(ព្រះវិហារ)៖ ទើបតែចេញពីពន្ធនាគារមិនបានប៉ុន្មានខែផង បន្ទាប់ពីជាប់ឃុំឃាំង នៅពន្ធនាគារអស់២ឆ្នាំ នៅខេត្តព្រះសីហនុ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះ ត្រូវបានកម្លាំងសមត្ថកិច្ច នគរបាលក្រុងព្រះវិហារ សហការជាមួយកម្លាំងនគរបាល នៃអធិការដ្ឋានស្រុកសណ្តាន់ ខេត្តកំពង់ធំ ចាប់វាយខ្នោះបន្ទាប់ពីធ្វើសកម្មភាពលួចគាស់ផ្ទះពលរដ្ឋ យកម៉ូតូបានមួយគ្រឿងរត់គេចមិនបានមួយចំណិនកំពិស ស្ថិតនៅភូមិឯកភាព សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ រួចជិះគេចខ្លួនមកខេត្តកំពង់ធំ។
លោក ឆៅ វុទ្ធា អធិការក្រុងព្រះវិហារ បានថ្លែងប្រាប់ភ្នាក់ព័ត៌មាន Fresh News ឱ្យដឹងថា ដោយផ្អែកតាមពាក្សបណ្តឹងរបស់ជនរងគ្រោះ ដែលបាននិយាយរៀបរាប់ថាមុនពេលកើតនៅយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨នេះ មានករណីចោរគាស់ផ្ទះរបស់គាត់លួចយកម៉ូតូមួយគ្រឿងបានសម្រេច។
លោក ឆៅ វុទ្ធា បានបន្តថា បន្ទាប់ពីទទួលបានពាក្សបណ្តឹងភ្លាមសមត្ថកិច្ចរបស់លោកបានសហការណ៍ជាមួយអធិការនគរបាលគ្រប់ស្រុក ក្នុងខេត្តព្រះវិហារ បានចុះធ្វើការស្រាវជ្រាវតាមចាប់ តែមិនបានប្រទះភិនភាគ ម៉ូតូដែលចោរគាស់យកទៅនោះទេ ទើបសន្និដ្ឋានថាជនសង្ស័យអាចនឹងជិះទៅខេត្តកំពង់ធំ ហើយក៏បានសុំគោលការណ៍ពន្លាតដីសហការជាមួយនគរបាលអធិការស្រុកសណ្តាន់ ធ្វើការឃាត់ខ្លួនបានជនសង្ស័យរូបនេះបាននៅថងៃទី២៥ ខែមេសានេះ រួមទាំងម៉ូតូមួយគ្រឿងហើយបញ្ជូនមកខេត្តព្រះវិហារវិញ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ក្នុងករណីចោរកម្មខ្លួនមានឈ្មោះ សែន ណាវី អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ វត្ថុតាងដកហូតបានម៉ូតូមួយគ្រឿងម៉ាកសង់សេ១២៥ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ត្រូវបានសមត្ថកិច្ចប្រគល់ជូនជនរងគ្រោះវិញ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាលកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់៕