(ពោធិ៍សាត់)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងជំរុញដល់មន្ដ្រីសុខាភិបាលទូទាំងប្រទេស ត្រូវបន្ដការខិតខំយកចិត្ដទុកដាក់ និងពង្រឹងសកម្មភាព ក្នុងការបំពេញកិច្ចការងារ ទៅលើករណីជំងឺគ្រុនចាញ់ ដើម្បីឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់ ឲ្យបានតាមផែនការកំណត់នៅឆ្នាំ២០២៥ ដែលជាគំនិតផ្តួចផ្តើម និងគាំទ្រពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។
រដ្ឋមន្ដ្រីថ្លែងបែបនេះ ក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ «ត្រៀមរួចជាស្រេច ចូលរួមលុបបំបាត់ជំងឺគ្រុនចាញ់» នៅក្នុងបរិវេណសាលាស្រុកវាលវែង ស្ថិតក្នុងភូមិភូមិប្រមោយ ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះ ដោយការអញ្ជើញចូលរួមពី លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន, លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់, ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត និងសហការី និងអ្នកចូលរួម ប្រមាណ១,៥៤១នាក់។
លោកម៉ម ប៊ុនហេង ថ្លែងបន្ដថា «យើងត្រូវបន្តការខិតខំ និងត្រូវតែយកចិត្តទុកដាក់ឲ្យបានសកម្មថែមទៀត ក្នុងការការពារដោយឲ្យមានការចែក និងប្រើប្រាស់មុងឲ្យបានត្រឹមត្រូវ ហើយប្រសិនជាមានការសង្ស័យកើតជំងឺគ្រុនចាញ់ ត្រូវប្រញាប់ស្វែងរកសេវាធ្វើតេស្តឈាម ឲ្យបានឆាប់រហ័ស នៅជិតបំផុត នៅមណ្ឌលសុខភាព និងអ្នកស្ម័គ្រចិត្តភូមិ ដើម្បីព្យាបាលជំងឺគ្រុនចាញ់» ។
លើសពីនោះ រដ្ឋមន្ដ្រី ក៏បានកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្រ្តី-បុគ្គលិកសុខាភិបាលគ្រប់ជាន់ថ្នាក់ អាជ្ញាធរខេត្ត និងដៃគូសុខាភិបាលទាំងអស់ ដែលបានជំរុញឲ្យមានការធ្លាក់ចុះយ៉ាងច្រើននូវអត្រាស្លាប់ និងឈឺបណ្តាលមកពីជំងឺគ្រុនចាញ់ ដែលចំនួនករណីអ្នកឈឺដោយគ្រុនចាញ់ ត្រូវបានកាត់បន្ថយពី៦២,៥៨០នាក់ មកនៅត្រឹម៣៦,៤៥៦នាក់ និងចំនួនអ្នកស្លាប់ បានកាត់បន្ថយពី៩៣នាក់ មកនៅត្រឹមម្នាក់គត់។
ទន្ទឹមនឹងនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានបន្ដថា រាជរដ្ឋាភិបាលតែងតែយកចិត្ដទុកដាក់ និងផ្តល់លទ្ធភាព និងការលើកទឹកចិត្តឲ្យមានចលនាកៀរគរប្រមូលប្រភពធនធាន ដើម្បីជំរុញការងារប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ឲ្យកាន់តែមានសកម្មភាពខ្លាំងក្លាថែមទៀត ឆ្ពោះទៅលុបបំបាត់ជំងឺនេះ ឲ្យសម្រេចបានតាមផែនការកំណត់ ដើម្បីលើកកម្ពស់សុខភាព គុណភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ ។
សូមជម្រាបថា ការប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ធ្វើឡើងក្នុងគោលបំណងរំលឹកទិវាពិភពលោក និងទិវាជាតិដែលបានកំណត់យកថ្ងៃទី២៥មេសា ជារៀងរាល់ឆ្នាំ ដើម្បីប្រកាសជាសាធារណៈអំពីការតាំងចិត្តខ្ពស់ របស់ភាគីពាក់ព័ន្ធក្នុងការរួមគ្នាប្រយុទ្ធនឹងជំងឺគ្រុនចាញ់ និងឈានទៅលុបំបាត់ជំងឺនេះទាំងស្រុងក្នុងឆ្នាំ២០២៥ នៅក្នុងប្រទេសកម្ពុជា។
ការប្រារព្ធពិធីព្រឹកនេះ ក៏បានដង្ហែរក្បួនអបអរសាទរ ជាមួយនឹងការតាំងបង្ហាញរួបភាព និងសម្ភារៈឧបករណ៍ជំងឺគ្រុនចាញ់ ដែលមានការចូលរួមពីគ្រប់មន្ដ្រីគ្រប់ភាគី និងសិក្សានុសិស្សផងដែរ ៕