(សៀមរាប)៖ ក្នុងន័យលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា និងសហព័ន្ធបរិយាប័ន្នហិរញ្ញវត្ថុ (AFI) បានរៀបចំកិច្ចប្រជុំក្រុមការងារ ស្ដីពី ក្រុមការងាររៀបចំយុទ្ធសាស្រ្ដបរិយាប័ន្នហិរញ្ញវត្ថុ (FISPLG) និងក្រុមកាងាររៀបចំបទដ្ឋាន សម្រាប់បរិយាប័ន្នហិរញ្ញវត្ថុ (GSP) មួយនៅក្នុងខេត្តសៀមរៀប។
កិច្ចប្រជុំនេះធ្វើឡើង ដើម្បីរៀបចំគោលនយោបាយនានា ពាក់ព័ន្ធនឹងការលើកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ ជាពិសេសការលើកកម្ពស់ ប្រជាពលរដ្ឋដែលរស់នៅ តាមជនបទអាចមានលទ្ធភាពទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុជាផ្លូវការ។
លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងឲ្យដឹងនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ថា ការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ ជាពិសេសការជំរុញឲ្យប្រជាពលរដ្ឋ តាមជនបទអាចទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការនេះ បានរួមចំណែកយ៉ាងច្រើន ដល់ការជំរុញកំណើនសេដ្ឋកិច្ច និងពង្រឹងស្ថិរភាពហិរញ្ញវត្ថុ។
លោកបញ្ជាក់ថា បើតាមរយៈលទ្ធផលនៃការអង្កេតស្រាវជ្រាវរបស់ FinScope កាលពីឆ្នាំ២០១៥ បានបង្ហាញថា៥៩% នៃចំនួនប្រជាពលរដ្ឋពេញវ័យសរុបមានលទ្ធភាព និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ចំណែកឯ១២%ទៀតបានប្រើប្រាស់សេវាហិរញ្ញវត្ថុមិនផ្លូវការ និង២៩%ទៀតពុំទាន់ បានប្រើប្រាស់សេវាហិរញ្ញវត្ថុនៅឡើយទេ។
លោកបញ្ជាក់ទៀតថា បច្ចុប្បន្ននេះបច្ចេកវិទ្យាហិរញ្ញវត្ថុ មានការរីកចម្រើនយ៉ាងខ្លាំង និងមានតួនាទីសំខាន់ ក្នុងការលើកម្ពស់ការទទួលបាន និងការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ប្រកបដោយគុណភាព និងតម្លៃសមស្រប់ ហើយប្រជាពលរដ្ឋ ដែលប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ក៏បានទទួលការគាំទ្រត្រឹមត្រូវតាមច្បាប់។
សូមបញ្ជាក់ថា AFI ជាស្ថាប័នអន្ដរជាតិមិនស្វែងរកប្រាក់ចំណេញ និងមានបេសកកម្មផ្ដោតសំខាន់លើការរៀបចំគោលនយោបាយ និងក្របខណ្ឌបទបញ្ញត្តិពាក់ព័ន្ធ នឹងបរិយាប័ន្នហិរញ្ញវត្ថុ៕