(កណ្តាល)៖ យុវជនម្នាក់ដោយសារតែតណ្ហាឡើងដល់កំរិត លប់លួចឡើងលើផ្ទះគេ ទៅចាប់រំលោភកូនស្រីគេ តែត្រូវនាងរើបំរាស ស្រែកឲ្យឪពុក-ម្តាយជួយ រួចប្តឹងនគរបាលឲ្យឃាត់ ខ្លួនចាត់ការទៅតាមផ្លូវច្បាប់។ ហេតុការណ៍នេះ បានកើតឡើងនាយប់រំលងអធ្រាត្រ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះ នៅចំណុចផ្ទះ ជនរងគ្រោះភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។
បើតាមមន្ដ្រីនគរបាល បានឲ្យដឹងថា នារីរងគ្រោះ ឈ្មោះ ហ ហ ស អាយុ១៩ឆ្នាំ មានមុខរបរកម្មករ រស់នៅក្នុងបន្ទុកឪពុក-ម្តាយ ផ្ទះកើតហេតុខាងលើ។ ចំណែកជនសង្ស័យឈ្មោះ ធួន សារ៉ាយ ហៅម៉ៅប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាងសំណង់ ស្នាក់នៅក្នុងភូមិ-ឃុំ កើតហេតុខាងលើ និងមានទីលំនៅ ភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។
នគរបាល បានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះចូលដេកម្នាក់ឯងនៅលើផ្ទះ ចំណែកជនសង្ស័យ បានទ្បើងទៅផ្ទះ របស់ជនរងគ្រោះ ឃើញជនរងគ្រោះកំពុង ដេកក្នុងមុងម្នាក់ឯង ក៏ប៉ើងជើងមុងចូល រួចចាប់ច្របាច់ក និងខ្ទប់មាត់ថើបថ្ពាល់ ចំណែកជនរងគ្រោះ ក៏បានរើបំរះ និងខាំដៃ ជនសង្ស័យ ហើយស្រែកឲ្យឪពុក-ម្តាយជួយ ពេលនោះឪពុក-ម្តាយ លឺក៏ឡើងទៅ ឃើញជនសង្ស័យនៅក្នុងមុងកូនស្រី។
មន្ដ្រីដដែលរូបនេះ បានបន្ថែមទៀតថា លុះដល់ម៉ោង០២៖១៧នាទី ថ្ងៃ២៥ ខែមេសា ឆ្នាំ២០១៨ ឪពុកបានតេមកប្តឹង នគរបាលប៉ុស្តិ៍ព្រែកគយ ពេលនោះសមត្ថកិច្ច នគរបាលប៉ុស្តិ៍ព្រែកគយ សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលស្រុក បានឃាត់ខ្លួនជនសង្ស័យ យកមកអធិការដ្ឋានដើម្បីបន្តនិតិវិធី៕