(ត្បូងឃ្មុំ)៖ ក្នុងពិធីបិទការប្រកួតកីឡាមហាជន ជម្រើសជើងឯកថ្នាក់ខេត្តឆ្នាំ២០១៨ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ នៅទីលានបាល់ទាត់វិទ្យាល័យ សម្តេចតេជោ ហ៊ុនសែនសួងម្សិលមិញនេះ លោក ជាម ច័ន្ទសោភ័ណ អភិបាលរងខេត្តត្បូងឃ្មុំ បានលើកឡើងថា «គ្រប់ការប្រកួតកីឡា ចាញ់ឈ្នះជារឿងធម្មតា តែអ្វីដែលសំខាន់គឺសុខភាព សាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ របស់យុវជនយើង»។
ក្នុងឳកាសនោះ លោក ជាម ច័ន្ទសោភ័ណ បានណែនាំដល់សិស្សានុសិស្សទាំងអស់ នាំគ្នាលេងកីឡាឲ្យបានគ្រប់ៗគ្នា ដើម្បីទទួលបាននូវសុខភាពល្អ ទំនាក់ទំនងល្អ មានមេត្រីភាព និងមានសាមគ្គីភាព មិត្តភាព។ លោកបានបន្តថា ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀននាំឲ្យមានគ្រោះថ្នាក់ដល់សុខភាព បោះបង់ការសិក្សាកើតមានអំពើហិង្សា លួច ឆក់ ប្លន់ ដែលបង្កឲ្យមានអសន្តិសុខដល់សង្គម និងធ្វើឲ្យបាត់បង់នូវកម្លាំង ធនធានមនុស្សក្នុងការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងបណ្តាលឲ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចជាតិទៀតផង។
លោក ការ វចនា អនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តត្បូងឃ្មុំ បានឲ្យដឹងដែរថា ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះ ជាលទ្ធផលបច្ចេកទេសមាន៖
* ផ្នែកបាលទាត់(បុរស) ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមកីឡាមកពីស្រុកមេមត់, លេខ២ មកពីស្រុកពញាក្រែក, លេខ៣ មកពីក្រុងសួង និងផ្នែកបាល់ទាត់(នារី) ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមកីឡាមកពីស្រុកពញាក្រែក, លេខ២ មកពីស្រុកមេមត់ ,លេខ៣ មកពីក្រុងសួង។
* ផ្នែកបាល់ទះ(បុរស) ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមកីឡាមកពីស្រុកអូររាំងឪ, លេខ២ ក្រុមកីឡាមកពីក្រុងសួង, លេខ៣ មកពីស្រុកក្រូចឆ្មារ និងផ្នែកបាលទះ(នារី) ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមកីឡាមកពីស្រុកតំបែរ, លេខ២ មកពីស្រុកពញាក្រែក, លេខ៣ មកពីស្រុកសួង។
* ផ្នែកបាល់បោះ(បុរស) ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមកីឡាមកពីក្រុងសួង, លេខ២ មកពីស្រុកអូររាំងឪ, លេខ៣ មកពីស្រុកត្បូងឃ្មុំ និងផ្នែកបាល់បោះ(នារី) ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមកីឡាមកពីក្រុងសួង,លេខ២ មកពីស្រុកមេមត់, លេខ៣ មកពីស្រុកត្បូងឃ្មុំ។
* ផ្នែកប៉េតង់ ប៉ូល(បុរស) ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមកីឡាមកពីស្រុកអូររាំងឪ, លេខ២ មកពីក្រុងសួង, លេខ៣ មកពីស្រុកត្បូងឃ្មុំ និងផ្នែកប៉េតង់ប៉ូល(នារី) ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមកីឡាមកពីស្រុកត្បូងឃ្មុំ, លេខ២ មកពីស្រុកពញាក្រែក, លេខ៣មកពីក្រុងសួង។
* ផ្នែកអត្តពលកម្មបុរស/នារី ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមកីឡាមកពីស្រុកពញាក្រែក, លេខ២ មកពីស្រុកមេមត់, លេខ៣ មកពីស្រុកត្បូងឃ្មុំ។
លោក ការ វចនា បានឲ្យដឹងទៀតថា សម្រាប់រង្វាន់ក្នុងក្រុមជ័យលាភីនីមួយៗ ទទួលបានពានរង្វាន់១ ទង់អនុស្សារីយ៍១ សម្ភារៈកីឡា និងថវិការទៅតាមចំណាត់ថ្នាក់៕