(កណ្ដាល)៖ អតីតយុទ្ធជននៅស្រុកស្អាង ខេត្តកណ្ដាល ក្រោយបង្ហាញការឆ្អែតឆ្អន់ ជាមួយភ្លើងសង្គ្រាមកាលពីអតីតកាល បានប្ដេជ្ញាចូលរួមថែរក្សាសន្ដិភាព សន្ដិសុខ សណ្នាប់ធ្នាប់ ដាច់ខាតមិនបុគ្គល ឬក្រុមណាមកបំផ្លាញនោះទេ ហើយបានប្ដេជ្ញាបន្ដបោះឆ្នោតគាំទ្រ សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រីគ្រប់អាណត្តិ។
ថ្លែងបែបនេះ ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះ ក្នុងឱកាសនាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អមដំណើរដោយ លោក ទី សុគន្ធ អនុប្រធានទី១ គណៈពង្រឹងស្រុកស្អាង និងលោក នៃ ចារី អភិបាលរងខេត្តកណ្តាល បានអញ្ជើញចុះជួបសំណេះសំណាល និងបំពាក់មេដាយការពារជាតិ ជូនសមាជិកអតីតយុទ្ធជនចំនួន៥៥១នាក់មកពីទូទាំងស្រុក។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ គន់ គីម បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដោយសម្តេច ជាប់រវល់មមាញឹកក្នុងការងារ ហេតុនេះសម្តេចបានលោកមកជួបជំនួស ហើយលោកក៏បានកោតសសើរ ចំពោះការខិតខំបំពេញការងាររបស់ថ្នាក់ដឹកនាំសមាគម គ្រប់ថ្នាក់នៅក្នុងស្រុក ដែលបានយកចិត្តទុកដាក់គិតគូពីសុខទុក្ខ និងជីវភាពរបស់សមាជិក ព្រមទាំងបានធ្វើផ្ទះជូនអ្នកមានជីវភាពទ័លក្រ៣ខ្នង និងបានធ្វើពិធីជួបជុំនៅពេលមានពិធីផ្សេងៗ ជាច្រើនលើក ដូចជាបុណ្យជ័យជំនះ៧មករា បុណ្យឯករាជ្យជាតិ និងពិធីសំណេះសំណាលផ្សេងៗ។
នាយឧត្តមសេនីយ៍ បានជំរុញថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបន្តការខិតខំនេះបន្ថែមទៀត ជាពិសេសពេលសមាជិកមានធុរៈ ឬជំងឺត្រូវចាត់ចែងជួយឲ្យបានទាន់ពេលវេលា ពេលមានកម្មវិធីជួបប្រជុំ ឬបុណ្យជាតិ ត្រូវអញ្ជើញសមាជិកចូលផង។ ចំពោះអ្នកដែលមានជីវភាពទីទ័លក្រ លោកបានជម្រុញឲ្យសមាគមថ្នាក់ស្រុក ត្រូវចុះពិនិត្យជាក់ស្តែង ដើម្បីលើកសំណើសុំដោះស្រាយជូនឲ្យរួចមុន ខែមិថុនា ឆ្នាំ២០១៨។
ទន្ទឹមនោះ អគ្គលេខាធិការរូបនេះ បានគូសបញ្ជាក់ថា ដោយការគិតគូរខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីតបស្នងគុណបំណាច់របស់បងប្អូន ដែលបានបូជាចំពោះជាតិមាតុភូមិ ទើបថ្ងៃនេះទទួលការបំពាក់មេដាយការពារជាតិ ទៅតាមអតីតភាពម្នាក់ៗ។
ជាមួយគ្នានោះ លោកតា កាក់ នី ជាយោធិននិវត្តន៍ រស់នៅឃុំកោះខ្សាច់ទន្លា ស្រុកស្អាង និងលោក អុក ហុង ជាប៉ូលីសចូលនិវត្តន៍ រស់នៅភូមិដើមព្រីង ឃុំកោះខែល តំណាងសមាជិកក្នុងស្រុកដែលបានចូលរួមក្នុងពិធីនេះបាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ដល់ពួកគាត់លើគ្រប់វិស័យ។ ក៏ដូចជាសមាជិកនៅកន្លែងដទៃទៀត ហើយពួកគាត់ប្ដេជ្ញាថា នឹងទៅបោះឆ្នោតគ្រប់គ្នា ហើយបន្ដបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេច ហ៊ុន សែន ជាប្រធាន៕