធីសារ ដែលយើងមិនអាចរង់បានទេ។
៥៖ ការពិនិត្យមើលពីនីតិវិធីនៃការសម្រួលបែបបទ នៃការធ្វើកិច្ចសន្យាជាមួយកសិករក្នុងការប្រមូលទិញ ការនាំចេញ និងការដឹកជញ្ជូនទៅកាន់ប្រទេសចិន។
ក្រោយពីបានពិភាក្សាគ្នាយ៉ាងស្វិតស្វាញមក ភាគីទាំងពីបានសន្យា និងឯកភាពគ្នា ឈានទៅដល់ការចុះអនុស្សានៈនៃការយោគយល់គ្នានៅថ្ងៃរសៀលចុងសប្តាហ៍ ដើម្បីបើកផ្លូវឲ្យក្រុមហ៊ុនអាចឈានទៅដល់ការអនុវត្តន៍ការងារជំហានបន្តបន្ទាប់ទៀត៕