(ភ្នំពេញ)៖ ដើម្បីផ្ដល់ភាពងាយស្រួល ដល់មាតាបិតាសិស្ស និងអាណាព្យាបាលក្នុងការបង់ថ្លៃសិក្សារបស់កូន, NTC Group ដែលមាន សាលារៀនសុវណ្ណភូមិ សាលារៀនប្រ៊ីជតុន និងសាលាញូវតុនធីឡាយ ដែលជាសាលាស្តង់ដាថ្នាក់ជាតិ និងសាលាស្តង់ដាថ្នាក់អន្តរជាតិ មានសាលាអន្តរជាតិអាមេរិកាំងប៉ាស៊ីហ្វិក និងសាលាអន្តរជាតិអ៊ិសវ៉េស ព្រមទាំងមជ្ឈមណ្ឌលបណ្តុះ បណ្តាល អ៊ិន ធី ស៊ី ដែលផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈគ្រូបង្រៀន ជាភាសាអង់គ្លេស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្នុងការសហការអាជីវកម្ម លើសេវាកម្មថ្លៃសិក្សា ជាមួយក្រុមហ៊ុនផ្ទេរប្រាក់ True money។
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្នុងការសហការអាជីវកម្មលើសេវាកម្មថ្លៃសិក្សា រវាង NTC Group និងក្រុមហ៊ុនផ្ទេរប្រាក់ True money ធ្វើឡើងនារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះ ដោយមានការចូលរួមពីលោក គង់ មាន អគ្គនាយកក្រុមហ៊ុន True money លោកឧកញ៉ា ជា ធីឡាយ អគ្គនាយកនៃសាលា NTC Group រួមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ។
លោកឧកញ៉ា ជា ធីឡាយ បានឲ្យដឹងថា សេវាកម្មបង់ប្រាក់នេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយសម្របសម្រួលទៅ ដល់អាណាព្យាបាលសិស្សទាំងអស់ ក្នុងការទូទាត់បង់ថ្លៃសិក្សាដោយឥតគិតថ្លៃសេវា តាមរយៈភ្នាក់ងារ True money ប្រមាណ៥ពាន់កន្លែង នៅទូទាំង២៥ខេត្ត-រាជធានីក្នុងកម្ពុជា ដែលនេះគឺជាការផ្តល់ជូនជម្រើសដ៍ពិសេសថ្មីមួយ ដល់អាណាព្យាបាលរបស់ស្ថាប័នអប់រំ NTC Group ដែលភាគច្រើនមានការមមាញឹកនឹងអាជីវកម្ម ហើយមិនមានពេលវេលាគ្រប់គ្រាន់ ក្នុងការមកបង់ប្រាក់ដោយផ្ទាល់ ព្រោះមានលំនៅដ្ឋាននៅឆ្ងាយពីការិយាល័យសាលា ឬមានធុរៈធ្វើដំណើរទៅឆ្ងាយមិនអាចធ្វើការបង់ប្រាក់បាន។
លោកឧកញ៉ាបានបន្ដទៀតថា «ខ្ញុំជឿជាក់ និងសង្ឃឹមយ៉ាងមុតមាំថា សេវាបង់ថ្លៃសិក្សានេះនឹងផ្តល់អត្ថប្រយោជន៍ និងជាជម្រើសដ៏ត្រឹមត្រូវដល់ អាណាព្យាបាលសិស្សទាំងអស់ក្នុងការទូទាត់ បង់ថ្លៃសិក្សា ដោយឥតគិតថ្លៃសេវា ហើយថែមទាំងមាន ដំណើរការងាយស្រួល ចំណេញពេលវេលា ថវិកា និងសុវត្ថិភាព ដែលពួកគាត់អាចធ្វើប្រតិបត្តិការតាមរយៈភ្នាក់ងាររបស់ True money ទោះបីជាថ្ងៃឈប់សម្រាកក៏ដោយ»។
លោក គង់ មាន អគ្គនាយកក្រុមហ៊ុន True money បានថ្លែងឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុន True money មានភ្នាក់ងារប្រមាណជា៦ពាន់ និង អតិថិជនសរុបជាង១លាននាក់ នៅទូទាំង២៥ខេត្ត/ក្រុង ក្នុងប្រទេសកម្ពុជា ហើយក្រុមហ៊ុននៅតែបន្តពង្រីកភ្នាក់ងារឱ្យកាន់តែច្រើនដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន True money ក៏ដូចជាអតិថិជនរបស់ក្រុមហ៊ុនដែលជាដៃគូសហការរបស់ក្រុមហ៊ុន True money ផងដែរ។
លោកបានបញ្ជាក់ទៀតថា «សម្រាប់ថ្ងៃនេះផងដែរក្រុមហ៊ុន True money បានកំពុងចុះហត្ថលេខា ក្នុងការក្លាយជាដៃគូសហការជាមួយស្ថាប័នអប់រំ NTC Group ដែលជាស្ថាប័នអប់រំដ៏ល្បីមួយ ក្នុងប្រទេសកម្ពុជា ហើយអ្វីដែលសំខាន់ក្នុងការសហការរវាងក្រុមហ៊ុនទាំងពីរនេះ គឺដើម្បីផ្ដល់ភាពងាយស្រួល ចំណេញពេលវេលា និង ជួយកាត់បន្ថយចំនាយយ៉ាងច្រើន ដល់មាតាបិតាសិស្ស ឬ អាណាព្យាបាលសិស្ស នៃស្ថាប័នអប់រំ NTC Group ទាំងអស់ដោយអាចបង់ថ្លៃសិក្សា ដោយឥតគិតថ្លៃ តាមរយៈភ្នាក់ងាររបស់True money»៕